សង្គមស៊ីវិលថាកម្តៅនយោបាយជាជ្រុងមួយធ្វើឲ្យយុវជនបាត់សិទ្ធិបោះឆ្នោត

មន្ត្រីអង្គការឃ្លាំមើលការបោះឆ្នោតមួយចំនួនបានលើកឡើងប្រហាក់ប្រហែលគ្នាថា ជម្លោះនយោបាយដែលនៅតែបន្តកើតឡើង ពួកគេថាជាជ្រុងមួយបង្កឲ្យយុវជនមួយចំនួនភ័យខ្លាចនិងបោះបង់សិទ្ធិទៅបោះឆ្នោត។

ក្នុងកិច្ចពិគ្រោះយោបលថ្នាក់ជាតិមួយស្តីពីការប្រឈមនិងដំណោះស្រាយការចុះឈ្មោះបោះឆ្នោតរបស់យុវជន ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញនាថ្ងៃទី១៣ខែតុលានេះ សមាជិកសម័ន្ធកំណែទម្រង់ការបោះឆ្នោត(ERA)លោក យង់ គិមអេង លើកឡើងថា កង្វះព័ត៌មាន ការបង្ក្រាបអ្នកតវ៉ា និងជម្លោះនយោបាយ លោកថាបានធ្វើឲ្យយុវជនមួយចំនួនភ័យខ្លាចមិនទៅចុះឈ្មោះបោះឆ្នោត។

លោក យង់ គិមអេង លើកឡើងទៀតថាបញ្ហាមួយទៀតដែលយុវជនប្រឈមនឹងបាត់សិទ្ធិបោះឆ្នោតដែរនោះ គឺយុវជនធ្វើចំណាកស្រុក ខណៈច្បាប់បោះឆ្នោតមិនអនុញ្ញាតិឲ្យពួកគេចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស។

លោកថា៖ «បរិយាកាសនយោបាយស្ងប់ស្ងាត់វាជាការលើកទឹកចិត្តយ៉ាងសំខាន់ឲ្យយុវជនចូលរួមទៅបោះឆ្នោត ហើយលំហូរព័ត៌មានដោយសេរីនិងភាពងាយស្រួលការរកបាននៃព័ត៌មាន ក៏ជាការលើកទឹកចិត្តដ៏សំខាន់ផងដែរ។ ចូរចងចាំថា យើងមិនអាចដើទៅមុខដោយគ្មានយុវជនបានទេ? ពួកគេគឺជាអនាគតនៃប្រទេសនេះ ពួកគេត្រូវតែមានវត្តមាននៅគ្រប់ដំណាក់កាលនៃការអភិវឌ្ឃប្រទេស ជាពិសេសការបោះឆ្នោតនេះតែម្តង»។

អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា បានអះអាងផ្ទុយពីនេះ ដោយលោកថាពលករចំណាកស្រុកពួកគេអាចមកចុះឈ្មោះនៅស្រុកកំណើតឬកន្លែងណាមួយនៃប្រទេសបាន បើពួកគេមានឯកសារគ្រប់គ្រាន់។

មន្ត្រី គ.ជ.ប រូបនោះអះអាងទៀតថា បើពិនិត្យពីចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោតរួចហើយរយៈជាង៤០ថ្ងៃមកនេះចំនួនយុវជនបាននាំមុខគេស្នើនឹង៣៤ភាគរយ ក្នុងចំណោមអ្នកដែលបានទៅចុះឈ្មោះរួចហើយមានជាង៥លាននាក់នោះ។

លោក សោម សូរីដា ឲ្យដឹងទៀតថា បើកំណើននេះមិនប្រែប្រួលទេ លោកថាចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោតអាចលើសពីការរំពឹងទុក។

លោកថា៖ «ស្ថានភាពនយោបាយបច្ចុប្បន្ននេះ បើធៀបទៅនឹងកម្រិតដែលយើងទទួលបានអំពីលទ្ធផលនៃការចុះឈ្មោះបោះឆ្នោត អត់មានឥទ្ធិពល នៅត្រង់ចំនុចថាលទ្ធផលដែលយើងទទួលបាន សម្រាប់រយៈពេលមិនទាន់គ្រប់៥០ថ្ងៃផង គឺយើងចុះឈ្មោះបានលើសពីការស្មានរបស់យើង។ ហើយបើសិនជាដំណើការនៃការចុះឈ្មោះនេះវាថេរ ពីចំនួន១០ម៉ឺននាក់[ក្នុងមួយថ្ងៃ]ឡើងទៅប្រហែលជាមិនដល់៩០ថ្ងៃទេ»។

យ៉ាងនេះក្តីនៅសប្តាហ៍នេះពលករចំណាកស្រុកប្រហែល៥០នាក់ដែលទៅធ្វើនៅប្រទេសថៃ ពួកគេអះអាងថា ពួកគេមិនអាចចុះឈ្មោះបោះឆ្នោតបាន ដោយថាមកពីអាជ្ញាធរមូលដ្ឋានខេត្តជាប់ព្រំដែននេះមិនចេញលិខិតបញ្ជាក់។

អ្នកសម្របសម្រួលកម្មវិធីយេនឌ័រនៅអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោកស្រី សឹនកេត សីរីលក្ខណ៍ លើកឡើងដែរថា ស្ត្រីវ័យក្មេងមួយចំនួនត្រូវគេគំរាមកំហែងពេលធ្វើជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សប្រឆាំង។ លោកស្រីថា ករណីនេះធ្វើឲ្យធ្វើឲ្យស្ត្រីខ្លះភ័យខ្លាចឈប់ចូលរួមធ្វើសកម្មភាននយោបាយ។

លោកស្រី សឹនកេត សីរីលក្ខណ៍ បានលើកឧទារណ៍ពីការឲ្យកងទ័ពទៅចុះឈ្មោះបោះឆ្នោតនៅកន្លែងផ្សេងខុសពីទីលំនៅនិងករណីពលករចំណាកស្រុកដែលមិនបានចុះឈ្មោះនៅជាប់ព្រំដែនខេត្តបន្ទាយមានជ័យ។

លោកស្រីថា៖ «កងយុទ្ធពលខេមរភូមិន្ទដែលគាត់ធ្វើការតាមមូលដ្ឋានឬក៏តាមព្រំដែនគាត់អាចុះឈ្មោះកន្លែងផ្សេងៗបាន ដឹកមកឲ្យចុះឈ្មោះបាន ហើយពលករចំណាកស្រុក គាត់មកជាក្រុមហើយ ហេតុអីមិនចុះឈ្មោះឲ្យហើយរកលេសថាខុសពីកន្លែងដែលគាត់រស់នៅអីអញ្ចឹង។ នេះជាការអនុវត្តស្តង់ដាពីរ គួរតែលើកទឹកចិត្តគាត់ គាត់ខំប្រឹងមកពីប្រទេសក្រៅមកចុះឈ្មោះហើយអត់ឲ្យគាត់ចុះឈ្មោះ អាហ្នឹងជាឧបសគ្គមួយសម្រាប់យុវជនដែរ»។

ទោះជាយ៉ាងណាមន្រ្តី គ.ជ.ប លោក សោម សូរីដា អះអាងថាបញ្ហាដែលបានលើកឡើងនេះ គ.ជ.ប នឹងបន្តដោះស្រាយ ដោយថានឹងបង្កើតឲ្យមានប្រព័ន្ធទំនាក់ទំនងផ្ញើសារជាសំឡេងតាមប្រព័ន្ធទូរសព្ទ៣ខ្សែសម្រាប់ផ្តល់ព័ត៌មានបន្ថែម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ