លោក ហ៊ុន សែន បង្ហាញពីការរីកចម្រើន ខណៈអន្តរជាតិដាក់សម្ពាធឲ្យស្តាប្រជាធិបតេយ្យ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ១ (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជានឹងធ្វើស្ពានឆ្លងទន្លេខ្លួនឯង មិនប្រើជំនួយពីក្រៅប្រទេស ខ​ណៈ​អន្តរជាតិ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច បើមិនស្តាប្រជាធិបតេយ្យឡើងវិញ។

លោក ហ៊ុន សែន ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ១ នៅថ្ងៃនេះ បានថ្លែងថា ស្ពានឆ្ល​ង​ទ​ន្លេមួយ ដែលគ្រោ​ងសា​ងសង់ឡើង នៅខេ​ត្តកំ​ពង់​​ចាម លោកថា កម្ពុជានឹងធ្វើដោយខ្លួនឯង ទាំងបច្ចេកទេស ទាំងកញ្ចប់ថវិកា។

លោក ហ៊ុន សែន ថ្លែងទៀតថា ការសាកល្បងនេះ ដើម្បី​បង្ហា​ញ​ថា កម្ពុជាចាប់ផ្តើមពង្រឹងសមត្ថភាពខ្លួនឯង មិនដេករងចាំ តែជំនួយពីខាងក្រៅនោះឡើយ។

លោកថា៖ «យើងសាកល្បងដោយបាតដៃរបស់ជនជាតិកម្ពុជា ក្នុងកងវិស្វកម្មរបស់ក្រសួងការពារជាតិ ហើយ​នឹងប្រា​​ក់របស់កម្ពុជាទាំងអស់ ប្រើជាងរបស់កម្ពុជាទាំងអស់ បច្ចេកទេសរបស់កម្ពុជាទាំងអស់»។

ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សហគមន៍អន្តរជាតិ បានផ្តល់ជំនួយដល់កម្ពុជា ទាំងថវិកា និង​បច្ចេ​​កទេស ពិសេ​ស​ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ ឡើងវិញជាដើម។

ប៉ុន្តែមួយរយៈចុងក្រោយនេះ ក្រោយពីរដ្ឋាភិបាល ចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា រំលាយ​គណ​ប​​ក្ស​​សង្គ្រោះជាតិ និងបិទលំហប្រជាធិបតេយ្យ មុនការបោះឆ្នោតមកដល់នោះ សហភាពអឺរ៉ុប និងស​ហ​​រ​ដ្ឋ​អា​មេរិក បាននាំមុខគេ ផ្តាច់ជំនួយដល់ គ.ជ.ប និងគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយថា បើរដ្ឋាភិបាល មិនស្តាប្រជាធិ​ប​តេ​​​យ្យ​ឡើងវិញ។

ក្នុងពិធីនោះដែរ លោក ហ៊ុន សែន បានថ្លែងបែបឌឺដង ថ្មីទៀត ទៅសហរដ្ឋអាមេរិក ពីការទម្លាក់គ្រា​ប់បែក​នៅក​ម្ពុ​​ជា​នាសម័យសង្គ្រាម ​ និង​បា​នអះ​អាងថា កម្ពុជានឹងមិនទោរទ​ន់ទៅតាមការដាក់សម្ពាធណាមួយ ពីភាគីខាង​ក្រៅ​នោះ​ឡើយ។

លោកថា៖ «យើងជំពាក់បំណុលបរទេសមួយចំនួន តែមិនមែនជាបំណុលដែលយើងខ្ចីទេ។ លុន នល់ ជាអ្នកខ្ចី បានសេចក្តីថាទិញគ្រាប់បែក ទិញមកទម្លាក់នៅប្រទេសរបស់យើង។ អញ្ចឹងប្រៀបដូចជាយកញញួរ មកវាយក្បា​លយើ​ង បន្ទាប់​ទៅថាប្រឡាក់ញញួរអញសងលុយឲ្យអញទៀត ហ្នឹងជា​កា​រឈឺ​ចាប់​សម្រាប់យើង។​ អញ្ចឹងខ្មែ​រត្រូវតែធ្វើជាម្ចាស់ទៅលើជោគវាសនា របស់ខ្មែរ មិនត្រូ​វទោរទន់​តាមរបៀប​បង្ខំ​ របស់អ្នកណាមួយទេ»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី ចាត់ទុកសារនយោបាយនេះថា ជារឿងធម្មតា របស់​អ្ន​ក​នយោ​បាយ ដែលតែងតែអួតអាង ដើម្បីការពារចំណាត់ការរបស់ខ្លួន។ ប៉ុន្តែលោកថា បើកម្ពុជាផ្តាច់ខ្លួន​ពីស​ហគ​​ម​ន៍​​​អន្តរជាតិមែន កម្ពុជាទេជាអ្នកខាតបង់។

លោកថា៖ «ការផ្តាច់ខ្លួនពីអន្តរជាតិហ្នឹងហើយ ធ្វើឲ្យបញ្ហាសង្គមសេដ្ឋកិច្ចប្រទេសហ្នឹង ជួនកា​លអាចមាន​ការរើបំរា​ស​អីធំដុំទៀត។ ខ្ញុំមិនហ៊ានអះអាងថាកម្ពុជានឹងមានស្ថានភាពបែបហ្នឹងកើតឡើងទេ ប៉ុន្តែសម្រា​ប់ប្រទេ​ស​ដទៃ​ក​ន្លែ​​​ង​ខ្លះ​​វាបានជួបនូវវិបត្តិហ្នឹង»។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន កាលពីខែមុន បានប្រតិកម្មថា សុំកុំយកកម្ពុជាធ្វើជាចំណាប់ខ្មាំង ដោយ​សា​រ​តែ​បញ្ហា​ប្រ​​ជាធិបតេយ្យ។

ប៉ុន្តែអ្នកតាមដានថា សហគមន៍អន្តរជាតិ មានតួនាទីសំខាន់ក្នុងការឃ្លាំមើល និងជំរុញរដ្ឋាភិបាលកម្ពុជា ឲ្យគោរ​ព​សិ​ទ្ធិ​មនុស្ស សិទ្ធិធ្វើនយោបាយ តាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងកតិការសញ្ញានានា ស្តី​ពីសិ​ទ្ធិព​ល​​​រដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុ​ជាបានផ្ត​ល់ស​ច្ចាប័​​​ន ជាមួយអង្គការសហប្រជាជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ