លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដើម្បីរៀបចំពិធីអបអរសាទរការបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៨ខែកក្កដានេះ។
នៅក្នុងសេចក្ដីសម្រេចចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ឲ្យដឹងថា គណៈកម្មការអន្តរក្រសួងនេះ មានតួនាទីដឹកនាំ និងសម្របសម្រួលរាល់ដំណើរការការងារទាំងអស់ ដូចជា រៀបចំខ្លឹមសារ ឯកសារ លិខិតបទដ្ឋានរដ្ឋាបាល បដាពាក្យស្លោក និងបោះពុម្ពអាវសម្រាប់កម្មវិធី រៀបចំគម្រោងចំណាយនៃដំណើរការរៀបចំពិធី រៀបចំទម្រង់សិល្បៈទស្សនីយភាពនិងការសម្ដែងនានាក្នុងព្រឹត្តិការណ៍ រៀបចំការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសង្គ្រោះបន្ទាន់ជាដើម។
បើតាមសេចក្ដីសម្រេចឲ្យដឹងថា គណៈកម្មការអន្តរក្រសួងដែលទទួលបន្ទុកនោះ មានរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋលេខាធិកាគ្រប់គ្រងក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់។ នៅក្នុងសេចក្ដីសម្រេចឲ្យដឹងថា ការបង្កើតគណៈកម្មការអន្តរក្រសួងនេះ យោងតាមការចាំបាច់។
រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បានក្លាយជាតំបន់ប្រវត្តិសាស្ត្រទី៣របស់ប្រទេសកម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់ប្រាសាទអង្គរវត្តត្រូវបានដាក់បញ្ចូលនៅឆ្នាំ១៩៩២ និងប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលនៅឆ្នាំ២០០៨។
រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ភាគកណ្ដាលប្រទេសកម្ពុជា និងមានចម្ងាយជាង ២០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ គឺជាអតីតរាជធានីឦសានបុរៈរបស់ប្រទេសកម្ពុជានៅមុនសម័យអង្គរ នៅចន្លោះសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៩៕