លោក សម រង្ស៊ី៖ នរណាកំពុងប៉ុនប៉ងបំបែក សម រង្ស៊ី ពី កឹម សុខា គឺកំពុងតែយល់សប្តិសុទ្ធសាធ

លោក​ កឹម សុខា​ និង​លោក ​សម រង្សុី ​កាន់​ដៃគ្នា​ កាលពីពេល​កន្លង​មក

ប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងនិទេសខ្លួននៅក្រៅប្រទេសលើកឡើងថា អ្នកដែលប៉ុនប៉ងបំបែករូបលោកចេញពីលោក កឹម សុខា គឺកំពុងតែយល់សប្តិសុទ្ធសាធ ខណៈលោក ហ៊ុន សែន ប្រកាសថា លោក កឹម សុខា គឺជាដៃគូសន្ទនារបស់លោកសម្រាប់កិច្ចការងារប្រទេសជាតិ។

លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១១ឆ្នាំ២០១៦នេះថា រូបលោកនិងលោក កឹម សុខា មិនចាញ់សម្លុតគេ និងមិនលក់ខ្លួនឲ្យគេនោះទេ។

លោកសរសេរថា៖ «សម រង្ស៊ី និង កឹម សុខា តំណាងឲ្យកិត្តិយសនិងសេចក្តីសង្ឃឹមរបស់ប្រជារាស្រ្តខ្មែរ។ កុលបុត្រខែ្មរទាំង២នាក់នេះបង្ហាញថា នៅមានកូនខ្មែរដ៏ឆ្នើមនិងថ្លៃថ្នូរដែលដាច់ខាតមិនចាញ់សម្លុតគេ និងមិនលក់ខ្លួនឲ្យគេ។ នរណាដែលកំពុងប៉ុនប៉ងបំបែក សម រង្ស៊ី ពី កឹម សុខា គឺកំពុងតែយល់សប្តិសុទ្ធសាធ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា គ្មានអ្នកណាប៉ុនប៉ងបំបែកបំបាក់លោក សម រង្ស៊ី និង កឹម សុខា នោះទេ។ លោកថា បើអ្នកទាំងពីរនោះបែកបាក់គ្នា គឺកើតឡើងដោយបុគ្គលខ្លួនឯងប៉ុណ្ណោះជាអ្នកធ្វើឲ្យបែកបាក់។

លោកបន្តថា ការដែលលោក សម រង្ស៊ី និទេសខ្លួននៅក្រៅប្រទេសមិនបានជួបលោក កឹម សុខា សព្វថ្ងៃនេះដោយសារលោក សម រង្ស៊ី ប្រព្រឹត្តិខុសច្បាប់។

លោកបន្តថា៖ «ចំពោះ សម រង្ស៊ី ដែលនិយាយគណបក្សគាត់បែកបាក់ ត្រូវគេបំបែកបំបាក់គាត់ គ្មាននរណាគេបំបែកបំបាក់ទេ ដូច្នេះហើយខ្ញុំយល់ឃើញថា កន្លងទៅហើយសភាពការណ៍មកដល់ បច្ចុប្បន្ននេះការចុះខ្សោយឬការបែកបាក់យ៉ាងណា មិនមែនអ្នកក្រៅមកធ្វើអ្វីគាត់ទេ គឺគាត់ធ្វើខ្លួនឯង ករណីគាត់ឃ្លាតឆ្ងាយទៅនៅក្រៅប្រទេសហ្នឹង គ្មានអ្នកណាធ្វើអីគាត់ទេ គឺគាត់ធ្វើខ្លួនឯង គាត់ប្រព្រឹត្តិល្មើសច្បាប់ខ្លួនឯង គាត់បរិហារកេរិ៍្តគេ គាត់និយាយមិនទទួលខុសត្រូវ ដល់អញ្ចឹងទៅតុលាការធ្វើតាមនីតិវិធីច្បាប់ គាត់ខ្លាចជាប់គុក គាត់រត់ខ្លួនឯង»។

កាលពីថ្ងៃទី២ ធ្នូ ឆ្នាំ២០១៦ ព្រះមហាក្សត្របានចេញព្រះរាជ្យក្រឹត្យលើកលែងទោសឲ្យលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមានការស្នើសុំពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ ក្រោយមកនៅថ្ងៃទី៧ធ្នូលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅក្នុងសភាថា លោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង ដែលទើបទទួលបានការលើកលែងទោសពីព្រះមហាក្សត្រនោះ គឺជាដៃគូសន្ទនារបស់លោកសម្រាប់កិច្ចការងារប្រទេសជាតិ ហើយត្រូវទាក់ទងគ្នាទៅវិញទៅមក។

ក្រោយពីផាត់លោក សម រង្ស៊ី ចោលហើយទៅចាប់ដៃគូជាមួយលោក កឹម សុខា នោះ ត្រូវបានអ្នកវិភាគមើលឃើញថា គណបក្សកាន់អំណាចកំពុងប្រើយុទ្ធសាស្ត្រថ្មីក្នុងការបំបែកបំបាក់មេដឹកនាំគណបក្សប្រឆាំងដែលធ្លាប់ប្រកាសថាជាដៃគូ«ស្លាប់រស់»នឹងគ្នានោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ