ផ្លូវសំខាន់ៗមួយចំនួនចេញពីរាជធានីភ្នំពេញទៅតាមបណ្ដាលខេត្ត មានការកកស្ទះខ្លាំងចាប់តាំងពីព្រឹកប្រលឹមថ្ងៃសុក្រនេះ ដោយសារពលរដ្ឋសម្រុកទៅស្រុកកំណើតដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មី។
នៅរង្វង់មូលគល់ស្ពានជ្រោយចង្វារក្បែរស្ថានទូតបារាំងនៅព្រឹកថ្ងៃសុក្រនេះ រថយន្តនិងម៉ូតូប្រជ្រៀតគ្នាណែនផ្លូវ ដោយខ្លះឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦ និងខ្លះទៀតឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥។ បើទោះជាចរាចរណ៍ស្ទះខ្លាំងដោយសារស្ពានជ្រោយចង្វារជាជំនួយរបស់ជប៉ុនបិទដើម្បីជួសជុលក៏ដោយ ក៏ការធ្វើចរាចរណ៍ហាក់មានរបៀបដែរ ហើយសមត្ថកិច្ចមានប្រចាំការនៅទីនោះ។
នគរបាលជួយសម្រួលចរាចរណ៍នៅគល់ស្ពានជ្រោយចង្វារនេះលោក អោក ឆាត ឲ្យដឹងថា ម្សិលមិញនិងថ្ងៃនេះមានការកកស្ទះខ្លាំងខុសធម្មតា។ លោកបន្តថា ឆ្នាំនេះកកស្ទះខ្លាំងជាងឆ្នាំមុនដោយសារស្ពានមួយបិទដើម្បីជួសជុល។
លោកថា៖«ឆ្នាំមុនច្រើនមធ្យោបាយឯកជនដូចជា ម៉ូតូតែ ឆ្នាំនេះ គឺសាំយ៉ុង អាតូរីយើងនេះ វា ៥០% ជាមួយឡានតូច អ្នកធ្វើដំណើតឯកជន អញ្ចឹងឆ្នាំនេះ ត្រូវស្ពានមួយបិទបង្កឲ្យមានការលំបាក»។
មានស្រុកកំណើតនៅខេត្តព្រៃវែងលោក ជា សារ៉េត បានប្រាប់អ្នកសារព័ត៌មានវីអូឌីខណៈនគរចរាចរណ៍កំពុងបិទផ្លូវប្រហែល២០នាទី លើកឡើងថា លោកសប្បាយចិត្តនៅពេលឃើញមានសមត្ថកិច្ច មកជួយសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកក់ស្ទះ។
លោកថា៖«ខ្ញុំសប្បាយចិត្ត ដោយសារ មានប៉ូលីសចរាចរណ៍ជួយធ្វើចរាចរណ៍ ឲ្យប្រជាជនងាយស្រួលធ្វើដំណើរទៅស្រុកកំណើត »។
ផ្លូវដែលកកស្ទះក្រៅពីរង្វង់មូលជ្រោយចង្វារ នៅរង្វង់មូលចោមចៅបែកទៅផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៤ និងនៅច្បារអំពៅផ្លូវជាតិលេខ១ក៏កកស្ទះដែរ។