គ.ជ.ប បិទផ្លូវតវ៉ាចំពោះការរាប់សន្លឹកឆ្នោតនៅឃុំដូង ដោយបក្សប្រជាជនឈ្នះ២សំឡេង

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃអង្គារនេះប្រកាសបិទផ្លូវតវ៉ា ករណីការរាប់សន្លឹកឆ្នោតនៅឃុំដូង ខេត្តស្វាយរៀង ដោយគណបក្សប្រជាជនកម្ពុជាឈ្នះគណបក្សសង្គ្រោះជាតិចំនួនតែ​២សំឡេង។

គណៈកម្មាធិការជាតិរៀបចំកាបោះឆ្នោត បានរាប់សន្លឹកឆ្នោតឡើងវិញចំនួន ២៣ ការិយាល័យ នៅក្នុងឃុំដូង ស្រុករមាសហែក បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្តឹងដោយ​មិនសុខចិត្តចំពោះការរាប់សន្លឹកឆ្នោតនៅថ្នាក់ខេត្ត។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការរាប់សន្លឹកឆ្នោតម្សិលមិញ មានចំនួន៦៦សន្លឹក ដែលគណបក្សទាំងពីរមិនសុខចិត្ត ចំពោះការសម្រេចរបស់ក្រុមបច្ចេកទេស ហើយបក្សទាំងពីរបានដាក់ពាក្យប្ដឹងមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីឲ្យពិនិត្យមើលឡើងវិញ។ លោកបន្តថា នៅថ្ងៃនេះ គ.ជ.ប បានប្រជុំដោះស្រាយបណ្ដឹងរបស់គណបក្សទាំងពីរ ហើយសម្រាប់លទ្ធផលចុងក្រោយ គណបក្សប្រជាជនកម្ពុជាគឺទទួលបាន ២,៦១១ សំឡេង ហើយគណបក្សសង្គ្រោះជាតិទទួលបាន២,៦០៩ សំឡេង ដោយគណបក្សប្រជាជនឈ្នះ គណបក្សសង្គ្រោះជាតិចំនួន ២ សំឡេង។

លោកថា «សន្លឹកឆ្នោត៦៦ សំឡេងនេះ គឺជាសន្លឹកឆ្នោតវិវាទរបស់គណបក្សទាំងសងខាង ចឹងហើយបានគ.ជ.ប ធ្វើការសម្រេចចិត្តក្នុងការរាប់សន្លឹកឆ្នោត ៦៦ ឡើងវិញ។ ក្នុងស្មារតីអង្គប្រជុំនេះឯងគឺចង់ឲ្យយកអា ១៤១ ដែលជាសន្លឹកឆ្នោតអត់បានការយកមករាប់ឡើងវិញផងដែរ។ លទ្ធទទួលបានដូចអ្វីដែលបានជម្រាបមិញចឹង គណបក្សប្រជាជនកម្ពុជាទទួលបាន២,៦១១សំឡេង គណបក្សសង្គ្រោះជាតិទទួលបាន ២,៦០៩សំឡេង ជាការបិតផ្លូវតវ៉ាហើយចំដោះស្រាយចុងក្រោយនេះ»។

សមាជិកគណបក្សសង្រ្គោះជាតិខេត្តស្វាយរៀង លោក គង់ ម៉ាស់ ប្រាប់អ្នកសាព័ត៌មានថា ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃនេះ គណបក្សសង្គ្រោះជាតិទទួលយកទទួលយកបាន ដោយសារលទ្ធផលបានឃើញជាក់ស្ដែងទាំងអស់គ្នា។

លោកថា «ការរាប់នេះវាជាក់ស្ដែង យើងបានពិនិត្យមើលទាំងមន្ត្រីកិច្ចការបោះឆ្នោតរបស់គណបក្សក៏មកដែលមានរូបខ្ញុំនឹងមានទាំងលោកស្រី ម៉េង សុធារី មានទាំងខ្ញុំជាសមាជិកនាយកដ្ឋានកិច្ចការបោះឆ្នោតហើយយើងមើលឃើញថាការរាប់នេះ វាអស់ចិត្តហើយ យើងមើលឃើញ យើងតវ៉ាអីគ្រប់បែបយ៉ាងអស់។ ម្យ៉ាងមិនដឹងត្រូវតវ៉ាទៅណាទៀត បើថ្នាក់ជាតិ NEC សម្រេចយកលទ្ធផលនេះហើយជាផ្លូវការ ចឹងក៏អស់ចិត្តដែរ ដោយសារ យើងឃើញភាពជាក់ស្ដែងនឹងភ្នែក»។

នាយក​ប្រតិ​បត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​កាត់​ថា និចហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា បោះឆ្នោតអាណត្តិទី៤នេះ  គណបក្សទាំងពីរបានដាក់ពាក្យបណ្តឹងឲ្យគណៈកម្មាធិការរៀប​ចំការបោះឆ្នោតរាប់សន្លឹកឡើងវិញ ដោយសារ សន្លឹកឆ្នោតរបស់គណបក្សទាំងពីរប្រហាក់ប្រហែលគ្នា។

លោកថា «ភ្នាក់ងារគណបក្ស​គាត់សង្កេតមើលទាំងអស់គ្នាទៅ​ ដែលគេកំណត់តាមនីតិវិធីដែលគេកំណត់ថាសន្លឹកឆ្នោតណាវាបានការ វិញឬក៏មិនបានការដដែល វាស្រ័យទៅការកំណត់តាមច្បាប់។ បោះឆ្នោតលើកនេះយើងឃើញមានបណ្ដឹងរាប់សន្លឹកឆ្នោតឡើងវិញមានច្រើន ហើយបណ្ដឹងនឹងភាគច្រើនតែគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា ដោយសារ សន្លឹកឆ្នោតវាគៀកៗគ្នា ហើយសន្លឹកឆ្នោតអត់បានការវាច្រើន។ មន្ត្រីនៅការិយាល័យកំណត់ថាអាអត់បានការច្រើន បានគណបក្សនយោបាយគេប្ដឹងឡើងមកNEC តែអាស្រ័យទៅលើជាក់ស្ដែងតាមបទបញ្ជា នីតិវិធីទៅគណបក្សណាទទួលបានលទ្ធផលឈ្នះវិញ ជួនកាលវាអត់ទៀងទេជួនអីសង្រ្គោះជាតិឈ្នះវិញទៅក៏អាចថាបាន ជួនគណបក្សប្រជាជនឈ្នះទៅ អាហ្នឹងយើងត្រូវទទួលទាំងអស់គ្នា»។

បើតាមលទ្ធផល​បោះឆ្នោត​បឋម​នៅ​ក្នុង​ឃុំ​ដូង កាលពីដំបូងឡើយ គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន ២.៥៩៩​សំឡេង ដោយ​នាំ​មុខ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៣​សំឡេង ប៉ុន្តែគណបក្ស​ប្រជាជន​កម្ពុជាមិនសុខចិត្តក៏ប្តឹងតវ៉ា ហើយរាប់ឡើងគណបក្សនេះឈ្នះវិញតែ២សំឡេងប៉ុណ្ណោះ។

លោក ហង្ស ពុទ្ធា ឲ្យដឹងថា គិតមកដល់ថ្ងៃនេះ គ.ជ.ប ទទួលបានពាក្យបណ្ដឹងចំនួន ៤០ ហើយបណ្ដឹងទាំងនោះភាគច្រើន ប្ដឹងឲ្យរាប់សន្លឹកឡើងវិញ ខណៈបណ្ដឹងទូទៅមាន៩៧បណ្ដឹង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ