មេដឹកនាំ​ហ្វីលីពីន​មិន​សុំ​ទោស​ចំពោះ​ការហៅ​ប្រេសិត​អាមេរិក​ថា​«​ខ្ទើយ​»

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte(រូបភាពពីបណ្តាញ​សារព័ត៌មានChannel News Asia)

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កាលពីថ្ងៃម្សិលមិញ បានបដិសេធសុំទោសចំពោះការហៅអគ្គរដ្ឋអាមេរិកថា «ខ្ទើយ» និង «កូនស្រីខូច» នោះឡើយ ដែលការថ្លែងដូច្នោះ បានបង្កឲ្យមានវិវាទកាទូតរវាងប្រទេសទាំងពីរ។

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ក្រសួងការបរទេសអាមេរិក បានកោះហៅមន្ត្រីប្រេសិតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទកន្លងមក ឲ្យចូលទៅពន្យល់អំពីមូលហេតុដែលលោក Duterte បានប្រើប្រាស់សម្ដីបែបនេះ កាលពីសប្ដាហ៍មុន ទៅលើអគ្គរដ្ឋទូតអាមេរិក លោក Philip Goldberg នៅក្នុងសុន្ទរកថាទៅកាន់កងទ័ព។ ស្ថានទូតអាមេរិក កាលពីថ្ងៃម្សិលមិញ បានរំលឹកឡើងវិញថា សម្ដីរបស់លោក Duterte គឺជាភាសាមិនសមរម្យ និងមិនអាចទទួលយកបាន។

តាម AFP បានផ្សាយបន្តថា ប៉ុន្តែ លោក Duterte នៅតែប្រកាន់ជំហរបែបនេះ ដោយលោកថ្លែងថា៖ «ខ្ញុំនឹងមិនសុំទោសអ្វីឡើយ។ គេមិនបានសុំទោសខ្ញុំទេ នៅពេលយើងជួបគ្នា។ ហេតុអ្វីខ្ញុំគួរសុំទោសគេ?»

លោក Duterte បានប្រាប់អ្នកកាសែតថា លោក Goldberg បានចាប់ផ្ដើមវិវាទនេះ ដោយលោករំលឹកឡើងវិញថា អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែឧសភាកន្លងមក អគ្គរដ្ឋទូតអាមេរិក បានរិះគន់លោក ដែលបាននិយាយលេងសើចអំពីការរំលោភបេសកជនអូស្ត្រាលី ដែលត្រូវបានគេរំលោភសម្លាប់នៅក្នុងកុប្បកម្មក្នុងពន្ធនាគារកាលពីឆ្នាំ ១៩៨៩ នៅទីក្រុង Davao ជាទីក្រុងដែលលោក Duterte គ្រប់គ្រងអស់រយៈពេល ២ទសវត្សរន៍មកហើយនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ