លោក ហ៊ុន សែន សរសើរ​នគរបាល​ជាតិ​ថា ថែ​រក្សា​​សន្តិភាព​ ក្រោយ​បង្ក្រាប​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល

អគ្គស្នងការនគរបាលជាតិ និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត(រូបពីនគរបាលជាតិ)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរដល់មន្រ្តីនគរបាលជាតិថា បានបង្កើតស្នា​ដៃ​យ៉ាង​ធំធេងក្នុង​ការបង្រ្កាបទៅ​លើ​អ្វី​ដែល​លោក​ហៅ​ថា ការឃុប​ឃិត​ជាមួយ​បរទេស ប៉ុន​ប៉ង​ផ្ដួល​​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​ទំនង​ជា​សំដៅ​ដល់​ការ​បង្ក្រាប​ទៅ​លើ​អតីត​បក្ស​ប្រឆាំង។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​ប្រហែល ៣​លាន​នាក់​អំឡុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៣ និង​ការ​បោះ​ឆ្នោត​ឆ្នាំ​មុន​នោះ ត្រូវបាន​តុលាការ​កំពូល​រំលាយ​ចោល​កា​ល​ពី​ពាក់​កណ្ដាល​វិច្ឆិកា​ឆ្នាំ​មុន ទៅ​តាម​បណ្ដឹង​របស់​រដ្ឋភិបាល។

ជាង​នេះ​ទៅ​ទៀត មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ឃុំអស់​រយៈ​ពេល​ជាង ៨​ខែ​មក​ហើយ​ចាប់​តាំង​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុន ក្រោម​ការ​ចោទ​ពី​រដ្ឋាភិបាល​ថា «ក្បត់ជាតិ» និង​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​តាម​រយៈ​ការ​ឃុប​ឃិត​ជាមួយ​បរទេស។

ក្នុង​សារ​ជូន​ពរ​ដល់​នគរបាល​ជាតិ ដែល​ត្រូវ​បាន​ព្រាង​ទុក​នៅ​មុន​ការ​រំឭក​ខួប​ថ្ងៃ​កំណើត​នគរបាល​ជាតិ​ថ្ងៃ​ ១៦​ ឧសភា នោះ លោក ហ៊ុន សែន បាន​កោត​សរសើរ​ដល់​កម្លាំង​នគរបាល​ជាតិ​ថា បាន​រក្សា​ស្ថិរភាព និង​សន្តិភាព​សម្រាប់​ប្រទេស បន្ទាប់​ពី​ទប់​ស្កាត់​ការ​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​តាម​រយៈ​បដិវត្តន៍​ពណ៌ ប៉ុន្តែ លោក​​ពុំ​បាន​លើក​ឡើង​ដោយ​ចំៗ​ចំពោះ​បក្ស​ប្រឆាំង​នោះ​ឡើយ។

លោក ហ៊ុន សែន បានលើកឡើងថា៖ «កងកម្លាំងនគរបាលជាតិបានបង្កើតស្នាដៃយ៉ាងធំធេង ក្នុង​ការ​រក្សា​នូវស្ថិរភាព ជីវភាពសង្គម និងប្រក្រតីភាពស្ថាប័នកំពូលរបស់រដ្ឋតាមរយៈការវាយឲ្យបរាជ័យនូវ​ឧបាយ​កល ពិលពុលរបស់ពួកអមិត្ត ដែលបានឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្ដួលរលំរាជរដ្ឋាភិបាល​ស្រប​ច្បាប់ តាមបែបផែនបដិវត្តន៍ពណ៌ ដណ្ដើមយកអំណាច ផ្ទុយពីគោលការណ៍នៃលទ្ធិ​ប្រជាធិប​តេយ្យ»

បន្ថែមលើនោះលោក​ ហ៊ុន សែន ក៏​ជំរុញ​ទៅ​នគរបាល​ជាតិ ឲ្យ​ធានា​ឲ្យ​បាន​នូវ​បរិយា​កាស​​ល្អ​សម្រាប់​យុទ្ធនាការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ខាងមុខ និងធានា​ភាព​សុខសាន្តជូនប្រជាពលរដ្ឋផងដែរ។

ទោះជាយ៉ាងណា ការ​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង ក្នុង​នោះ​មាន​ទាំង​ការ​ហាម​ឃាត់​មេដឹកនាំ​ជាន់​ខ្ពស់ ១១៨​រូប​របស់​បក្ស​នេះ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​នោះ ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​ថ្កោល​ទោស ដោយ​ចាត់​ទុក​ថា កម្ពុជា​បាន​ដើរ​ឃ្លាត​ចាក​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ