ក្រសួងអប់រំធ្វើយុទ្ធនាការប្រឡងប្រណាំងសាលាស្អាត

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៩ខែធ្នូ កន្លងទៅឲ្យដឹងថា ក្រសួងនឹងបើកយុទ្ធនាការចលនាប្រឡងប្រណាំងសាលាស្អាតនៅភ្នំពេញ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំឲ្យដឹងថា យុទ្ធនាការចលនាប្រឡងប្រណាំងសាលាស្អាតព្រមៗគ្នា នឹងចាប់ផ្តើមនៅទីថ្ងៃ១២ខែធ្នូនេះ នៅក្នុងសាលារៀនគោលដៅចំនួន១២ នៃខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ដោយមានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធនិងមានការគាំទ្រពីអង្គការកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ហើយសាលារៀនទាំងអស់ក្នុងរាជធានីក៏នឹងចូលរួមអនុវត្តយុទ្ធនាការសម្អាតបរិស្ថានស្របពេលជាមួយគ្នាផងដែរ។

យុទ្ធនាការប្រឡងប្រណាំងសាលាស្អាតនេះ នឹងជម្រុញឲ្យគ្រប់ស្ថាប័នអប់រំទាំងអស់នៅរាជធានីភ្នំពេញឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងភាពមានសណ្តាប់ធ្នាប់នៅក្នុងសាលារៀន ពិសេសបណ្តុះផ្នត់គំនិតសិស្សានុសិស្ស យុវជន និងបុគ្គលិកអប់រំគ្រប់រូប គ្រប់ថ្នាក់ គ្រប់ផ្នែកឲ្យមានការយល់ដឹងពីបរិស្ថាន អនាម័យ ទទួលខុសត្រូវខ្ពស់ក្នុងការស្រឡាញ់ ថែរក្សា ការពារ ជំរុញ និងផ្សព្វផ្សាយទៅកាន់សាធារណជនទាំងឡាយ ព្រមទាំងអភិវឌ្ឍខ្លួនឲ្យមានវិន័យ និងជាគំរូមួយសម្រាប់មនុស្សជំនាន់ក្រោយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។

បើតាមសេចក្តីប្រកាសព័ត៌មាន នេះគឺជាយុទ្ធនាការទ្រង់ទ្រាយធំលើកទីមួយ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ បុគ្គលិកអប់រំ លោកគ្រូអ្នក គ្រូ សិស្សានុសិស្ស មាតាបិតា គណៈកម្មការទ្រទ្រង់សាលា ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ