នគរបាល​ថា បក្សប្រឆាំង​គ្រោងប្រមូលផ្ដុំអ្នក​គាំ​ទ្រ​នៅថ្ងៃប្រកាស​រំលាយ CNRP

កម្លាំងប្រដាប់អាវុធរារាំងការប្រឆាំង

មន្ត្រី​នគរបាល​ជាតិ​ បាន​អះ​អាង​ថា គណបក្ស​ប្រឆាំង​គ្រោង​ប្រមូល​ផ្ដុំ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​នៅ​សប្ដាហ៍​ក្រោយ​នេះ ចំ​ពេល​ដែល​តុលាការ​កំពូល​នឹង​សម្រេច​អំពី​ជោគ​វាសនា​របស់​គណបក្ស​មួយ​នេះ ប៉ុន្តែ មន្ត្រី​បក្ស​ប្រឆាំង​បាន​បដិសេធ​ទៅ​នឹង​ព័ត៌មាន​បែប​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ប្ដឹង​ទៅ​កាន់​តុលាការ​កំពូល​ឲ្យ​រំលាយ​ចោល ដោយ​ចោទ​ថា គណបក្ស​នេះ​បាន​ពាក់​ព័ន្ធ​នឹង​លោក កឹម សុខា ដែល​ត្រូវ​ចាប់​ខ្លួន​ដាក់​ឃុំ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ»។

ការ​សម្រេច​ថា រំលាយ ឬ​មិន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ នឹង​ត្រូវ​តុលាការ​កំពូល​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​នេះ ប៉ុន្តែ របាយការណ៍​នគរបាល​ជាតិ​ បង្ហាញ​ថា គណបក្ស​នេះ​គ្រោង​ប្រមូល​ផ្ដុំ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​ប្រកាស​សេចក្ដី​សម្រេច​នេះ។

ក្នុង​របាយកាករណ៍​ផ្ញើ​ទៅ​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក ជួន សុវណ្ណ ដែល​ជា​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​ផង​នោះ ស្នងការ​រង​នគរបាល​រាជ​ធានី​ភ្នំពេញ លោក ស៊ឹម វុទ្ធី បាន​អះ​អាង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ផែនការ​ឲ្យ​ប្រមូល​ផ្ដុំ​សកម្មជន​ឲ្យ​ចំនួន ២០០​នាក់​ឡើង​ទៅ ដើម្បី​ជួប​ជុំ​នៅ​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

ក្នុង​របាយការណ៍​ដដែល​នោះ លោក ស៊ឹម វុទ្ធី បាន​លើក​ឡើង​ថា លោក​ទទួល​បាន​ព័ត៌មាន​បែប​នេះ កាល​ពី​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​នេះ តាម​រយៈ​ភ្នាក់ងារ​នគរបាល ដែល​ត្រូវ​បាន​ហៅ​កាត់​ថា A២៣។

របាយការណ៍ភ្នាក់ងារផ្ដល់ព័ត៌មានដដែលនោះ បាន​រៀបរាប់ថា គណៈកម្មាធិការប្រតិបត្តិរាជធានី​ខេត្តរ​បស់បក្សសង្គ្រោះជាតិ​ ជាអ្នកចំណាយលើការធ្វើដំណើររបស់​អ្នក​គាំ​ទ្រ​ម្នាក់ៗ ដែល​ភ្នាក់ងារ​នគរបាល​អះ​អាង​ថា មាន​ចំនួន​ ២០​ដុល្លារ​សម្រាប់​អ្នក​គាំ​ទ្រ​ម្នាក់។

របាយការណ៍​ដដែល​នោះ បាន​អះ​អាង​ថា គណបក្ស​ប្រឆាំង​បាន​ប្រាប់​ទៅ​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ឲ្យ​បញ្ជូន​សកម្ម​ជន​របស់​ខ្លួន​មក​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​សម្រាប់​អ្នក​នៅ​ខេត្ត​ឆ្ងាយ​ពី​រាជ​ធានី​ភ្នំពេញ និង​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា សម្រាប់​អ្នក​នៅ​ជិត​រាជ​ធានី​ភ្នំពេញ។

ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​បដិសេធ​ទៅ​នឹង​របាយការណ៍​របស់​នគរបាល​ជាតិ ដោយ​ថា គណបក្ស​លោក​មិន​មាន​គម្រោង​បែប​នេះ​នោះ​ទេ។

លោក សុន ឆ័យ បាន​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​នេះ​ថា៖ «គណបក្ស​ [សង្គ្រោះ​ជាតិ] អត់​ទាន់​បាន​សម្រេច​ថា ធ្វើ​អ្វី​ផង។ ខ្ញុំ​អត់​ដឹង​សោះ​ហ្មង​បាទ! ខ្ញុំ​អ្នក​នាំ​ពាក្យ​អត់​ដឹង​ហើយ តើ​អ្នក​ណា​ធ្វើ​អី​ម៉េច​មិន​ប្រាប់​យើង​ឲ្យ​ដឹង?»។

មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ បាន​ចេញ​របាយការណ៍​បែប​នេះ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ទៅ​កម្លាំង​សន្តិសុខ ឲ្យ​បន្ថែម​កម្លាំង​ការពារ​សន្តិសុខ​បន្ថែម និង​យាម​ល្បាត​រយៈ​ពេល ៣​ថ្ងៃ ចន្លោះ​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

បើតាមការគ្រោងទុកនោះ នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ តុលាការកំពូលនឹងបើកសវនការ តាមបណ្តឹងរបស់​ក្រសួង​​មហាផ្ទៃ ដែល​ប្តឹង​សុំ​ឲ្យរំលាយគណបក្សសង្គ្រោះជាតិ បន្ទាប់​ពី​គណបក្ស​នេះ​ត្រូវ​បាន​ចោទ​ថា ចូលរួម​ជា​ប្រព័ន្ធ​ជាមួយ​ប្រធាន​បក្ស លោក កឹម សុខា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ក្រោម​ការ​ចោទ​ថា «ក្បត់​ជាតិ»។

សហគមន៍អន្តរជាតិ ជាពិសេសប្រទេសមហាអំណាចខាងលោកសេរី បានថ្កោលទោសជាបន្តបន្ទាប់ ជុំវិញការឃុំ​ខ្លួនមេបក្សប្រឆាំង និងការប៉ុនប៉ងរំលាយគណបក្សនេះ ហើយពួកគេព្រមានពីហានិភ័យនានា​នៃការដើរថយ​ក្រោយ​នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែ ភាគីរដ្ឋាភិបាល ជាញឹកញ៉ាប់ ហៅសកម្មភាពទាំងនោះ គឺគ្រាន់ជា​ការអនុវត្តច្បាប់តែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ