ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ចោទ​ថា​ មន្រ្តី​ទាហាន​និង​អាជ្ញាធរ​យក​ដី​សហគមន៍​លក់​ឲ្យ​ក្រុមហ៊ុន

រូបភាពដែលពលរដ្ឋមកពីកំពង់ស្ពឺ បង្ហាញពីទំនាស់ដីធ្លីជាមួយមន្រ្តីទាហានម្នាក់ ឈ្មោះ ប៊ូ សុខគីម កាលពីឆ្នាំ ២០០៥ (រូបថត៖ ឃុត សុគន្ធ)

អ្នកមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុង ផាត់ ក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺចោទ មន្រ្តីទាហានម្នាក់ ឈ្មោះ ប៊ូ សុខគីម និងមន្រ្តីអាជ្ញាធរស្រុកបានឃុបឃិតគ្នាក្លែងបន្លំលិខិតលួចលក់ដីសហគមន៍ទៅឲ្យក្រុមហ៊ុន។

ពលរដ្ឋប្រមាណ១០០នាក់មកពីឃុំសង្កែសាទបក្នុងស្រុកឱរ៉ាល នៅថ្ងៃនេះបានប្រមូលផ្តុំគ្នាមុខក្រសួងរៀបចំដែនដី ដើម្បីសុំទៅរដ្ឋមន្រ្តី លោក ជា សុផារ៉ា ដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់ពួកគេ ខណៈវិវាទបានអូសបន្លាយរយៈពេល១៣ឆ្នាំហើយនោះ។

ពលរដ្ឋម្នាក់លោក ទេព ដាវុធ ប្រាប់វីអូឌីកន្លែងតវ៉ាថា ដីសហគមន៍ដែលមន្រ្តីទាហាន និងអាជ្ញាធរឃុបឃិតគ្នាលក់ទៅឲ្យក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុង ផាត់ នោះមានទំហំ៣៧៣៩ហិកតា ហើយពលរដ្ឋដែលអាស្រ័យផលពីដីនោះមានប្រហែល៤៧០គ្រួសារ។

ដីសហគមន៍ដែលគេកាត់ឲ្យពលរដ្ឋយើងខ្ញុំហ្នឹងអត់មានចូលក្នុងដីដែលគេសម្បទានឲ្យក្រុមហ៊ុន លីយ៉ុងផាត់ ទេ។ ឥលូវដីហ្នឹងក្រុមហ៊ុនយក ប៉ុន្តែគេមិនមែនរំលោភបំពានដោយផ្ទាល់ទេ តែគេឃុបឃិតគ្នាជាមួយអាជ្ញាធរស្រុក និងនាយរងសេនាធិការភូមិភាគ៣លោក ប៊ូ សុខគីម ដោយពួកហ្នឹងបានរកពលរដ្ឋដែលមកកាប់ឈើដុតធ្យូងផ្តិតមេដៃដោយថ្នូរលុយម្នាក់១ម៉ឺន ម្នាក់២ម៉ឺន ហើយពួកគេបានឯកសារដើម្បីយកទៅបញ្ជាក់ជាមួយអាជ្ញាធរស្រុក ខេត្តថា ពលរដ្ឋសហគមន៍ហ្នឹងព្រមព្រៀងលក់ដីឲ្យក្រុមហ៊ុន

លោក ទេព ដាវុធ ពលរដ្ឋម្នាក់ដែលមានទំនាស់ដីធ្លី

លោក ម៉ម សុវណ្ណ ដែលអះអាងថា ជាតំណាងពលរដ្ឋមានប្រសាសន៍ថា កាលផ្ទុះជម្លោះកាលឆ្នាំ២០០៥ អាជ្ញាធរស្រុក និងនាយរងសេនាធិការភូមិភាគ៣ លោក ប៊ូ សុខគីម បានប្រើប្រាស់កម្លាំងទាហានទៅបណ្តាញពលរដ្ឋចេញពីដីមានជម្លោះទាំងបង្ខំ និងបានប្រើប្រាស់ម៉ាស៊ីនត្រង់ឌឺន័រ កាត់ផ្តួលរំលំផ្ទះពលរដ្ឋចោលជាច្រើនខ្នងទៀតផង។

លោកបន្តថា កាលនោះតំណាងពលរដ្ឋមួយចំនួនក៏ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនមួយរយៈផងដែរ ប៉ុន្តែបានដោះលែងវិញ ក្រោយអ្នកភូមិរកកិច្ចអន្តរាគមន៍ពីលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោកបន្ថែមថា«កាលណោះ គេដេញវាយ ដល់អញ្ចឹងខាងខ្ញុំជាប្រជាពលរដ្ឋដែលឃើញមក មិននាំគ្នារត់! ព្រោះគេសុទ្ធតែកាំភ្លើង ហើយខ្លះគេយកត្រង់ឌឺន័រមកកាត់ផ្តួលរំលំផ្ទះប្រជាពលរដ្ឋ ហើយមេសហគមន៍ប៉ុន្មាននាក់ ដែលឡើងទៅលើនោះក៏គេចាប់ឃុំ     ហើយប៉ុន្មាននាក់ទៀតបានស្លាប់អស់ហើយដោយសារជំងឺមិនបានតតាំងក្តីទេ»។

វិអូឌីមិនអាចសុំឆ្លើយតបពីអាជ្ញាធរស្រុកឱរ៉ាល និងមន្រ្តីទាហាន លោក ប៊ូ សុខគីម បានទេជុំវិញការចោទប្រកាន់របស់ក្រុមពលរដ្ឋនេះ។ ចំណែកមន្រ្តីក្រសួងរៀបចំដែនដីបានប្រាប់ឲ្យពលរដ្ឋរងចាំដោយសន្យាពិនិត្យឯកសារ និងចុះស្រាវជ្រាវដើម្បីដោះស្រាយ ប៉ុន្តែមិនកំណត់រយៈពេលច្បាស់លាស់នោះទេ។ នេះបើតាមតំណាងពលរដ្ឋ លោក ម៉ម សុវណ្ណ។

ក្រុមពលរដ្ឋអះអាងថា ការដោះស្រាយដែលអ្នកភូមិចង់បាននោះ គឺសុំទៅរដ្ឋាភិបាលកាត់ឆ្វៀលដីមកឲ្យពលរដ្ឋវិញ និងបំលែងដីនោះទៅជាដីសង្គមកិច្ចវាស់វែងចែកជូនពលរដ្ឋទាំង៤៧០គ្រួសារ ធ្វើជាកម្មសិទ្ធដើម្បីបានបង្កបង្កើនផល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ