បុណ្យចូលឆ្នាំ គឺជាពិធីបុណ្យដ៏ធំមួយនៅកម្ពុជា ប្រជាជនខ្មែរតែងយកឱកាសនៃការអបអរការចូលឆ្នាំថ្មីនេះជាពេលវេលានៃការជួបជុំក្រុមគ្រួសារ និងដើរលេងកំសាន្តផងដែរ។
បើនិយាយពីការដើរកំសាន្ត ប្រជាជនខ្មែរ មុខតែនឹករលឹកដល់រមណីយដ្ឋាននានាដែលមាននៅក្នុងខេត្តរបស់ខ្លួនតែក៏មានមួយចំនួនក៏នឹកដល់កន្លែងផ្សេងផងដែរ។
បើនិយាយពីរមណីយដ្ឋានកំសាន្តនានានៅឆ្នាំនេះ ទស្សនិកជនប្រាកដជាបានឮហើយនូវព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០១៨ ដែលត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប។ ខណៈអ្នករៀបចំរំពឹងថាឆ្នាំនេះនឹងមានអ្នកចូលរួមជាង២លាននាក់នោះ ខេត្តសៀមរៀប អាចជាគោលដៅទេសចរណ៍ដំបូងគេ ដែលប្រជាជនខ្មែរនឹងសម្រុកទៅលេង។ ជាមួយនឹងប្រាសាទរាប់រយនៅក្នុងខេត្តនេះ រង់ចាំទទួលស្វាគមន៍ រមណីយដ្ឋានកែច្នៃមួយចំនួនក៏អាចទាញចំណាប់អារម្មណ៍ផងដែរ ដូចជាភូមិវប្បធម៌ ផ្សាររាត្រី សារមន្ទីរសង្គ្រាម និងសារមន្ទីរមីនជាដើម។
ទីតាំងរាជធានីបុរាណរបស់កម្ពុជានៅខេត្តកំពង់ធំ គឺប្រាសាទសំបូរព្រៃគុក៌នោះ ក៏អាចទាក់ទាញចំណាប់អារម្មណ៍ខ្លាំងផងដែរ បន្ទាប់ពីអង្កការយូណេស្កូបានសម្រេចដាក់ទីតាំងប្រាសាទនេះ ចូលជាសម្បត្តិបេតិកភ៌ណ្ឌពិភពលោក ខណៈប្រាសាទព្រះវិហារ នៅខេត្តព្រះវិហារនៅឈរយ៉ាងរឹងមាំលើកំពូលភ្នំរង់ចាំភ្ញៀវទេសចរណ៍ទៅលេងកំសាន្ត។
ប្រទេសកម្ពុជាមានផ្ទៃក្រលា ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ជាប្រទេសតូចទី៣នៅតំបន់អាស៊ាន តែអំណោយផលច្រើនទាំងប្រាសាទបុរាណ រហូតដល់ធនធានរ៉ៃដែលប្រទេសនេះ បានផ្តល់ឲ្យរួមទាំងធនធានធម្មជាតិផងដែរ។
ឆ្នេរសមុទ្រកម្ពុជាមានប្រវែង៤៤០គីឡូម៉ែត្រ ដែលលាតសន្ធឹងពីព្រំដែនវៀតណាមខាងកើត ដល់ព្រំប្រទល់ថៃខាងលិចទល់ជើងភ្នំក្រវ៉ាញ។ រលកសមុទ្រកម្ពុជាបោកផ្ទប់ឆ្នេរខេត្តចំនួន៤ ដែលរួមមានខេត្តកែប កំពត ព្រះសីហនុ និងកោះកុង ដែលមានសក្តានុពលទេសចរណ៍ជាច្រើនផងដែរ។
ខេត្តកំពត អ្នកទេសចរណ៍អាចទៅលេងសមុទ្រផង ចូលទស្សនាភ្នំកំពង់ត្រាច និងឡើងទៅលេងភ្នំបូកគោផង ជាមួយទេសភាពដ៏ស្រស់ត្រកាលនៅលើកំពូលភ្នំ ឬអាចមើលព្រះអាទិត្យលិចពីមុខសាលាខេត្តនេះផងដែរ។ ចំណែក ខេត្តកែបកំពុងអភិវឌ្ឍន៍ខ្លួនកាន់តែខ្លាំង បន្ទាប់ពីខេត្តនេះទទួលបានពានរង្វាន់ជាខេត្តស្អាតនៅតំបន់អាស៊ានកាលពីឆ្នាំ២០១៧ ខណៈខេត្តកោះកុង អ្នកទេសចរណ៍ក្រៅពីទៅទស្សនាតំបន់ឆ្នេរ ពួកគេអាចទៅលេងតំបន់ទេសចរណ៍ធម្មជាតិអារ៉ែង និងទឹកជ្រោះតាតៃ ហើយភាពដ៏ស្រស់ស្អាតនៃឆ្នេរសមុទ្ររបស់ខេត្តព្រះសីហនុ និងបរិយាកាសសមុទ្រដ៏ស្រស់ត្រកាលនៃខេត្តទាំងបួននោះបានធ្វើឲ្យខេត្តជាប់ឆ្នេរទាំង៤ នោះអាចក្លាយជាតំបន់ទេសចរណ៍ទី២ បន្ទាប់ពីតំបន់ប្រាសាទនៅពេលបុណ្យចូលឆ្នាំថ្មីនេះ។
ខណៈហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាស្ថានភាពផ្លូវនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់នោះ តំបន់ដែលត្រូវបានគេគិតថា នៅដាច់ស្រយាលពីទីក្រុងភ្នំពេញនៅពេលនេះ ហាក់កាន់តែខិតជិតកាន់តែខ្លាំង។
ភាគឦសាននៃប្រទេស ដែលមានខេត្តចំនួន៤ ដែលរួមមានក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនៈគីរី ដែលសំបូរទៅដោយកន្លែងទេសចរណ៍ធម្មជាតិជាច្រើន និងប្រពៃណីរបស់ជនជាតិដើមភាគតិចផងដែរ។ សក្កដានុពលទេសចរណ៍នៃខេត្តទាំងបួននេះរួមមាន ទឹកជ្រោះប៊ូស្រា ការជិះរទេះគោ និងដំរីក្នុងព្រៃឈើដ៏ខៀវស្រងាត់ និងស្រស់ត្រកាលក្នុងខេត្តមណ្ឌលគីរី ឧទ្យានជាតិវីរជ័យ និង បឹងយក្សឡោមក្នុងខេត្តរតនៈគីរី វត្តសរសេរមួយរយ និងផ្សោតទឹកសាប ក្នុងខេត្តក្រចេះ ខណៈនៅខេត្តស្ទឹងត្រែងមាន ទឹកជ្រោះសុភមិត្រ ឬល្បាក់ខោល និងផ្សោតទឹកសាបបង្អួតខ្លួនតាមដងទន្លេមេគង្គនៃខេត្តនេះ បានធ្វើឲ្យខេត្តទាំងនេះ ក្លាយជាពិភពកំសាន្តនៃភាពស្ងប់ស្ងាត់ និងស្រស់ត្រកាលដែលជាគោលដៅទេសចរណ៍សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ និងធម្មជាតិនៅក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះផងដែរ។
ក្រៅពីទីកន្លែងដែលបានរៀបរាប់ខាងលើខេត្តរបស់កម្ពុជាទាំងអស់ គឺសុទ្ធតែមានកន្លែងទេសចរណ៍រៀងខ្លួន ដូចជា ភ្នំកង្រីនៅខេត្តកំពង់ឆ្នាំង ភ្នំប្រុសភ្នំស្រីនៅខេត្តកំពង់ចាម ភ្នំជីសូរ និងប្រាសាទតាណៃ និងតាព្រហ្មក្នុងខេត្តតាកែវ ឧទ្យានជាតិគីរីរម្យក្នុងខេត្តកំពង់ស្ពឺ វត្តរតនសោភ័ណនៅឧត្តរមានជ័យ ទីតាំងតំបន់រំដោះចុងក្រោយក្នុងខេត្តប៉ៃលិន ប្រាសាទបន្ទាយឆ្នាក្នុងខេត្តបន្ទាយមានជ័យ កោះដាច់ កៀនស្វាយ ភ្នំឧត្តុង ភ្នំបាសិទ្ធនៅខេត្តកណ្តាល សំណង់សម័យបារាំងនៅខេត្តបាត់ដំបងដែលបានដាក់ចូលជាបេតិកភ័ណ្ឌពិភពលោកជាដើម សុទ្ធជាកន្លែងដែលជាទីសោមនស្សទាំងអស់ ក្នុងឱកាសនៃការដើរលេងកំសាន្តនៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ។
សំរាប់ប្រជាពលរដ្ឋដែលរស់នៅភ្នំពេញ និងពុំបានចេញដំណើរទៅលេងកំសាន្តនៅតាមខេត្តនោះអាចទៅលេងកំសាន្តនៅរមណីដ្ឋានវត្តភ្នំពេញ ដែលនៅទីនោះជារៀងរាល់ឆ្នាំក៏មានផងដែរនូវការលេងល្បែងប្រជាប្រិយ រាំលេងកំសាន្តសប្បាយរយៈពេល៣ថ្ងៃនេះផងដែរ។
ទោះជាយ៉ាងណា ជាមួយការភាពរីករាយនៃដំណើរកំសាន្តក៏មានភាពអវិជ្ជមានមួយចំនួនកើតឡើងផងដែរ ដូចជាការឡើងថ្លៃម្ហូបអាហារ ផ្ទះសំណាក់ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ បញ្ហាសន្តិសុខ សុទ្ធតែជាបញ្ហា ដែលបានកើតឡើងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ។
នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១០មេសា បានផ្ញើសារជូនពរប្រជាជនខ្មែរទូទាំងប្រទេសឲ្យមានសុវត្ថិភាពក្នុងការធ្វើដំណើរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងបានបញ្ជាផងដែរដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវរក្សាការពារសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទេសចរជាតិនិងអន្តរជាតិនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះផងដែរ។
ការរៀបរាប់ពីទីកន្លែងទេសចរណ៍សំខាន់ដែលរៀបរៀងដោយខ្ញុំបាទ ហ៊ុន សិរីវឌ្ឍន៍ ពេលនេះចប់តែប៉ុណ្ណេះ សូមជូនពរបងប្អូនឲ្យទទួលបាននូវសុភមង្គល រីកចំរើនរីករាយ សុខសុវត្ថិភាពក្នុងក្រុមគ្រួសារខ្មែរទាំងអស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំនេះ៕