​វិភាគ៖ តើ​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា ប៉ះ​ពាល់​ដូចម្ដេច​ខ្លះ​ទៅ​ដល់​ការ​អភិវឌ្ឍនៅ​កម្ពុជា?

ពលរដ្ឋធ្វើដំណើរឆ្លងកាត់រូបថតព្រះមហាក្សត្រខ្មែរ និងលោករូបថតប្រធានាធិបតិីចិន ដែលត្រូវបានដាក់តាំងបង្ហាញនៅរាជធានីភ្នំពេញ

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង មកកាន់ប្រទេសកម្ពុជា ត្រូវបានក្រសួងការបរទេសកម្ពុជាប្រកាសឲ្យដឹងកាលពីថ្ងៃម្សិលមិញ បើទោះបីជាសារព័ត៌មានទាំងក្នុងស្រុកនិងក្រៅស្រុកបានផ្សព្វផ្សាយព្រោងព្រាតរួចហើយក៏ដោយ។ បើតាមសេចក្ដីប្រកាសក្រសួងការបរទេសកម្ពុជា នៅក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១៣ដល់១៤ ខែតុលានេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គ្រោងចូលបង្គំគាល់ព្រះមហាក្សត្រ នរោត្ដម សីហមុនី និងព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ។ ក្រៅពីនេះ មេដឹកនាំចិនរូបនេះ គ្រោងជួបជជែកពិភាក្សាលក្ខណៈទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុននឹងពួកគេធ្វើជាអធិបតីនៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងជាច្រើនរវាងប្រទេសទាំងពីរ។

ជាប្រវត្តិសាស្ត្រ ប្រទេសកម្ពុជានិងចិនមានទំនាក់ទំនងផ្នែកពាណិជ្ជកម្មនិងវប្បធម៌នឹងគ្នាទៅវិញទៅមកយ៉ាងតិចតាំងពីសម័យអង្គរមកម៉្លេះ។ ទោះជាយ៉ាងណានៅប្រវត្តិសាស្ត្រសម័យទំនើប ទំនាក់ទំនងកាទូតផ្លូវការរវាងប្រទេសទាំងពីរ បានចាប់ផ្ដើមឡើងកាលពីជាង៦ទសវត្សរ៍មុន បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីរបបអាណាព្យាបាលបារាំង។ ប៉ុន្តែទំនាក់ទំនងនេះបានឡើងចុះទៅតាមការផ្លាស់ប្ដូររបបដឹកនាំនៅក្នុងប្រទេសកម្ពុជា និងបរិបទនយោបាយសាកល ជាពិសេសបញ្ហាសង្គ្រាមត្រជាក់។

ទោះជាយ៉ាងណា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិន ដែលជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី ២ នៅលើពិភពលោក ត្រូវបានគេមើលឃើញថា មានភាពជិតស្និទ្ធនឹងគ្នាកាន់តែខ្លាំងនៅក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ។ ប្រទេសចិន ដែលធ្លាប់ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទោសកាលពីឆ្នាំ១៩៨៨ថា ជាដើមចមនៃការសម្លាប់ប្រជាជនកម្ពុជាជិត ២លាននាក់អំឡុងរបបខ្មែរក្រហមនោះ បានចាប់ផ្ដើមផ្ដល់ជំនួយ និងបង្កើនការវិនិយោគជាបន្តបន្ទាប់ មកក្នុងប្រទេសកម្ពុជា។

វិទ្យុសំឡេងសហរដ្ឋអាមេរិក បានផ្សាយថា ប្រទេសចិនបានផ្ដល់កម្ចីហិរញ្ញវត្ថុប្រហែល ១៥ពាន់លានដុល្លារ មកដល់កម្ពុជា នៅក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ហើយរដ្ឋាភិបាលក្រុងប៉េកាំង ថែមទាំងបានសន្យាផ្ដល់កម្ចី ៦០០លានដុល្លារបន្ថែមទៀត នៅក្នុងឆ្នាំ២០១៦នេះ។

កាលពីឆ្នាំ២០១៣កន្លងទៅ កម្ពុជាបាននាំចូលទំនិញពីចិនមានតម្លៃដល់ទៅ ៤.៣ពាន់លានដុល្លារ ដែលជាងពាក់កណ្ដាលនៃទំនិញនោះ គឺជាផលិតវាយនភ័ណ្ឌ ខណៈដែលការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន មានចំនួនត្រឹមតែ ៣៦១លានដុល្លារប៉ុណ្ណោះ ដោយពាក់កណ្ដាលនៃទំនិញនាំចេញរបស់កម្ពុជា គឺជាផលិតផលកៅស៊ូ និងឈើហ៊ុប។ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ត្រូវបានមេដឹកនាំប្រទេសទាំងពីរ សន្យាបង្កើនឲ្យដល់ចំនួន ៥ពាន់លានដុល្លារនៅឆ្នាំ២០១៧ខាងមុខនេះ។

ចំណែកឯទីភ្នាក់ងារព័ត៌មានកម្ពុជា AKP បានចុះផ្សាយកាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងមកថា ចិនគឺជាដៃគូវិនិយោគធំបំផុតនៅក្នុងប្រទេសកម្ពុជា ទៅលើគម្រោង ៥៤៣គម្រោង មានតម្លៃដល់ទៅ ១០.១ពាន់លានដុល្លារ ចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០១៥កន្លងមក។ របាយការណ៍របស់ក្រុមប្រឹក្សាអភិវវឌ្ឍន៍កម្ពុជា បានបង្ហាញថា ការវិនិយោគភាគច្រើនរបស់ចិន ផ្ដោតទៅលើវិស័យកាត់ដេរ កសិកម្ម ការរុករករ៉ែ និងការកសាងហេដ្ឋរចនាសម្ព័ន្ធ។

ជាមួយលំហូរវិនិយោគដ៏ច្រើនពីប្រទេសចិន វាបានបង្ហាញនូវចំណោទថា តើការវិនិយោគរបស់ចិនប៉ះពាល់ដូចម្ដេចខ្លះទៅដល់ការអភិវឌ្ឍន៍នៅកម្ពុជា?

ជាចំណុចវិជ្ជមាន លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា កំណើននៃការវិយោគរបស់ចិនក្នុងប្រទេសកម្ពុជា បានជំរុញដល់កំណើនម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល ខណៈដែលប្រទេសកម្ពុជាពុំមានប្រភពទុនគ្រប់គ្រាន់សម្រាប់បម្រើដល់ការអភិវឌ្ឍប្រទេស។

លោក គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា៖ “ការវិនិយោគរបស់ចិនមកកម្ពុជា បានជំរុញឲ្យមានកំណើនសេដ្ឋកិច្ច នៅពេលដែលធនធានដើមទុនកម្ពុជាមានកំណើន ហើយមនុស្សមានការងារធ្វើ”។

កាលពីខែសីហាកន្លងមក ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានព្យាករថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៦នេះ នឹងមានកំណើនក្នុងរង្វង់ ៧ភាគរយ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប៉ាន់ប្រមាណថា អត្រាកំណើនសេដ្ឋកិច្ចនេះ នឹងបន្តកើតមាននៅឆ្នាំ២០១៧ខាងមុខផងដែរ។

ការព្យាករកំណើនសេដ្ឋកិច្ចពីសំណាក់រដ្ឋាភិបាលកម្ពុជា មានលក្ខណៈស្របគ្នាទៅនឹងការព្យាករធ្វើឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី ដែលត្រូវបានប្រកាសកាលពីថ្ងៃទី២៧ ខែកញ្ញាកន្លងមកផងដែរ។

ទាំងរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក សុទ្ធិតែវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅតែរឹងមាំដូចការរំពឹងទុក ដែលជំរុញដោយកំណើននៃការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ជាវិស័យមួយដែលទទួលបានការវិនិយោគច្រើនពីសំណាក់ក្រុមវិនិយោគិនចិន។

ទោះជាយ៉ាងណា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានព្រមានថា ការវិនិយោគពីសំណាក់ក្រុមហ៊ុនចិនមួយចំនួន ដោយមិនខ្វាយខ្វល់អំពីការគោរពសិទ្ធិកម្មករ និងគោរពច្បាប់ការងាររបស់ប្រទេសកម្ពុជា នឹងជាឧបសគ្គរារាំងស្ទះដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

លោក គី សេរីវឌ្ឍន៍ មានប្រសាសន៍បន្តថា៖ “ប៉ុន្តែប្រសិនបើយើងមើលលើបញ្ហាអវិជ្ជមានវិញ ប្រសិនបើក្រុមហ៊ុនមកវិនិយោគហើយ ហើយបែរជាកេងប្រវ័ញ្ចគាប់សង្កត់ទៅលើកម្មករវិញ វានឹងក្លាយជាកត្តាមួយរារាំងដល់កំណើនសេដ្ឋកិច្ចទៅវិញ”។

ទោះបីបានទទួលស្គាល់ពីការចូលរួមចំណែករបស់កំណើនវិនិយោគចិនទៅលើក្នុងកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា និងប្រជាជនកម្ពុជាក៏ដោយ ក៏លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ហៅកាត់ថា NGO Forum បានប្រាប់ថា ការវិនិយោគរបស់ក្រុមហ៊ុនចិនមួយចំនួន ដែលមិនគោរពតាមគោលការណ៍ ឬច្បាប់កម្ពុជានោះ បានបង្កផលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ជនបទ។

លោក តឹក វណ្ណារ៉ា មានប្រសាសន៍ថា៖ “តិចឬច្រើន គឺជាកត្តាសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយក៏បានផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាដែរ”។

លោកបន្តថា៖ “ប៉ុន្តែទន្ទឹមនឹងការទទួលបានផលប្រយោជន៍ ការវិនិយោគមួយចំនួន ដែលមិនបានគោរពទៅតាមបទដ្ឋាន ឬគោលនយោបាយ ឬច្បាប់នោះ បានបង្កផលប៉ះពាល់ដល់ប្រជាជនកម្ពុជាយើងដែរ ដូចជា ករណីនៅខេត្តកោះកុង ព្រះវិហាជាដើម”។

យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកម្ពុជា AKP កាលពីខែសីហា ឆ្នាំ២០១៥ បានឲ្យដឹងថា ក្រុមហ៊ុនចិនឈ្មោះ Union Development Group បានវិនិយោគទឹកប្រាក់ប្រហែល ៣.៨ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍរមណីយដ្ឋានកោះស្ដេច ដែលស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង។

ក្រុមហ៊ុនចិនមួយនេះ បានទទួលដីសម្បទានទំហំ ៤៥១០០ហិចតាពីរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០០៨ ដែលក្រុមអង្គការសិទ្ធិមនុស្ស លើកឡើងថា វាធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនរយគ្រួសារនៅទីនោះ។

ដោយមើលឃើញថា ការវិនិយោគរបស់ក្រុមហ៊ុនចិនមួយចំនួន បានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនកម្ពុជានោះ លោក តឹក វណ្ណារ៉ា បានស្នើទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យធ្វើការរួមគ្នាដើម្បីធានាថា ផលប្រយោជន៍របស់ប្រជាជនកម្ពុជា ត្រូវបានធានា។

លោក តឹក វណ្ណារ៉ា មានប្រសាសន៍ថា៖ “អ្វីដែលយើងគួរគិតធ្វើរួមគ្នានៅថ្ងៃនេះសម្រាប់ថ្ងៃអនាគត ក្រុមហ៊ុនចិន រដ្ឋាភិបាល ក៏ដូចជាអង្គការសង្គមស៊ីវិល គួរធ្វើការរួមគ្នា ដើម្បីអភិឌ្ឍទាក់ទងនឹងគោលការណ៍រួម គោលនយោបាយ និងច្បាប់រួម ដែលជាយន្តការសំខាន់ ដើម្បីធានាដល់ការរកស៊ីចូលគ្នា ឬការវិនិយោគឲ្យមានលក្ខណៈល្អប្រសើរ ហើយក៏ជាយន្តការមួយជួយសម្រួលដល់ប្រជាជនដែលរងផលប៉ះពាល់មានសិទ្ធិ និងមានលំហរ ក្នុងការពិភាក្សាវែកញែកពីផលប្រយោជន៍ស្របច្បាប់ដែលពួកគាត់អាចទទួលបានពីគម្រោងអភិវឌ្ឍន៍ទាំងហ្នឹង”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ