គ.ជ.ប ជ្រើសរើសមន្ដ្រីជាង១សែននាក់បម្រើការតាមការិយាល័យបោះឆ្នោត

កិច្ចប្រជុំរបស់ គ.ជ.ប ទៅលើការចុះឈ្មោះបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ប្រកាសជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាជាង១សែននាក់ ដើម្បីបម្រើការងារនៅតាមការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតថ្នាក់ជាតិខែកក្កដាខាងមុខនេះ។

បើតាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី៨ខែមិថុនា ដែល VOD ទើបតែទទួលបាននៅថ្ងៃនេះ គ.ជ.ប ប្រកាសជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោតចំនួន ១៣ម៉ឺន ៧ពាន់៨រយ២នាក់​ (១៣៧ ៨០២នាក់) ដើម្បីបម្រើការងារនៅតាមគណៈកម្មការការិយាល័យបោះឆ្នោតទូទាំងប្រទេស សម្រាប់មុខដំណែងមួយចំនួន ដូចជា ប្រធាន និងអនុប្រធានគណៈកម្មការការិយាល័យបោះឆ្នោត លេខាធិការ និងសមាជិកទី១ ទី២ និងទី៣។

បើតាមសេចក្ដីជូនដំណឹង ការទទួលពាក្យនឹងចាប់ផ្ដើមពីថ្ងៃទី២កក្កដា ហើយឈប់ទទួលពាក្យនៅថ្ងៃទី៨កក្កដាឆ្នាំ២០១៨។

នាយកប្រតិបត្តិអង្គការណិចហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា គ.ជ.ប ត្រូវពង្រឹង និងបណ្ដុះបណ្ដាលសមត្ថភាពមន្ដ្រី ដែលខ្លួនប្រកាសជ្រើសរើសនេះ។

បើសិនជាការបណ្ដុះបណ្ដាលមិនបានពេញលេញទេ ការអនុវត្តការងារក៏មានការឆកល្វែងដែរ។ ខ្ញុំមិនមានការបារម្ភទេ ព្រោះការបោះឆ្នោតលើកនេះ មិនអីគួរឲ្យសង្ស័យច្រើនទេ គណបក្សនយោបាយក៏មានច្រើនដែរ ២០ឯណោះ គាត់ពង្រាយភ្នាក់ងាររបស់គាត់នៅតាមការិយាល័យ

នាយកប្រតិបត្តិអង្គការណិចហ្វិច លោក សំ គន្ធាមី

មន្ដ្រីជាន់ខ្ពស់កម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស យល់ថា ការបណ្ដុះបណ្ដាល និងការអនុវត្តជាក់ស្ដែងរបស់មន្ដ្រីទាំងនោះ គឺជារឿងសំខាន់។ ប៉ុន្ដែ លោកថា ការចូលរួមរបស់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ក៏ចាំបាច់ផងដែរ ដើម្បីបង្ហាញពីតម្លាភាព និងភាពត្រឹមត្រូវតាមនីតិវិធីនៃច្បាប់បោះឆ្នោត។

ជាពិសេសយើងមើលនៅក្នុងឆ្នាំ២០១៧ ឆ្នាំ២០១៣ កន្លែងណាមានភ្នាក់ងារគណបក្សនយោបាយច្រើន មានអ្នកអង្កេតការណ៍ច្រើន ការអនុវត្តហ្នឹង តែងតែមានការផ្ទៀងផ្ទាត់គ្នា។​ យើងមើលការរាប់ហ្នឹង គឺមានការតវ៉ា មានប្ដឹង គឺជាចំណុចមួយប្រកបដោយការពិនិត្យ និងការយកចិត្តទុកដាក់

មន្ដ្រីជាន់ខ្ពស់កម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស

បើតាមរបាយការណ៍អង្គការខុមហ្វ្រែល សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅអាណត្ដិទី៥ ឆ្នាំ២០១៣ មានមន្ដ្រីចំនួន ១១៤ ០៥២នាក់ បម្រើការងារនៅការិយាល័យបោះឆ្នោតចំនួន ១៩០ ០០៩ ការិយាល័យ​។​ ចំណែកការបោះឆ្នោតអាណត្តិទី៦ឆ្នាំ២០១៨នេះ មានការិយាល័យបោះឆ្នោតចំនួន​២២ ៩៦៧។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ