មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលកំពុងហុំព័ទ្ធដោយពាក្យចចាមអារ៉ាមជុំវិញស្ថានភាពជំងឺ ត្រូវបានព្រះមហាក្សត្រកម្ពុជាសម្រេចតែងតាំង ដោយផ្ដល់គោរមងារជា «សម្ដេចវិបុលបញ្ញា សុខ អាន»។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃចន្ទទី១៣ខែមិនាឆ្នាំ២០១៧នេះ ព្រះមហាក្សត្រកម្ពុជា សម្ដេច សីហនុ មុនីនាថ បានសម្រេចតែងតាំង លោក សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានគោរមងារថ្មីជា «សម្ដេចវិបុលបញ្ញា សុខ អាន»។
បើតាមព្រះរាជក្រឹត្យ លោក សុខ អាន បានចូលបម្រើជាតិមាតុភូមិកម្ពុជា តាមរយៈរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោក សុខ អាន បានចូលរួមដឹកនាំប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ដោយបាននាំមកនូវសន្តិភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍលើគ្រប់វិស័យ និងការពារនូវឯករាជ្យជាតិ និងបូរណភាពទឹកដី។
ការតម្លើងគោរមងារនេះ ត្រូវបានមជ្ឈដ្ឋានទូទៅសង្កេតឃើញថា ធ្វើឡើងខណៈមានពាក្យចចាមអារ៉ាមជុំវិញស្ថានភាពសុខភាពរបស់លោក ដែលថា កំពុងធ្ងន់ធ្ងរ។ ប៉ុន្ដែអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបដិសេធចំពោះពាក្យចចាមអារ៉ាមនេះដោយថា លោក សុខ អាន កំពុងមានសុខភាពល្អប្រសើរនៅឡើយទេ៕