លោក ញឹក ប៊ុនឆៃ ថាទូរសព្ទច្រឡំលេខទៅមន្ដ្រីបក្សប្រឆាំង មុនរដ្ឋាភិបាលដកតំណែង

លោក ញឹក ប៊ុនឆៃ កាលពីពេលកន្លងទៅ។

ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលទើបត្រូវបានរដ្ឋាភិបាលដកតំណែងជាទីប្រឹក្សានោះ អះអាងថា លោកគ្មានបំណងចូលរួមជាមួយគណបក្សសង្គ្រោះជាតិទេ និងថា គ្រាន់តែទូរសព្ទច្រឡំលេខទៅមន្ដ្រីគណបក្សប្រឆាំងម្នាក់ប៉ុណ្ណោះ។

ក្នុងបទសម្ភាសន៍មួយជាមួយ VOA ដែលចេញផ្សាយនៅថ្ងៃអង្គារនេះ ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ពន្យល់ថា វាជាការយល់ច្រឡំមួយ ដែលលោកបានទូរសព្ទច្រឡំលេខទៅអនុប្រធានគណបក្សសង្គ្រោះជាតិលោក​ អេង ឆៃអ៊ាង។

លោកអះអាងថា ការពិត លោកចង់ទាក់ទងទៅលោក អ៊ី គឹមអៀង ប្រធានប្រតិបត្តិគណបក្សខ្មែររួបរួមជាតិ ស្រុកបារាយណ៍ ប៉ុន្ដែលោកថា មានគេផ្ដល់លេខទូរសព្ទឲ្យលោកច្រឡំ។ លោកថា លេខទូរសព្ទដែលគេផ្តល់ឲ្យ ជាលេខទូរសព្ទរបស់លោក អេង ឆៃអ៊ាង មិនមែនលេខរបស់លោក អ៊ី គឹមអៀង ទេ។

នេះជាសម្ដីលោក ញឹក ប៊ុនឆៃ ជាមួយ VOA៖ «នេះជាការភាន់ច្រឡំមួយហើយខ្ញុំជម្រាបជូនថា ខ្ញុំតាំងពីណាពីណីមកនោះ ខ្ញុំអត់ដែលមានទាក់ទងជាមួយលោក អេង ឆៃអ៊ាងទេ។ ហើយខ្ញុំក៏មិនដែលមានលេខលោក អេង ឆៃអ៊ាង អីដែរ»។

នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយលោក អេង ឆៃអ៊ាង មានការលើកឡើងថា លោក ញឹក ប៊ុនឆៃ បានអំពាវនាវឲ្យអ្នកគាំទ្ររបស់លោក បោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ នៅតាមឃុំ ដែលគណបក្សខ្មែររួបរួមជាតិ មិនបានដាក់បេក្ខជនឈរឈ្មោះ។

ករណីនេះ លោក ញឹក​ ប៊ុនឆៃ បដិសេធថា លោកមិនបាននិយាយដូច្នេះទេ ដោយសារលោកមិនបានបញ្ជាក់ឈ្មោះគណបក្សសង្គ្រោះជាតិ ក្នុងការសន្ទនានោះទេ។ លោកបន្ថែមថា គណបក្សដែលលោកស្នើឲ្យអ្នកគាំទ្របោះឆ្នោតជូននោះ គឺគណបក្សកាន់អំណាច ដោយថា លោក​ អ៊ី គឹមអៀង ជាមិត្តភក្ដិរបស់លោក មកពីគណបក្សប្រជាជន។

ក្នុងព្រះរាជក្រឹត្យ ដែលចុះហត្ថលេខា កាលពីថ្ងៃទី៤ ខែមិថុនា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ចប់តំណែងទីប្រឹក្សារាជរដ្ឋាភិបាល លោក ញឹក ប៊ុនឆៃ តបតាមសំណើរបស់នាយករដ្ឋមន្ដ្រី ហ៊ុន សែន។

ប៉ុន្ដែព្រះរាជក្រឹត្យនេះ មិនបានបញ្ជាក់មូលហេតុ នៃការបញ្ចប់តំណែង លោក ញឹក ប៊ុនឆៃ ទេ។

 

VOD មិនទាន់អាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន និងលោក សួស យ៉ារ៉ា បានទេ ដោយសារទូរសព្ទចូល គ្មានអ្នកទទួល។

ចំពោះអ្នកវិភាគបញ្ហានយោបាយគឺលោកបណ្ឌិត មាស នី មានការងឿងឆ្ងល់ពីចេតនាពិតប្រាកដរបស់អ្នកផ្ដល់លេខទូរសព្ទឲ្យ ដោយលោកចោទជាសំណួរតាមហ្វេសប៊ុករបស់លោកថា «តើមនុស្សដែលហុចលេខទូរសព្ទឲ្យលោក ញឹក ប៊ុនឆៃ ជានរណា? តើវាជាចេតនាធ្វើឲ្យច្រឡំលេខ ឫជាភាពចៃដន្យដោយជូនលេខឲ្យមេច្រឡំ?» ។

លោកឲ្យVODដឹងបន្ថែមតាមទូរសព្ទថា៖ «សំខាន់តែប៉ុណ្ណឹងថា តើនរណា ជាអ្នកដែលឲ្យលេខទូរសព្ទមកហ្នឹង ថាតើជារឿងចៃដន្យ ឬរឿងបង្កើតឡើងអញ្ចឹង?»។

កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានចែកចាយព័ត៌មានពីគំរោងដែល លោក ញឹក ប៊ុនឆៃ ចង់ចុះចូលជាមួយគណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោតឃុំសង្កាត់។ ទោះជាយ៉ាងណា នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មានក្នុងស្រុកមួយ ប្រធានគណបក្សខ្មែររួបរួមជាតិរូបនេះ បានច្រានចោលការលើកឡើងនេះ និងថាលោកបានប្រាប់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ