យុវជននិងព្រះសង្ឃ២០០អង្គ/នាក់នឹងប្រជុំ​ពីផលប៉ះពាល់នៅសេសានក្រោម២​

ទំនប់​វារីអគ្គិសនី សេសានក្រោម ២​ រូបភាពពីទីស្តីការគណរដ្ឋមន្រ្តី

យុវជនមួយក្រុមនឹងជួបជុំគ្នានៅថ្ងៃស្អែកដើម្បីបង្ហាញដល់សិស្ស និស្សិត​ឲ្យបានដឹង​ពីគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម២ថា បានធ្វើប៉ះពាល់ដល់​ការរស់នៅរបស់ពលរដ្ឋជនជាតិដើមភាគតិចភាគ ឦសានរាប់ពាន់នាក់។

ក្នុងសេចក្ដីប្រកាសព័ត៌មានមួយដែលមាន៥ ទំព័របានឲ្យដឹងថាកម្មវិធីជួបជុំគ្នានេះនឹងធ្វើឡើងនៅក្នុង​សាលាអន្តរ​ទ្វីបអាមេរិកកាំងទួលគោករាជធានីភ្នំពេញ​ ម៉ោង៧ព្រឹក នាថ្ងៃទី ១៤ ខែ មករា ស្អែកនេះ ក្រោមប្រធានបទ«ព្រេងនិទាន ន្រ្ទាញ់យ៉ាំង» រឿងរ៉ាវអំពី​ដែនដីភាគឦសានខេត្តស្ទឹងត្រែង។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបានឲ្យដឹងថាកម្មវិធីនេះធ្វើឡើងដើម្បីផ្សព្វផ្សាយដល់សារធារណជនឲ្យបានដឹងពីប្រពៃណី វប្បធម៌ ទំនៀមទំលាប់ និងជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច ពូនង និង ជនជាតិ​​​ភាគតិចឡាវដែលអាស្រ័យផលពីទន្លេ និង​​ ព្រៃឈើ និង បង្ហាញពីផលប៉ះពាល់របស់វារីអគ្គិសនី​សេសាន​ក្រោម ២។

ក្នុងសេចក្ដីប្រកាសព័ត៌មានបន្ថែមដោយលើកយកការស្រាវជ្រាវមួយរបស់លោក បឺត នៅឆ្នាំ ២០០៩ ដែល​បង្ហាញ​ថាទំនប់វារីអគ្គិសនីសេសាន ២នេះបានធ្វើឲ្យរាំងខ្ទប់ចរាចរណ៍ត្រីរវាងទន្លេមេគង្គ និង ទន្លេសេសាន ដែលធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋប្រមាណ​៧៨០០០នាក់ ហើយក្នុងនោះមានភូមិ២ គឺភូមិក្បាលរមាស និង ភូមិ​ស្រែគរ ដែលពលរដ្ឋជាង១០០គ្រួសារមិនព្រមចាកចេញ ត្រូវបានលិចទឹកបន្ទាប់ពីក្រុមហ៊ុនបានបិទទ្វាទឹក។

ក្នុងសេចក្ដីប្រកាសព័ត៌មានបន្តថាកម្មវិធីនេះក៏នឹងលើកឡើងពីក្ដីកង្វល់របស់សហគមន៍សេសានក្រោម ២ ទាក់​ទង​នឹងការគំរាមកំហែង និងការបំបិទសិទ្ធិពីសំណាក់អាជ្ញាធរ និង ចង់ផ្ញើរសារទៅកាន់រដ្ឋាភិបាលឲ្យពិចារ​ណា សិក្សាលើជម្រើសក្រៅពីវារីអគ្គិសនីនេះ ដើម្បីផលិតថាមពលអគ្គិសនី។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះឲ្យដឹងថាកម្មវិធីជួបជុំគ្នានេះនឹងមានការចូលរួមពីយុវជនចំនួន ២០០ អង្គ/នាក់ ដែលពួកគេជាសិស្សនិស្សិត ព្រះសង្ឃ យុវជន និង ប្រជាពលរដ្ឋដែលស្រលាញ់បរិស្ថាន  តំណាងសហគមន៍​មូលដ្ឋានផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ