របាយការណ៍​៖ ចិន​ជា​ម្ចាស់​បំណុល​ជាង​៧០​ភាគ​រយ​នៃ​បំណុល​របស់​​​កម្ពុជា

(FB: លោក ហ៊ុន សែន)

របាយការណ៍​របស់​មូលនីធិ​រូបិយ​វត្ថុ​អន្តរជាតិ​ ហៅ​កាត់​ថា IMF បាន​ឲ្យ​ដឹង​ថា ប្រទេសចិន​ជាម្ចាស់បំណុល​ធំ​បំផុត​របស់​កម្ពុជា​ដែល​កាន់​កាប់​ជាង ​៧០​ភាគ​រយនៃ​បំណុល​ទ្វេរភាគី​​ដែល​កម្ពុជា​​ជំពាក់​បរទេស​ទាំង​អស់ ខណៈរុស្ស៊ី និង​អាមេរិក​គ្រប់​គ្រង​ជាង ​១៣​ភាគរយ។

​របាយការណ៍​ IMF ដែល​ចេញ​ផ្សាយ​កាល​ពី​ខែតុលា​កន្លង​ទៅ​ ដែល​វី​អូ​ឌី​ទើប​ទទួល​បាន បាន​​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០១៦ កម្ពុជា​ជំពាក់​បំណុល​បរទេស​សរុប​មាន​ទំហំ​ប្រមាណ ៦,៤៥ពាន់​លានដុល្លារ​អាមេរិក ប្រហែល​នឹង​ ៣២ភាគ​រយ​នៃGDP។ បំណុល​សាធារណៈ​នេះត្រូវ​បាន​បែង​ចែក​ជាបំណុល​ពហុភាគី និងទ្វេរភាគី ដែល​បំណុល​ពហុភាគី​កម្ពុជា​ជំពាក់​បរទេស​មាន​ប្រមាណ ២ពាន់​លាន​ដុល្លា ខណៈ​បំណុល​ទ្វេរភាគី​មាន​ចំនួន ​៤ ៣៦៩លានដុល្លារ​អាមេរិក។

ក្នុង​បំណុល​ទ្វេរភាគី​ដែល​កម្ពុជា​ជំពាក់​បរទេស​នោះ គឺ​​ប្រទេស​ចិន​ឈរ​លំដាប់​ថ្នាក់​ទី​មួ​យ​ដែល​គ្រប់​គ្រង​​ជា​ង ​៧០​ភាគ​រយ​នៃ​បំណុលទាំង​អស់ ខណៈដែល​ជាង​ ១៣​​ភាគរយ​ កម្ពុជាជំពាក់​បំណុលរុស្ស៊ី និង​អាមេរិក​ ហើយ​កំពុង​ស្ថិត​ក្នុង​ការ​ចរចារ​។

ក្នុង​ទំ​ហំ​នេះ បើ​គិត​ពី​ទឹក​ប្រាក់​ដែល​កម្ពុជាជំពាក់​ចិន​ត្រឹម​ឆ្នាំ​២០១៦​នោះ គឺ​មាន​តម្លៃ​ប្រមាណ​ជាង ៣ពាន់​​លាន​ដុល្លារអាមេរិក។

វី​អូ​ឌី​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ណា​ម្នាក់​ដើម្បី​បញ្ជាក់​បន្ថែម​បាន​នោះ​ទេ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ កាលពី​ថ្ងៃទី៦ខែមេសាឆ្នាំ​២០១៧កន្លងទៅ​ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា គណបក្សប្រជាជនកម្ពុជា​នៅតែប្រកាន់នយោបាយផ្តោតលើការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ស្ពា​ន ថ្នល់ ទឹក ​ភ្លើង តាមរយៈ​ចំណូលថវិកាជាតិ​ និងប្រាក់​កម្ចីពីមហា​អំណាច​ចិនដែល​​លោក​ថា ​​ថវិការ​ពីប្រទេស​​ចិនគឺ​កម្ពុជា​ងាយ​ស្រួល​យក​ទៅ​ប្រើ​ប្រាស់​​។

លោកថា៖ «មិត្តចិនតែងគោរពទៅតាមការគិតគូរបស់កម្ពុជា ដូចជាយើងចង់បានថា ពង្រីកផ្លូវនេះ​[ផ្លូវជា​តិ៦A​]​ឲ្យទៅជា ៤គន្លង ការចាត់ចែងថវិកាពីមិត្តចិន​មក គឺយើងងាយ​ស្រួល​ក្នុងការ​ប្រើប្រាស់​នូវ​ថវិកា​នេះ ដើ​ម្បី​ស​ម្រេចនូវសមិទ្ធផលទាំងឡាយដែលយើងចង់បាន»។

អ្នក​នាំពាក្យ​គណៈបក្ស​សង្គ្រោះ​ជាតិ និង​ជាអនុប្រធាន​គណកម្ម​ការ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុនៃ​រដ្ឋសភា លោក សុន ឆ័យ ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​វីអូ​ឌីកាលពី​ថ្ងៃ​ទី​៣០ តុលា​ថា បំណុល​ដែលកម្ពុជា​ជំពាក់​ចិន​នេះ ​ជា​បំណុល​ដែល​មាន​ទំហំ​ធំ ​តែ​លទ្ធផល​បាន​តិច ខណៈដែល​ការ​ប្រើ​ប្រាស់​ថវិកា​ជាតិ​របស់​កម្ពុជា​ហាក់​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ។

លោក​ថា៖ «យើងដឹងហើយថា អ្វីដែលរដ្ឋាភិបាលបានអះអាង ពីកំណើន​សេដ្ឋកិច្ចកន្លង​ទៅប្រហាក់​ប្រហែល​នឹង ៧ភាគរយហ្នឹង គឺភាគច្រើនការកើនសេដ្ឋកិច្ចហ្នឹង គឺចេញពីការខ្ចីលុយគេទេ។ ដោយសារ​យើងយក​លុយគេមកសង់ផ្លូវថ្នល់ ជាពិសេសគឺប្រទេសចិន សាងសង់ផ្លូវ​កន្លង​ទៅហ្នឹង​មិនសូវ​មាន​គុណ​ភាពហើយថ្លៃផង តែឥឡូវដូចជាគ្រាន់បើបន្តិច ប៉ុន្តែនៅតែថ្លៃ។ ហើយលទ្ធភាព​នៃការសង​គឺកាន់​តែ​លំបាក ព្រោះថវិការនោះឡើងកាន់តែច្រើនហើយយើងចាប់សងគេបណ្តើរហើយតាមខ្ញុំដឹង។ គ្រាន់​តែការ​ប្រាក់ជាង២០០លានក្នុងមួយឆ្នាំដូច្នេះធ្វើឲ្យសេដ្ឋកិច្ចរបស់យើងកាន់តែលំបាក»។

ទំនាក់ទំនង​​កម្ពុជា-ចិន ត្រូវ​បាន​គេ​មើល​ឃើញ​មាន​ភាព​ជិត​ស្និទ​គ្នា​កាន់​តែ​ខ្លាំង​នៅ​ក្នុង​រយៈ​ពេល​ជាង ១​ទសវត្សរន៍​ចុង​ក្រោយ​នេះ តាម​រយៈ​ការផ្ដល់​ជំនួយ កម្ចី​ហិរញវត្ថុ និង​កំណើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​លោក ង៉ែត ជូ យល់​ថា ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​ចិន​នេះ​ អាច​ជាឱកាស​ និង​គ្រោះ​ថ្នាក់​ដើរ​នៅ​ទន្ទឹម​គ្នា ដោយ​វា​អាស្រ័យ​លើ​ការ​​​​ប្រើ​ប្រាស់​លុយ​ទាំងនោះ​។

លោក​ថា៖ «នោះ​ហើយ​គឺ​ជា​បញ្ហា​ដែល​ជា​ការ​ព្រួយ​បារម្ភ​ជាក់​ស្តែ​ងសម្រាប់​ពល​រដ្ឋ និង​មជ្ឈដ្ឋាន​ទូ​ទៅ ទាក់​ទងទៅ​នឹង​ការ​ប្រើ​ប្រាស់​លុយ​ហ្នឹង​ឲ្យ​មាន​ប្រសិទ្ធភាព កម្ចី​ហ្នឹង​មាន​ប្រសិទ្ធិភាព​ប៉ុណ្ណា​ ដើម្បី​កសាង​ប្រទេស​នោះ​ណា។ ប្រទេស​​ស្រី​លង្កា គឺ​ជា​មេរៀន​ស្រាប់ ហើ​យ​នៅ​ខាង​យើង​ដូច​ខ្ញុំ​បាន​ជម្រាបចឹង​ គឺនៅ​តែ​ជា​សំណួរ​ដែល​នៅ​តែ​មិន​ទាន់​មាន​​ចម្លើយ​ បាន​ន័យ​ថា មាន​ភាព​មន្ទិល​សង្ស័យ​ច្រើន​ណាស់​ទាក់​ទង​នឹង​ប្រសិទ្ធភាព​របស់​វា»។ ​

របាយការណ៍​បំណុល​​សាធារណៈ​របស់​កម្ពុជា ដែល​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​ខែ​មីនា​កន្លង​មក បាន​បង្ហាញ​ថា ចិន​ក៏​ជា​ភាគី​ផ្ដល់​កម្ចី​ធំ​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ ដោយ​បាន​ផ្ដល់​កម្ចី​សម្បទាន​ដល់​ទៅ​ជាង ៣,៥៩៩​លាន​ដុល្លារ ឬ​ស្មើ​នឹង ៤៣.៣២​ភាគរយ​នៃ​បំណុល​​ក្រៅ​ប្រទេស​សរុប​របស់​កម្ពុជា​​ជាង ៨​៣០០​លាន​ដុល្លារ គិត​ត្រឹម​ឆ្នាំ​២០១៦​កន្លង​មក។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​នេះ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ដើម​ឆ្នាំ​២០១៧​នេះ ចិន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង និង​កម្ចី​សម្បទាន​​ដល់​ទៅ ៤២០០​លាន​ដុល្លារ សម្រាប់​​អភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ កសិកម្ម សុខាភិបាល អប់រំ និង​សន្តិសុខ​សង្គម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ