រដ្ឋាភិបាលអំពាវនាវឲ្យយុវជនចូលរួមការពារបរិស្ថាន ខណៈសកម្មជនបរិស្ថានខ្លះត្រូអាជ្ញាធរចាប់ដាក់គុក

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកាលពីម្សិលមិញ បានអំពាវនាវនិងជម្រុញជាថ្មីឲ្យយុវជនចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ ខណៈដែលសកម្មជនការពារបរិស្ថានមួយចំនួនត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ។

ថ្លែងក្នុងសិក្ខាសាលាស្ដីពីកិច្ចប្រជុំកំពូលយុវជនពិភពលោក Global Youth Summit កាលពីរសៀលថ្ងៃទី១២ខែមករានៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ លើកឡើងថា យុវជនគឺជាកម្លាំងស្នូល ដែលអាចជួយជម្រុញឲ្យពលរដ្ឋចូលរួមការពារបរិស្ថាននិងទប់ស្គាត់ការបំផ្លិចបំផ្លាញធនធានជាតិ។

ទោះជាយ៉ាងណា លោក សាយ សំអាល់ មិនបានបញ្ជាក់លម្អិតថា រដ្ឋាភិបាលនឹងលើកចិត្តយុវជនតាមវិធីណា ដើម្បីឲ្យពួកគេចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារបរិស្ថានឡើយ ខណៈមានលើកឡើងថា អាជ្ញាធរមូលដ្ឋាននៅតែបន្តការរំខានជាញឹកញ៉ាប់លើសកម្មជនការពារបរិស្ថាន រហូតមានសកម្មជនខ្លះ ត្រូវបានអាជ្ញាធរចាប់ដាក់គុក។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព មានប្រសាសន៍ថា ក្រសួងបរិស្ថានកំពុងធ្វើការជាមួយក្រសួងអប់រំ ក្នុងការបញ្ជៀតចំណេះដឹងនៅតាមសាលារៀន ដើម្បីឲ្យពួកគេយល់ដឹងពីសារសំខាន់នៃធនធានធម្មជាតិ ហើយលោកថាក្រសួងបរិស្ថាន តែងតែទទួលយកសកម្មភាពនានាឬមតិយោបល់ពីយុវជនក្នុងការចូលរួមកិច្ចការពារបរិស្ថាននេះ។

លោកថា៖ «យើងមិនមានគោលការណ៍រារាំងការបញ្ចេញមតិយោបល់យុវជនពាក់ព័ន្ធនឹងការពារនិងអភិរក្សធនធានធម្មជាតិទេ ទាំងការបញ្ចេញមតិ ទាំងការចូលរួម។ យើងស្វាគមន៍ ជាពិសេសក្រសួងលើកទឹកចិត្តយុវជនទាំងអស់ កាន់តែមានការស្វែងយល់ ក៏ដូចជាចូលរួមក្នុងការការពារអភិរក្ស»។

ប្រធានមូលនីធិ Hemispheres លោកស្រី Phua Ann មានប្រសាសន៍ថា ការចូលរួមរបស់យុវជនមានសារៈ ដោយយុវជនមានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហាផ្សេងៗ ជាពិសេសគឺបញ្ហាបរិស្ថាន យ៉ាងណាក៏ដោយ លោកស្រីថា សកម្មភាពចូលរួមក្នុងការបញ្ចេញមតិរបស់យុវជននៅមិនទាន់មានច្រើននៅឡើយ។

លោកស្រីថា៖ «ទោះបីជាយ៉ាងណាក៏ដោយ យើងបានរកឃើញយុវជន របស់យើងគាត់មិនទាន់មានឱកាសគ្រប់គ្រាន់ ទាក់ទងនិងការបញ្ចេមតិ  ចឹងសកម្មភាពរបស់យើងទាក់ទងហ្នឹង បញ្ហាពិភពលោកនេះ គឺជាវេទិកាមួយ ដើម្បីឲ្យយុវជន ចូលរួមនឹងចែករំលែកចំណេះដឹងរបស់គាត់ដើម្បីជាការដោះស្រាយវិបត្តិផ្សេងៗ ទាក់ទងបរិស្ថាន»។

ចំពោះនាយកប្រតិបត្តិអង្គការស្ម័គ្រចិត្តដើម្បីសង្គម លោក ប៉ែន សុមុនី មានប្រសាសន៍ថា ដើម្បីជម្រុញឲ្យយុវជនចូលការពារបរិស្ថាននោះ រដ្ឋាភិបាលត្រូវធានាពីសេរីភាពពេញលេញក្នុងការបញ្ចេញមតិរបស់ពួកគេ នៅពេលដែលពួកគេចូលរួមការពារបរិស្ថានរបស់ប្រទេសកម្ពុជា។ លោកបន្តថា ររដ្ឋាភិបាលត្រូវធានាពីសុវត្តិភាពរបស់យុវជន នៅពេលដែលពួកគេធ្វើសកម្មភាពការពារបរិស្ថាន ជាជាងមានការការគំរាមកំហែងផ្សេងៗ និងបន្តុចបង្អាក់។

លោកថា៖ «ចំណុចអស់ហ្នឹងហើយ រដ្ឋាភិបាលត្រូវមានវិធានការ ចាត់បុគ្គលណា ដែលធ្វើការគំរាមហែលដល់សកម្មភាពយុវជន ក្នុងការការពារបរិស្ថាន ហើយរដ្ឋាភិបាលខ្លួនឯងក៏មិនត្រូវសកម្មភាពទាំងឡាយណា ដែលធ្វើឲ្យយុវជនភ័យខ្លាចក្នុងការចូលរួមការពារបរិស្ថានដែរ។ […] រដ្ឋាភិបាលគួរមានយន្តកាល គាំទ្រទាំងយន្តកាលទាំងបច្ចេកទេស សម្ភារៈក៏ដូចថវិកាមួយទៅដល់ក្រុមយុវជន ដើម្បីការពារបរិស្ថានកម្ពុជា អាហ្នឹងជាផ្នែកសំខាន់ដែរ រដ្ឋាភិបាលលើកទឹកចិត្តដល់យុវជន»។

ថ្វីបើយុវជនត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់តាមរយៈការបង្កើតគោលនយោបាយ ដោយគាំទ្រសកម្មភាពនានាដើម្បីអភិវឌ្ឍន៍សង្គម ប៉ុន្តែសកម្មភាពមួយចំនួនត្រូវបានហាមឃាត់និងរារាំង ដូចជាការចូលរួមការពារបរិស្ថាននិងធនធានធម្មជាតិ និងការចូលរួមសកម្មភាពនយោបាយជាដើម។

កាលពីខែមិថុនាឆ្នាំ២០១៦ សាលាដំបូងខេត្តកោះកុងបានឃុំខ្លួនសកម្មជនចលនាមាតាធម្មជាតិ៣នាក់ អស់រយៈពេល១០ខែ ដោយចោទប្រកាន់ពីបទគំរាមកំហែងធ្វើឲ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ។ ចំណែក លោក អាឡិច ដែលសកម្មក្នុងការការពារបរិស្ថាននោះ ត្រូវបានចាប់ខ្លួននិងបណ្តេញចេញពីកម្ពុជា បន្ទាប់ពីលោកបានចូលរួមយ៉ាងសកម្មប្រឆាំងនឹងការធ្វើទំនប់វារីអគ្គិសនីតំបន់អារ៉ែង និងការបូមខ្សាច់នៅខេត្តកោះកុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ