កម្ពុជាស្វាគមន៍មិត្តចិន ដោយមានការរឹតបន្តឹងសន្តិសុខខ្លាំងនិងបិទផ្លូវ

លោក ហ៊ុន សែន និង លោក ហ្ស៊ី ជិនពីង ក្នុងជំនួបដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦ (រូបថត៖ ពេជ្រ ចំរ៉ុង)

សន្តិសុខរឹតបន្តឹងខ្លាំង និងផ្លូវមួយចំនួនត្រូវបិទ ដោយមាការចល័តកងរាជអាវុធហត្ថ និងនគរបាលច្រើនរយនាក់ ខណៈពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជារបស់ប្រធានាធិបតីចិនលោក ស៊ី ជីងពីង បានចាប់ផ្តើមហើយនៅរសៀលថ្ងៃទី១៣នេះ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថាទាំងកងរាជអាវុធហត្ថ និងនគរបាលមានកម្លាំងសរុបជាង ៧ ០០០នាក់ត្រូវដាក់ការពារសន្តិសុខដល់ប្រតិភូចិនសម្រាប់រយៈពេលពីរថ្ងៃនេះ។

អ្នករាយការណ៍ព័ត៌មានវីអូឌីបានឲ្យដឹងថា ក្រុមកងសន្តិសុខ ដែលប្រដាប់ដោយអាវុធទំនើប ម៉ូតូ និងរថយន្ត បានដាក់ការពារ និងត្រួតពិនិត្យ ឬស្កែន រួមទាំងចល័តនៅតាមតំបន់សំខាន់ៗមួយចំនួនដូចជា កន្លែងស្នាក់នៅរបស់គណៈប្រតិភូចិន ជុំវិញសណ្ឋាគារអ៊ិនធឺខន មហាវិថីនិងផ្លូវសំខាន់ៗ (ម៉ៅសេទុង និងសហព័ន្ធរុស្ស៊ី) រួមទាំងកន្លែងជួបប្រជុំផ្លូវការនៃភាគីទាំងពីរ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឲ្យដឹងថា ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ ផ្លូវនិងហាងលក់ដូរមួយចំនួនដែលនៅតាមបណ្តោយផ្លូវដែលគណៈប្រតិភូចិនឆ្លងកាត់ ត្រូវផ្អាកអាជីវកម្ម និងបិទបណ្តោះអាសន្ន។

បើតាមកម្មវិធីលោក ហ្ស៊ី ជិនពីង នឹងចូលទៅក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជានៅពេលរសៀល បន្ទាប់មកទៅដាក់កម្រងផ្តាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃដដែល។ គណៈប្រតិភូនៃប្រទេសចិននេះនិងត្រលប់ទៅវិញនៅថ្ងៃសុក្រទី១៤ តុលា វេលាម៉ោង៩និង៣០នាទីព្រឹក។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនថ្ងៃនេះ បាននាំមកនូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៣១ ដែលក្នុងនោះចិនបានចុះហត្ថលេខាផ្តល់ជំនួយបន្ថែមដល់កម្ពុជាដែលគិតជាទឹកប្រាក់គឺប្រមាណជាង ២០០លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

ប្រទេសចិនបានសន្យាផ្តល់ជំនួយជិត៦០០លានដុល្លារដល់ប្រទេសកម្ពុជារួចហើយនៅក្នុងឆ្នាំ២០១៦។ កម្ពុជាក៏បានស្នើសុំកញ្ចប់មូលនិធីបន្ទាន់ពីចិនមានទំហំទឹកប្រាក់៣០០លានដុល្លារ ដើម្បីទប់ស្កាត់បញ្ហាស្រូវធ្លាក់ថ្លៃ។

អ្នកវិភាគនិយាយថា កម្ពុជាបានដើរតួជារបាំងការទូតរារាំងប្រទេសសមាជិកអាស៊ានកុំឲ្យរួបរួមសាមគ្គីគ្នាប្រឆាំងរដ្ឋាភិបាលក្រុងប៉េកាំងពាក់ព័ន្ធជម្លោះនៅសមុទ្រចិនខាងត្បូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ