អគ្គលេខាធិការរង គ.ជ.ប ស្នើតុលាការកំពូលពន្យារពេលសវនាការដល់បោះឆ្នោតរួច

​លោក នី ចរិយា​ កាល​ពីពេល​កន្លងទៅ

អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក នី ចរិយា នៅថ្ងៃនេះ ស្នើទៅតុលាការកំពូលឲ្យពន្យារសវនាការរហូតដល់បោះឆ្នោតរួចសិន ទាក់ទិននឹងសំណុំរឿងបរិហាកេរិ៍្តដែលប្ដឹងដោយមន្ត្រីតុលាការខេត្តសៀមរាប។

កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៦  សាលាឧទ្ធរណ៍ បានសម្រេចឲ្យលោក នី ចរិយា ជាប់ពន្ធនាគារចំនួន៦ខែ និងពិន័យជាប្រាក់ចំនួន៦លានរៀល ដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែរ ពាក់ព័ន្ធនឹងបណ្តឹងរបស់មន្ត្រីតុលាការខេត្តសៀមរាប ដែលប្តឹងលោកពីបទបរិហារកេរ្តិ៍។ ដោយមិនសុខចិត្តការសម្រេចនេះលោក នី ចរិយាបានប្ដឹងសារទុក្ខមកតុលាការកំពូល។

នៅថ្ងៃនេះតុលាការកំពូលបានបើកសវនាការ ប៉ុន្តែផ្អាកវិញក្រោយមានការស្នើពីមេធាវីការពារក្តីឲ្យលោក នី ចរិយា។​

មេធាវីការពារក្ដីឲ្យលោក នី ចរិយា លោក សំ សុខគង់ ប្រាប់អ្នកសារព័ត៌ថា ការសុំពន្យារពេលសវនាការនៅថ្ងៃនេះ ដោយសារកូនក្ដីរបស់លោកទើបទទួលបានដីកាពីតុលាការកាលពីម្សិលមិញ។

យើងក៏ឃើញមានអវត្តមានដើមបណ្ដឹងរដ្ឋបវេណី គឺលោក ព្រះរាជអាជ្ញារង សុខ កែវ បណ្ឌិត ក៏ដូចជាលោកចៅក្រម គី ឫទ្ធី ហើយនៅក្នុងរឿងនេះ ឃើញថា វត្តមានដើមបណ្ដឹងរដ្ឋប្បណីគឺជាភស្តុតាងមួយសំខាន់នៅក្នុងរឿងក្ដី អញ្ចឹងហើយ បានជាលោក នី ចរិយា ក៏ដូចមេធាវីតំណាងហ្នឹង គឺសម្រេចស្នើទៅតុលាការកំពូល ដើម្បីពន្យារពេលសវនាការទៅលើកក្រោយ ហើយសុំឲ្យមានសវនាការក្រោយថ្ងៃបោះឆ្នោត ដោយសារបច្ចុប្បន្ននេះ លោក នី ចរិយា មានតួនាទីជាអគ្គលេខាធិការរងគ.ជ.ប​មានការមមាញឹក

លោក សំ សុខគង់ មេធាវីការពារក្ដីឲ្យលោក នី ចរិយា

អ្នកនាំពាក្យតុលាការកំពូល លោកអ៊ុក គឹមសិទ្ធិ ថ្លែងថា ក្រោយការទទួលសំណើ និងមានការពិភាក្សារួច តុលាការសម្រេចយល់ព្រម។​

អ្នកនាំពាក្យតុលាការកំពូល លោក អ៊ុក​ គឹម​សិទ្ធិ​  លោកថា៖«​មេធាវីគាត់ស្នើសុំឲ្យពន្យាពេលបោះឆ្នោតហើយ! ហើយតុលាការបានឯកភាពលើករឿងនេះទៅបោះឆ្នោតហើយបានន័យថា លើកពេលរឿងហ្នឹងត្រូវយកមកជម្រះពេលបោះឆ្នោតហើយ »។

​លោក នី ចរិយា ត្រូវបានលោក សុខ កែវ​បណ្ឌិត ព្រះ​រាជអាជ្ញារង​និង​ចៅក្រម​ស៊ើប​អង្កេត​លោក គី រិទ្ធី ប្ដឹងពីបទ​បរិហាកេរ្តិ៍​ជាសាធារណៈ​និង​ផ្សព្វផ្សាយព័ត៌មានមិនពិត បន្ទាប់ពីលោក​ធ្វើ​សន្និសីទ​សារព័ត៌មានបង្ហាញ​ទំនាស់​ដីធ្លី​មួយ​កន្លែង​រវាង​ប្រជាពល​រដ្ឋ​ និង​សហគមន៍​តាខ្មៅ ក្នុង​ខេត្ត​សៀមរាប​ដោយ​នៅ​ក្នុង​ឆ្នាំ​២០១២​ សហគម​ន៍បាន​ស្នើ​ដី​ ៤១៩​ហិកតា​ ពី​សាលាខេត្ត​សៀមរាប ​ដើម្បី​អភិវឌ្ឍកសិកម្ម​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ