តុលាការ​សម្រេច​ឃុំខ្លួន​ជនត្រូវចោទបាញ់សម្លាប់​លោក កែម ឡី

បុរស ដែលសមត្ថកិច្ចចាប់បាននិងថាជាខ្មាន់កំាភ្លើងបាញ់សម្លាប់លោក កែម ឡី​

ចៅក្រមស៊ើបសួរ លោក សេង លាង បានសម្រេចឃុំខ្លួនបុរសដែលត្រូវសមត្ថកិច្ចចាប់ខ្លួននិងថាជាខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក កែម ឡី។

អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យសប្តាហ៍មុន នៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។ ក្រោយពីការបាញ់សម្លាប់ភ្លាមៗ ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានសមត្ថកិច្ចតាមចាប់និងចាប់ខ្លួនបាន។ បុរសម្នាក់នោះបានអះអាងថាខ្លួនឈ្មោះ ជួប សំលាប់។ ក្រុមគ្រួសារបានះអះអាងថាលោកមានឈ្មោះថា អឿត អាង ដែលមានភរិយារស់នៅក្នុងភូមិនគរភាស២ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។

នៅម៉ោង៤និង៤០នាទី បុរសដែលអះអាងថាខ្លួនឈ្មោះ ជួប សំលាប់ ត្រូវបានសមត្ថកិច្ចដឹកចេញពីតុលាការ បញ្ជូនទៅពន្ធនាគារព្រៃស។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងនិងជាព្រះរាជអាជ្ញារងដែលកាន់សំណុំរឿងនេះ លោក លី សុផាណាមានប្រសាសន៍នៅរសៀលថ្ងៃពុធនេះថា៖ “ក្រោយពីបញ្ចប់ការសួរចម្លើយនិងកិច្ចពិភាក្សាដេញដោលចំពោះមុខ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទ”។ លោកបន្តថាជនល្មើសឆ្លើយដោយខ្លួនឯង ដោយមិនមានមេធាវីនិងមិនទាន់បានពឹងពាក់មេធាវីការពារសិទ្ធិឲ្យខ្លួននៅឡើយទេ រហូតមកដល់ពេលនេះ។

កាលពីព្រឹកថ្ងៃពុធ ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់បុរសម្នាក់នោះ ចំនួនពីរបទចោទ គឺទីមួយទាក់ទងនឹងការកាន់ឬការដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាតនិងឃាតកម្មគិតទុកជាមុនតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។ លោក លី សុផាណា បញ្ជាក់ថាបើតាមជនល្មើស ខ្លួនមានឈ្មោះ ជួប សំលាប់ ហៅសំលាប់ អាយុ៣៨ឆ្នាំ។ លោកមានប្រសាសន៍ថា៖ “យើងសម្រេចចោទប្រកាន់តាមសាវតាជាតិដែលជនល្មើសបានបញ្ជាក់សិននៅដំណាក់កាលនេះហើយយើងនឹងធ្វើការស្រាវជ្រាវសាវតាជាតិនេះអោយបានច្បាស់លាស់តាមនីតិវិធីនៅដំណាក់កាលបន្តទៀតដែលមានរយៈពេលគ្រប់គ្រាន់សម្រាប់កិច្ចការនេះ”។

ប្រសិនបើរកឃើញកំហុស លោកអាចប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌដែលចែងថាបទឃាតកម្មគិតទុកជាមុនដែលជាអំពើសម្លាប់មនុស្សដោយគិតទុកជាមុនឬដោយការពួនស្ទាក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

មាត្រា៤៩០នៃក្រមព្រហ្មទណ្ឌចែងថាគ្រប់បុគ្គលដែលនៅក្រៅលំនៅឋានរបស់ខ្លួនយកតាមខ្លួនឬដឹកជញ្ចូនអាវុធគ្រឿងផ្ទុះឬគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ៦លានរៀល។

អ្នកស្រី ហឿម ហ៊ត់ អាយុ៤៥ឆ្នាំ ដែលអះអាងថាជាប្រពន្ធរបស់ជនសង្ស័យ បានប្រាប់អ្នកយកព័ត៌មានវីអូឌីកាលពីថ្ងៃចន្ទ ពេលចុះទៅជួបផ្ទាល់ថាប្តីរបស់អ្នកស្រីមានឈ្មោះថា អឿត អាង ហើយអ្នកស្រីមិនដែលឭឈ្មោះជួប សម្លាប់ នោះទេ។ អ្នកស្រីបន្តថាប្តីបានមករាជធានីភ្នំពេញជាង១០ថ្ងៃមកហើយមកដល់ពេលនេះ តែអ្នកស្រីថាមិនបានដឹងពីមូលហេតុដែលប្តីមកភ្នំពេញនោះទេ។

បើតាមអ្នកស្រី ហឿម ហ៊ត់ អ្នកស្រីទើបតែរៀបចំពិធីសែនការជាមួយលោក អឿត អាង បានប្រហែល២ខែប៉ុណ្ណោះ គឺកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។ អ្នកស្រីឲ្យដឹងទៀតថាពីដំបូងឡើយ ប្តីរបស់អ្នកស្រីបានបួសជាព្រះសង្ឃនៅវត្ដក្រឡាញ់ ក្នុងស្រុកក្រឡាញ់ផងនិងធ្លាប់ធ្វើជាចៅអធិការនៅវត្ដពើងតានន្ទ ស្រុកអង្គរជុំខេត្ដសៀមរាបផងដែរ។ អ្នកស្រីបានបញ្ជាក់ទៀតថាប្តីធ្វើការផ្នែកបរិស្ថានគឺជានាយករងប្រតិបត្ដិ តែអ្នកស្រីមិនដឹងពីព័ត៌មានលម្អិតនោះទេ។

ទោះជាយ៉ាងណា មន្ទីរបរិស្ថានខេត្ដសៀមរាបបានបញ្ជាក់ថាមិនមានឈ្មោះ អឿត អាង ជាមន្ដ្រីស្ថាប័ននោះទេ ដោយលោកថាអាចជាមន្ដ្រីអង្គការបរិស្ថានណាមួយដែលធ្វើការលើផ្នែកនេះ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ថាប្តីសម្លាប់លោក កែម ឡី អ្នកស្រីបន្ថែមថា៖ “ទេ ធម្មតាលោកគ្រូ គាត់ធ្វើអំពើអាក្រក់ ក៏ស្រេចតែគាត់ទៅ ខ្ញុំក៏មិនដឹងដែរ ខ្ញុំប្រពន្ធ ខ្ញុំមិនបានប្រើគាត់ឲ្យទៅចុះទេ បើដឹងគាត់ទៅអញ្ចុះ ប្រពន្ធដែលឲ្យទៅទេ ប៉ុន្មានលានដុល្លារ ក៏ខ្ញុំមិនឲ្យទៅដែរ សុខចិត្តក្រខ្សត់ អត់ឃ្លាន ក៏នៅហូបអំបិលហូបប្រហុក ជុំប្តីជុំប្រពន្ធតើ មិនឲ្យសម្លាប់គេទេ បើយើងសម្លាប់គេហើយ មានទោសហើយ”។

ទោះជាយ៉ាងណា អ្នកស្រីក៏ឲ្យដឹងទៀតថាប្តីធ្លាប់បានលេងល្បែង ហើយបានយកលុយលក់ម៉ូតូបានយកទៅលេងល្បែង។ ទោះជាយ៉ាងណា អ្នកស្រីបញ្ជាក់ថាមិនបានស្តីបន្ទោសប្តីនោះទេ។

ម្តាយរបស់លោក អឿត អាង អ្នកស្រី ឯក តាំ អាយុ៦៤ឆ្នាំ រស់នៅក្នុងភូមិទន្លេស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ អ្នកស្រីប្រាប់អ្នកយកព័ត៌មានវីអូឌីពេលចុះទៅដល់កន្លែងអ្នកស្រីរស់នៅថាអ្នកស្រីឃើញកូនប្រុសតាមទូរទស្សន៍និងឃើញប្រឡាក់ឈាម តែអ្នកស្រីឆ្ងល់ថាមិនដឹងមានរឿងអ្វីកើតឡើងចំពោះកូនប្រុស។ អ្នកស្រីបន្តថាកូនប្រុសបួស៤ឆ្នាំ ហើយមុននោះទៅរកស៊ីនៅប្រទេសថៃជាមួយអ្នកជិតខាង។ អ្នកស្រីបន្តថាធ្លាប់ឭកូននិយាយកាលពីនៅបួសថាមានគេជំពាក់លុយ៣ពាន់ដុល្លារ។ អ្នកស្រីមិនបានបញ្ជាក់ថាស្គាល់ឈ្មោះកែម ឡី នោះទេ តែថាកូនតែងនិយាយថាទារលុយគេមិនបានចំនួន៣ពាន់ដុល្លារ។

ទោះជាយ៉ាងណា អ្នកស្រីថាអ្នកស្រីមិននឹកស្មានថាកូនប្រព្រឹត្តអំពើឃាតកម្មបែបនេះនោះទេ។ អ្នកស្រីបញ្ជាក់ថា៖ “បើខ្ញុំដឹង ខ្ញុំមិនឲ្យកូនកាន់អំពើអាក្រក់ចុះទេ ព្រោះជីវិតគេដូចតែជីវិតយើង។ ខ្ញុំណា បើសិនតែខ្ញូំដឹង នៅស្រុកនេះ ខ្ញុំចាប់ទាញដៃ មិនឲ្យកូនធ្វើចុះទេ ព្រោះជីវិតគេមួយ គេស្តាយប៉ុន្មាន ហើយយើងមួយក៏ស្តាយប៉ុន្មាន ដល់អញ្ចឹងខ្ញុំខ្លោចចិត្តអស់ ខ្លោចចិត្ត ខ្ញុំមិនដឹងរឿងរ៉ាវអីសោះ”។

ទាក់ទងនឹងឈ្មោះ ជួប សម្លាប់ អ្នកស្រីបានរៀបរាប់ឈ្មោះនេះត្រូវបានដាក់ឲ្យពេលលោកធ្វើជាទាហាន។

ភរិយារបស់លោក កែម ឡី អ្នកស្រី ប៊ូ រចនា បានប្រាប់វីអូឌីថាប្តីរបស់អ្នកស្រីមិនដែលមានបញ្ហាជាមួយអ្នកណានោះទេ។ អ្នកស្រីបានច្រានចោលការលើកឡើងថាលោក កែម ឡី ជំពាក់លុយគេមិនសង។ អ្នកស្រីចាត់ទុកករណីនេះជារឿងនយោបាយ៕ ដោយ ទូច សុខា និងស៊ុន ណារិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ