បទយកការណ៍៖ ស្ដ្រីមេម៉ាយកូនបីម្នាក់ សុខចិត្តដើរតវ៉ា​និងទ្រាំរស់ក្នុងផ្ទះតូចចង្អៀត​ ក្រោយអាជ្ញាធរ​ឈូស​យក​ដីផ្ទះ

«លំបាកណាស់តាំងពីបាត់បង់ផ្ទះមក​វេទនាណាស់ យើងមិនធ្លាប់រស់នៅចឹងណា យើងមានផ្ទះសំប្បែងត្រឹមត្រូវមុខរបបរកស៊ីគឺថាពេញផ្ទះ វាមិនគឺជាអ្នកមាន ប៉ុន្តែគ្រាន់តែថា​រស់នៅម៉ាសមរម្យវាអត់ខ្វះខាត​ មានមុខលក់ដូរ ទិញដូរមានលុយកាក់​ទិញដូរវាមិនលំបាក»

​នេះជាការរៀបរាប់របស់ស្ត្រីរងគ្រោះម្នាក់ ដែលបានបាត់បង់ដី​និងទីលំនៅ ក្រោយ​ពីគំរោង​អភិវឌ្ឍន៍​របស់រដ្ឋាភិបាល ដើម្បីពង្រីកផ្លូវជាតិលេខ៥ នៅភូមិព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៥។

អ្នកស្រី ស៊ូ ស្រីនាង អាយុ៤៩ឆ្នាំ មានកូនបីនាក់ ស្រី២នាក់ ប្រុសម្នាក់ ហើយ​ស្វាមីរបស់​អ្នកស្រី​បានទទួលមរណៈភាពតាំងពីឆ្នាំ២០០០។

អ្នកស្រីរៀបរាប់ថា កាលពីថ្ងៃទី៣១ខែសីហាឆ្នាំ២០១៥​ អាជ្ញាធរ បានដាក់កម្លាំងនិងគ្រឿងចក្រ ឈូសឆាយ​ផ្ទះរបស់គាត់ ដោយមិនទុកសម្ភារៈនិងរបស់របរផ្សេងៗ ដោយថា អាជ្ញាធរ បានរឹបអូសយក​ទៅទាំងអស់ ពេលដែលអ្នកស្រីមិននៅផ្ទះនោះ។

អ្នកស្រីថា៖ «គេដឹកទៅអស់ហើយ ដឹកដាក់ឡាន​ទៅអស់អីវ៉ាន់អីអត់មានសល់​អី ទាំងអស់មកទាន់នៅសល់តែប៉ុណ្ណឹង តែទូរនៅសលតែសំបកទូទទេ គាស់យកអស់អាលីង។ ពេលចឹងទៅវាស្លុតអស់ទៅ ខ្ញុំគិតថា មិនដឹងថាគេធ្វើយ៉ាងម៉េច ខ្ញុំនឹកថាស្មានតែគេមករុះតែផ្ទះ ខ្ញុំហើយអីវ៉ាន់គេមិនយកទេឈើផ្ទះក៏គេទុកឲ្យដែរ គេយកធ្វើអីនឹកឃើញថាចឹង គេយកតែដីយើង ដើម្បីឲ្យគេឈូសឆាយធ្វើ ហើយដល់ពេលគេដឹកអីវ៉ាន់អស់ទៅ  វាស្លុតចិត្តអស់មិនដឹងនិយាយយ៉ាងម៉េច។ បើធ្វើនេះ ​គឺឃោឃៅពេកណាស់ ធ្វើដូចធ្វើខ្ញុំគិតមើលទៅខ្ញុំធ្លាប់រស់នៅអាពត ដែរ ដល់ធ្វើចឹងដូចវាសាហាវជាងអាពតទៀត»។

សម្លឹងមើលជុំវិញខ្លួន មាត់និយាយមកកាន់អ្នកសារព័ត៌មានវីអូឌី ទាំងដៃម្ខាង​ជូត​ទឹកភ្នែក ដែលហូរស្រក់ចុះមក អ្នកស្រីថា កាលពីមុន ផ្ទះអ្នកស្រីមានបណ្ដោយ១៦ម៉ែត្រ ទទឹងជាង៥ម៉ែត្រ ធំទូលាយ មានសម្ភារៈ និងអីវ៉ាន់ពេញផ្ទះ ប៉ុន្តែពេលនេះ គឺនៅសល់តែទទឹង៣ម៉ែត្រ បណ្ដោយជាង២ម៉ែត្រប៉ុណ្ណោះ និងមិនមានអ្វីសោះ សូម្បីតែចានឆ្នាំង។

អ្នកស្រីបន្តថា ពេលបាត់បង់ដីនិងផ្ទះ អ្នកស្រីត្រូវជួបកាលលំបាក បែកបាក់គ្រួសារ បាត់បង់មុខរបប កូនៗ បាត់បង់ការសិក្សា និងថា កូនស្រីម្នាក់ បានរត់ចេញពីផ្ទះនិងបាត់ខ្លួនដល់សព្វថ្ងៃ ដោយ​សារខ្មាស់​អ្នកភូមិ​ផងរបងជាមួយ។

អ្នកស្រីបន្តថា កាលអាជ្ញាធរមិនទាន់ឈូសឆាយផ្ទះ អ្នកស្រីមានមុខរបររកស៊ី ដោយក្នុងមួយថ្ងៃ​រក​ចំណូល​បានប្រមាណជា២លានរៀល ដែលចំណូលនេះ អាចផ្អត់ផ្គង់ជីវភាពគ្រួសារ និងឲ្យកូនបាន​រៀនសូត្រ​ផង​ដែរ។

អ្នកស្រីថា៖ «កូនប្រុសខ្ញុំ ឥលូវទៅស៊ីឈ្នួលខាងលក់ទូរស័ព្ទឲ្យគេ លែងបានរៀន មានលុយណា បើមុខរបបអស់អាលីង។ យើងរកស៊ីមានមុខរបបឲ្យកូនរៀនសូត្រ ចុះបើមុខរបបអស់អាលីងចឹងមានលុយណាឲ្យកូនរៀនសូត្រ ក្នុង១ខែៗ ​បង់២០០ ទៅ៣០០ដុល្លារ។ ឆ្នាំទី១ ហើយ២ ឆ្នាំនេះ គ្មានបានរៀន​​សូត្រអី ទាំងអស់ទៅស៊ីឈ្នួលលក់ទូរស័ព្ទឲ្យគេ បានប្រាក់ខែមកជួលផ្ទះគេនៅភ្នំពេញជាមួយពួកម៉ាក់គ្រាន់បានរៀនគួរបន្តិចៗហ្នឹង»។

ដៃម្ខាងយករូបថតផ្ទះ ដែលគេមិនទាន់ឈូសឆាយមកឲ្យអ្នកសាព័ត៌មានជួយពិនិត្យមើល និង ដៃ​ម្ខាង​ចង្អុល​មក​រកផ្លូវ ទាំងទឹកភ្នែករលីងរលោង អ្នកស្រី ស៊ូ ស្រីនាង បន្តរៀបរាប់ថា តាំងពីពេលឈូសផ្ទះមក អ្នកស្រីបានធ្លាក់ខ្លួនឈឺជាទម្ងន់ និងគ្មានអ្វីជាទីពឹងនោះទេ។ ក្រោយមក អ្នកស្រី​ក៏បាន​សម្រេចដើររតវ៉ា​ជាមួយសហគមន៍ផ្សេងទៀត ដែលរងគ្រោះដោយសារបញ្ហាដីធ្លីក្រោមគំរោងអភិវឌ្ឍន៍នោះ។

អ្នកស្រី៖ «កន្លែងដេកក៏គ្មាន ភ្លៀងមកគឺទទឹកទាំងអស់ ទឹកដក់ពីលើមក សាចពីលើកមក វេទនាណាស់ ហើយក្នុងរយៈពេល ២ឆ្នាំ គ្មានមុខរបបអីរកស៊ីទេ លុយកាត់ក៏អស់ទ្រព្យសម្បត្តិលក់ដូរគេដឹកយកទៅអស់។ សម្បីតែស្បៀង អង្ករ ប៊ិចចេង ក៏វាដឹកប្រមូលយកទៅអស់ដែរ អត់មានសល់អីនៅក្នុងផ្ទះ ដឹកយកទៅទាំងអស់។ រយៈពេល២ឆ្នាំ គ្មានមុខរបបអីរកស៊ីទាំងអស់ ខ្ញុំដើរតវ៉ា ខ្ញុំហូបបាយនៅតាមសហគមន៍  ដេកផ្ទះសហគមន៍ ជូនកាលដេកបុរីកីឡា ជូនកាលដេកបឹងកក់»។

អ្នកស្រីបន្តថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្ដល់សំណងឲ្យគាត់ចំនួន៨ ២០០ដុល្លារ ដោយ​ទុក​រយៈពេល២ខែ ឲ្យទៅទទួលយកសំណងនោះ ប៉ុន្តែបើមិនទៅយកទេ អ្នកស្រី​មិនបាន​លុយនោះ​ទៀតឡើយ។ អ្នកស្រីចាត់ទុក​ការដាក់កំហិតរបស់រដ្ឋាភិបាលថាជាការចាប់បង្ខំ ខណៈប្រាក់​ដែល​ឲ្យ​មិន​បាន​សមរម្យ និងមិនស្មើទ្រព្យសម្បត្តិរបស់អ្នកស្រី ដែលបាត់បង់នៅពេលអាជ្ញាធរយកនោះឡើយ។

លោកស្រីថា៖ «សួរថា បើផ្ទះអស់លោកវិញ អស់លោកហ្នឹង អាចទទួលយកបានទេ ​ខ្ញុំថាមិនអាចទទួលយកបានទេ ពេលខ្ញុំសួរទៅហេង វាសនាហ្នឹង គេថា គេអាចទទួលយកបានថី ហ្នឹងទទួលយក បានបើមិនមែនជាផ្ទះរបស់លោកផង លោកចេះតែឆ្លើយទៅបើផ្ទះរបស់លោកវិញ លោកទទួលយកបានទេ»។

បើតាមលិខិតជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៧ ឲ្យដឹងថា បើអ្នកស្រី ស៊ូ ស្រីនាង នៅតែមិនព្រមទទួលយកលុយ ដែលក្រសួងបានផ្ដល់នោះទេ ហើយអ្នក​ស្រីមាន​សិទ្ធិទៅ​ទទួលថវិកានេះ រហូតដល់ខែឧសភាឆ្នាំ២០១៧ខាងមុខ។ ក្នុងករណី​មិន​ព្រម​ទទួល ក្រសួងថា ចាត់ទុកថា អ្នកស្រីបោះបង់សិទ្ធិ ហើយអ្នកស្រី​មិនទទួល​បាន​សំណងអ្វីឡើយ។

នាយកលេខាធិកាដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា​ការពង្រីក​ផ្លូវឲ្យទូលាយ ដើម្បីបញ្ជៀសការកកស្ទះ​ចរាចរណ៍វាជារឿងល្អ ប៉ុន្តែរដ្ឋាភិបាលក៏ត្រូវ​ដោះស្រាយ​សំណង​ពលរដ្ឋ ដែលរងគ្រោះឲ្យពួកគេរស់នៅសមរម្យផងដែរ។

លោកបន្តថា បើរដ្ឋាភិបាលធ្វើអភិវឌ្ឍន៍ និងពង្រីកផ្លូវតែមិនដោះស្រាយបញ្ហាឲ្យពលរដ្ឋ វានឹងធ្វើឲ្យ​ប៉ះពាល់មុខមាត់មុខរដ្ឋាភិបាល ហើយនៅឆ្នាំ២០១៧ខាងមុខ អាច​នឹងបាត់បង់សំឡេង​សន្លឹងឆ្នោត​ច្រើន​ជាង​មុន​ពីប្រពលរដ្ឋ។

លោកសម្ដែងការសោកស្ដាយចំពោះបង្ខំ និងដាក់កំហិតឲ្យពលរដ្ឋទទួលយកសំណង ដោយលោកចាត់​ទុកករណីនេះ​ ថាជាការរំលោភសិទ្ធិមនុស្ស។

លោកថា៖ «កាន់ការងារ៥ឆ្នាំ បែរជាប្រើភាសានេះ ដាក់ប្រជាពលរដ្ឋខ្លួន អានេះវាជារឿងសោកស្ដាយដែលប្រជាពលរដ្ឋខំបោះឆ្នោតឲ្យ ខំចំណាយសាំងម៉ូតូ ចំណាយថ្លៃម៉ូតូឌុបជិះ ទៅបោះឆ្នោតឲ្យមកធ្វើរដ្ឋាភិបាលហើយជូនដំណឹងទៅប្រជាពលរដ្ឋដោយមិនទទួលខុសត្រូវយ៉ាងដូច្នេះ។អានេះវាជារឿងមួយដែលគួរឲ្យអាម៉ាស់ដែលមានមន្ត្រី មានអ្នកដែលកាន់ការនឹងគាត់មិនទទួលខុសត្រូវចំពោះការដោះស្រាយជូនប្រជាពលរដ្ឋ […]»។

ចំពោះអ្នកស្រី ស៊ូ ស្រីនាង នៅតែយល់ថា សំណងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្ដល់ឲ្យនោះ អ្នកស្រីមិនអាចទទួលយកបានឡើយ។

អ្នកស្រីថា៖​ «ព្រោះមានតែសម្ដេចហ៊ុន សែន ទេ ដែលលោកអាចជួយ អាចជួយខ្ញុំ​បានខ្ញុំនៅ​តែសង្ឃឹម​ទៅ​លើ​សម្ដេច ហ៊ុន សែន ដែលលោកអត់បានដឹង ថាខ្ញុំត្រូវរងគ្រោះ ​ត្រូវលំបាកវេទនាឈឺចាប់ខ្លោចផ្សារ ជាង​ជំនាន់​អាពតទៀត ប៉ុណ្ណាទៀតគឺសម្ដេច ហ៊ុន សែន អត់ដឹងទេ។ ចឹង​ខ្ញុំសូមអំពាវនាវទៅសម្ដេច ហ៊ុន សែន​សូមឲ្យលោកជួយខ្ញុំ សូមឲ្យដោះស្រាយឲ្យខ្ញុំ សូមឲ្យខ្ញុំមានផ្ទះមានសំម្បែង មានទ្រព្យសម្បត្តិមានលុយ រកស៊ីដើម្បីឲ្យដូចពីមុនវិញ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ