គ.ជ.ប៖ គ្មានអ្នកណាម្នាក់មានសិទ្ធិ​រារាំងការងារគ.ជ.បបានទេ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ប្តេជ្ញារៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយថា មិនមានអ្នកណាម្នាក់មានសិទ្ធិរារាំងការងារនេះបានទេ។​

ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញ គ.ជ.ប អះអាងថា ខ្លួនជាស្ថាប័នអនុវត្ដច្បាប់ និងការងារបច្ចេកទេសសុទ្ធសាធ ដែលថា ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញត្រង់មាត្រា១៥០ថ្មី (ពីរ)។ គ.ជ.ប អះអាងថា ការងារបច្ចេកទេសនេះ គឺមិនអាចអ្នកណាម្នាក់រារាំងបាននោះទេ។

គ.ជ.ប បន្ដថា មានតែក្រុមប្រឹក្សាធម្មនុញ្ញទេ ដែលមានសិទ្ធិបកស្រាយច្បាប់ និងរដ្ឋធម្មនុញ្ញ។

ក្នុងសេចក្ដីថ្លែងការណ៍ គ.ជ.ប គូសបញ្ជាក់ថា «មានតែក្រុមប្រឹក្សាធម្មនុញ្ញទេ ដែលមានសមត្ថកិច្ចធានា ការពារ ការគោរពរដ្ឋធម្មនុញ្ញ ការបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់។ គ.ជ.ប ចាត់ទុកជាភាគីពាក់ព័ន្ធការបោះឆ្នោត តែចំពោះភាគីណា សង្គមស៊ីវិលណា ឬគណបក្សនយោបាយណា ដែលដំណើរការស្របច្បាប់តាមច្បាប់ប៉ុណ្ណោះ»។

គ.ជ.ប​ មិនបានបញ្ជាក់ថា ក្រុមណា ឬ ស្ថានប័នណាមួយដែលចង់រារាំងសកម្មភាពនោះទេ ប៉ុន្តែក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១១ ខែកុម្ភៈ អតីតគណបក្សសង្គ្រោះជាតិ រិះគន់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ គឺពុំត្រឹមត្រូវទៅតាមច្បាប់ឡើយ ដោយលើកហេតុផលថា អ្នកតំណាងរាស្ដ្រ និងក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាអង្គបោះឆ្នោត មិន​បានកើត​ចេញ​ពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ។

នាយកប្រតិបត្តិអង្គការណិចហ្វិច លោក សំ គន្ធាមី យល់ថា ដើម្បីបង្ហាញតម្លាភាព គ.ជ.ប គួរបើកចំហទទួលយកការរិះគន់ពីមជ្ឈដ្ឋាននានា ដើម្បីកែលម្អចំណុចខ្វះខាត និងរៀបចំការបោះឆ្នោតមួយមានភាពត្រឹមត្រូវ និងអាចទទួលយកបាន។

លោកថា៖ «សម្រាប់គណបក្ស និងអង្គការ NGO ដែលមិនមាននៅកម្ពុជា អាហ្នឹងក៏គេមានសិទ្ធិរិះគន់ ទោះអង្គការសិទ្ធិមនុស្ស អង្គការប្រជាធិបតេយ្យក៏ដោយ ក៏គេមានសិទ្ធិរិះគន់ អត់មានសិទ្ធិអីហាមឃាត់គេ ផ្ដល់ជាយោបល់អីបានទេ អាហ្នឹងជាសិទ្ធិរបស់គេ»។

បើតាមសេចក្ដីប្រកាស ការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភានីតិកាលទី៤ នឹងប្រព្រឹត្ដទៅថ្ងៃទី២៥ខែកុម្ភៈខាងមុខនេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ