អ្នកជម្លោះដីធ្លីនៅខណ្ឌជ្រោយចង្វារចោទសាលារាជធានីភ្នំពេញថាលួចដីពួកគេជួលឲ្យក្រុមហ៊ុន

អ្នកជម្លោះដីធ្លីនៅខណ្ឌជ្រោយចង្វារ

ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC ក្នុងខណ្ឌជ្រោយចង្វារចោទសាលារាជធានីភ្នំពេញថាជាអ្នកលួចយកដីរបស់ពួកគេទាំងបំពានទៅឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ។

ប្រាប់អ្នកសារព័ត៌មានក្រោយតវ៉ានៅសាលាខណ្ឌជ្រោយចង្វារនៅថ្ងៃចន្ទ ទី១៣ កុម្ភៈ ឆ្នាំ២០១៧នេះ តំណាងពលរដ្ឋលោក ជា សុផាត មានប្រសាសន៍ថា សាលារាជធានីភ្នំពេញបានសុំអនុប្រយោគពីរដ្ឋាភិបាលកាត់ដីរបស់ពលរដ្ឋជិត៣០០ហិកតា នៅខណ្ឌជ្រោយចង្វារជួលទៅក្រុមហ៊ុន OCIC ធ្វើការអភិវឌ្ឍ ដោយមិនបានជូនដំណឹងមុនដល់ពួកគាត់ឡើយ។

លោកបន្ថែម «ពីថ្ងៃ២១ ខែ៣ ឆ្នាំ២០១៦នេះ សាលាក្រុងសុំអនុប្រយោគទៅលោកនាយករដ្ឋមន្រ្តី កាត់ដីប្រជាជន២៨៦,៣៧ហិតា ដាក់ជាសម្បត្តិរបស់ខ្លួន ហើយបានជួលឲ្យក្រុមហ៊ុន OCIC លួចដីពួកខ្ញុំតែម្តង ធ្វើអញ្ចឹងម៉េចកើត ដែលនេះជាគំនិតរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដូច្នេះខ្ញុំជឿជាក់ថានេះមិនមែនជា សេដ្ឋកិច្ចទីផ្សារសេរីទេ គឺជាគំនិតសេដ្ឋកិច្ចកុំមុយនីស្ត មានថាចាប់ពួកខ្ញុំឲ្យទទួលយកតែម្តង ហើយដីពួកខ្ញុំសុទ្ធតែលិខិតស្នាម និងមានលិខិត គតិយុតទាំងអស់ដែលខាងរដ្ឋបាលខណ្ឌជ្រោយចង្វារនៅក្នុងតំបន់ហ្នឹងទទួលស្គាល់ថាស្របច្បាប់»។

ពលរដ្ឋម្នាក់ទៀត លោក ម៉ៅ វណ្ណតិច និយាយថាគ្រួសារលោកប៉ះពាលដីទំហំជាង៦០០០ម៉ែតការ៉េ​រួមទាំងផ្ទះវិឡាមួយទៀត ដោយអាជ្ញាធរនិងក្រុមហ៊ុនមិនបានដោះស្រាយផលប៉ះពាល់នោះឲ្យគាត់សមរម្យឡើយ។

លោកបន្ថែមថា «គេធ្វើផ្លូវដើម្បីប្រជាជនទូទាំងប្រទេសខ្ញុំទទួលថាខ្ញុំម្នាក់ឯកវាតូចជាទូរទាំងប្រទេស តែអ្វីដែលខ្ញុំចង់និយាយ ឲ្យខ្ញុំលះបង់ម្នាក់ឯកទាំងអស់ពេកក៍អត់កើតដែរ ត្រូវមានការរួម ចំណែកមួយ ដូចថា អាជ្ញាធរត្រូវសង់ឲ្យខ្ញុំនូវអ្វីខ្លះ ដូចជាដីខាងរបស់ខ្ញុំត្រូវតែឲ្យខ្ញុំមិនមែនធ្វើ ផ្លូវកាត់ផ្ទះខ្ញុំហើយ អាដីខាងក្រោយប្រគាល់ឲ្យក្រុមហ៊ុនយកទេ ខ្ញុំមិនទទួលយកទេរបៀបនេះ មិនអាចវៃផ្ទះខ្ញុំចោលហើយយកឲ្យក្រុមហ៊ុនទេ ខ្ញុំមិនទទួលយកឡើយ»។

លោកបន្តថា ការដោះស្រាយរបស់សាលារាជធានីភ្នំពេញគឺឲ្យពួកគាត់ម្ចាស់ដីទទួល បានសំណង១០ភាគរយនៃផ្ទៃដីកាន់កាប់តែ សាលារាជធានីភ្នំពេញទទួលបាន៥០ភាគរយ និង ក្រុមហ៊ុនទទួលបាន៤០ភាគរយ ដែលលោកថា ដំណោះស្រាយនេះពលរដ្ឋមិនអាចទទួលយកបានឡើយ។

អភិបាលរងរាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា​ ការចោទប្រកាន់របស់ពលរដ្ឋដែលថា សាលារាជធានីភ្នំពេញលួចដីពួកគេលក់នោះជាការមួលបង្កាច់។

លោកបន្តថាសាលារាជធានីភ្នំពេញនៅតែរក្សារគោលការណ៍ដោះស្រាយដោយឲ្យពលរដ្ឋទទួលសំណង១០ភាគរយនៃផ្ទៃដីដែលបានកាន់កាប់។

លោកបន្ថែម «យើងនៅតែរក្សារគោលការណ៍ក្នុងការផ្តល់គោលនយោបាយដោះស្រាយជូនគាត់១០ភាគរយដែលគាត់កាន់កាប់ នេះគឺជាគោលការណ៍មួយដែលយើងបានគិតគូរយ៉ាងច្បាស់លាស់មុនយើងដាក់ចេញ»។

ក្រុមពលរដ្ឋអះអាងថា ពួកជម្លោះដីធ្លីជាមួយក្រុមហ៊ុន(OCIC)តាំងពីឆ្នាំ២០១១ ចាប់ពីក្រុមហ៊ុន នោះទទួ​ល​​​បា​​នសិទ្ធិវិនិ​យោគ​ធ្វើក្រុងរណបនៅខណ្ឌជ្រោយចង្វារ ហើយពលរដ្ឋបានតវ៉ាតាំង ពីពេលនោះរហូតមក ដោយទាមទារដោះស្រាយសំណងតាមតំលៃទីផ្សារ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ