វិភាគ៖ តើតួអង្គណាខ្លះ ដើរតួសំខាន់ ដោះស្រាយវិវាទនយោបាយនៅកម្ពុជា?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា

ខណៈបក្សកាន់អំណាចកំពុងជំរុញយន្តការ រឹបអូសយកអាសនៈទាំង៥៥ របស់គណបក្ស​ប្រឆាំងនៅក្នុ​ង​​សភា​នោះ អ្នកតាមដានអះអាងថា ភាពផុយស្រួ​យនៃកា​របែកបា​ក់ជា​​​តិ កាន់​តែខិតជិតមកដល់។

ក្រសួងមហាផ្ទៃ កាលពីសប្តាហ៍មុន បានប្តឹងទៅតុលាការកំពូល សុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដោ​​​យ​​​​សំអាងទៅលើការចោទប្រកាន់មេដឹកនាំបក្សប្រឆាំង លោក​ កឹម សុខា ខណៈតុលាការជាន់ទាប នៅមិនទា​ន់បើ​ក​សវនាការកាត់ទោសមេបក្សរូបនេះនៅឡើយ។

ចំណែកលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន វិញ ប៉ុន្មានថ្ងៃមុននេះ បានប្រកាសថា រយៈ​ពេល​ដ៏​ឆាប់​នេះ ច្បាប់ថ្មីមួយនឹងកើតឡើង។ លោកថា ពេលនោះ ​អាស​នៈ​ទាំ​ងអស់របស់គ​ណបក្ស​ប្រឆាំង​ នឹ​ងត្រូ​វរឹប​អូ​ស ​យក​ទៅ​ចែកគណ​បក្ស​​៥ផ្សេងទៀត ដែល​​មិន​បា​នឈ្នះអសនៈនៅសភា។

រីឯអ្នករាយកា​រណ៍ពិសេសរបស់​អង្គកា​រសហ​ប្រជា​​ជា​តិ ទ​ទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បា​នហៅ​កា​រជំ​រុញរបស់ មេដឹកនាំកាន់អំណាចនេះថា បាន​រំលោ​​ភ​សិ​ទ្ធិ​ម្ចាស់ឆ្នោត និ​​ង​​ថាចំណាត់ការរបស់រដ្ឋា​ភិបា​ល​​ក​​ម្ពុ​ជា កំពុងងាកឆ្លាយពីលទ្ធិប្រជាធិបតេយ្យ។

ប៉ុន្តែលោក​នា​យករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ជាញឹកញាប់ ថ្លែងប្រតិកម្មតបវិញថា ការជំរុញ​របស់ស​ហ​​គ​ន៍​​​​​អ​ន្តរ​ជា​តិ លោកថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយលោកថា អ្វីដែលកម្ពុជា កំពុងធ្វើ គឺជាការអនុវត្តច្បាប់សុទ្ធសាធ។

ស្ថិតក្នុងស្ថានការនយោបាយ កំពុងតាមតឹងបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បាន​បង្ហា​ញ​កា​រខកចិត្ត ទៅលើចំ​ណា​​ត់​ការរបស់រដ្ឋាភិបាលនេះដែរ ពួកគេបានសរសើររិះគន់ធ្ងន់ៗ និងខ្លះ​ប្រ​កា​ស​​ឲ្យរួម​គ្នា ប្រឆាំ​ងនឹងកា​រប៉ុន​ប៉​ង​រឹបអូសយកអាសនៈរបស់បក្សប្រឆាំងនេះ។

បរិយាកាសនយោបាយបែបនេះ តើមានតួអង្គណាខ្លះ ដើរតួសំ​ខាន់ ដើម្បីដោះ​ស្រាយបញ្ហានេះ?

អ្នកវិ​ភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា យន្តការក្នុងស្រុក មានព្រះមហាក្សត្រជា ​តួ​​អ​ង្គសំខាន់។ លោកថា រដ្ឋធម្មនុញ្ញ បានចែងពីតួនាទីដ៏សំខាន់របស់ព្រះ​អង្គ ក្នុងការបង្រួបបង្រួមជាតិ។

លោកថា៖ «នៅក្នុងប្រទេស គឺព្រះមហាក្សត្រ លោកមានតួនាទីធានានូវការអនុវត្តសន្ធិសញ្ញាអន្តរជាតិនៅ​ប្រទេ​សកម្ពុជា គឺសន្ធិសញ្ញាមួយ ដែលពាក់ព័ន្ធ គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។

បើយើងពិនិត្យលើរដ្ឋធម្មនុញ្ញជំពូក២ ក៏ចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តភាពជាតិ។​ ព្រះ​​​​​​មហា​ក្រ​​ត្រទ្រង់ជា ​អ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់​​​​​ជា ​អ្នក​ធានាការគោរពសិទ្ធិ និងសេរីភាពភាព របស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។ ព្រះ​​​​មហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ ជាអាជ្ញាកណ្តាល ដើម្បីធានាការ​ប្រព្រឹត្តទៅនៃអំណា​ចសាធា​រ​ណៈ​ ​ឲ្យមានភាពទៀងទាត់»។

លោ​ក ឡៅ ម៉ុងហៃ វិភាគទៀតថា តួអង្គសំខាន់មួយទៀត គឺ ​ប្រទេស ដែ​ល​​បានចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀ​​​​ងសន្តិភាពទីក្រុងប៉ារីស ២៣តុលា១៩៩១។

លោកថា៖ «ក្នុងករណី មានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ង ប្រទេសទាំងឡា​យហ្នឹង អាចសុំ​ឲ្យអង្គកា​រពាក់ព័​ន្ធ អង្គការសហប្រជា​ជាតិហ្នឹង ធ្វើអ​ន្តរាគមន៍ ដើម្បីទប់ស្កា​ត់ទៅនឹងការរំលោភបែបហ្នឹង»។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា មានប្រទេសចំនួន១៨ បានចុះហត្ថលេខា ក្នុងនោះ ក៏មា​នប្រ​ទេសម​ហាអំណាចទាំង៥ ដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន និងរុស្ស៊ី ផងដែរ។

បើតាមលោក ឡៅ ម៉ុងហៃ តួអង្គសំខាន់មួយទៀត គឺ រដ្ឋាភិបាលខ្លួនឯង ដែលលោកថា ត្រូវគោ​រពច្បា​ប់​​ជា​តិ និងអន្តរជាតិ តាមស្មារតីនៃរដ្ឋធម្មនុញ្ញ នោះដំណោះស្រាយនយោបាយ នឹងធានាពីប្រយោន៍ជាតិ។

លោកថា៖ «យកល្អ វិលមករកភាពប្រក្រតី ដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្ម​នុញ្ញនៃ​ប្រ​ទេ​ស​កម្ពុជា មានការគោរព និងអនុវត្តលិទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ»។

ទោះជាយ៉ាងណា កាលពីថ្ងៃទី១១ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កិច្ចព្រម​ព្រៀងស​ន្តិភាព​ទីក្រុងប៉ារីស លែងមានឥទ្ធិពលលើកម្ពុជា ដោយថា ក្រោ​យពីកម្ពុជា មានរដ្ឋ​ធម្មនុញ្ញនោះ។

លោកថា៖ «សុំកុំស្រមើស្រម៉ៃថា កោះប្រជុំសន្ធិសីទប៉ារីស ឡើងវិញនោះ។ ព្រោះសន្ធិសីទអន្តរជាតិប៉ារីសខ្មោចអី បើប្រទេសសូវៀតមួយ ក្លាយជារដ្ឋ មិនដឹងប៉ុន្មាននោះ។ សូម្បីតែ ប្រទេសហត្ថលេខី ក៏វាប្រែប្រួលអស់ដែរ វាមាននៅសល់អីទៀតៗ»។

ប៉ុន្តែ អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា សហគ​មន៍អន្តរ​ជាតិ នៅ​តែមានតួនាទីសំ​ខាន់ ដោះស្រាយបញ្ហានេះ តាមស្មារតីនៃកិច្ចព្រមព្រៀងនានា និង​កតិការ​សញ្ញា​​​អន្តរជាតិ ស្តីពី សិទ្ធិមនុស្ស និង​​សិទ្ធិ​នយោបាយ ។

លោកថា៖ «កម្ពុជា ជាប្រទេសហត្ថលេខី នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្ស អាហ្នឹងយើង​ត្រូវមើលលើ​​គោលការណ៍ហ្នឹងទៀត អាហ្នឹង បានយើងអាចនិយាយគ្នាត្រូវ។ បើសិ​នជា យើងគិ​តតែថា ក​ម្ពុជា​ធ្វើត្រូវ សហគមន៍អន្តរជាតិគេថាអត់ត្រូវ អញ្ចឹងទស្សនពីរ នៅតែប្រឈមខុស​គ្នា អូស​បន្លាយពេលកាន់តែយូរ បា​​នន័​យ​ថា កម្ពុជាកាត់តែខាតបង់ទេ»។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា ចរន្តពីរទៀត ដែលលោកថា ជាចរន្តបន្ទប់បន្សំ អាចជំរុញឲ្យមា​ន​ដំ​ណោះ​​​​​ស្រាយនយោបាយពេលនេះដែរ គឺការជំរុញទាមទាររបស់ពលរដ្ឋ ជាកោសិកាសង្គម និងស​កម្ម​ភា​​​ព​ត​ស៊ូ​​​មតិរបស់បក្សប្រឆាំង។

​សរុបជារួម អ្នកវិភាគថា មានតួអង្គសំខាន់៣ សម្រាប់ដោះស្រាយបញ្ហានយោបាយបច្ចុប្បន្ន គឺស​ហ​​គមន៍​អន្ត​​រ​ជាតិ ដែលជាប់កាតព្វកិច្ចឃ្លាំមើលសិទ្ធិមនុស្ស តាមកិច្ច​ព្រមព្រៀងសន្តិភា​ពទីក្រុ​ងប៉ា​រីស។ រីឯ​​​យ​​ន្តការក្នុងស្រុក មានព្រះមហាក្សត្រ ពលរដ្ឋ និងរដ្ឋាភិបាលខ្លួនឯង តាមយន្តកា​រ ​ច​​រ​​​ចា​ខ្មែរនិងខ្មែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ