លិខិតមិត្តអ្នកអាន៖ គុណតម្លៃអាស៊ី

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

“ប្រជាធិបតេយ្យជារបស់បច្ចឹមប្រទេស មិនអាចអនុវត្តបាននៅអាស៊ីឡើយ” នេះគឺជាអ្វីដែល អ្នកនយោបាយនៅអាស៊ី តែងតែបាននិយាយប្រាប់ទៅរាស្រ្តខ្លួន និងលើកឡើងក្នុងការផ្តល់ភាពត្រឹមត្រូវនៃភាពផ្តាច់ការរបស់ខ្លួនក្នុងការដឹកនាំប្រទេស។

ប្រជាធិបតេយ្យជារបស់បច្ចឹមប្រទេស មិនអាចអនុវត្តបាននៅអាស៊ីឡើយ” នេះគឺជាអ្វីដែល អ្នកនយោបាយនៅអាស៊ី តែងតែបាននិយាយប្រាប់ទៅរាស្រ្តខ្លួន និងលើកឡើងក្នុងការផ្តល់ភាពត្រឹមត្រូវនៃភាពផ្តាច់ការរបស់ខ្លួនក្នុងការដឹកនាំប្រទេស។ គុណតម្លៃអាស៊ីគឺចង់សំដៅថាពលរដ្ឋឲ្យតម្លៃទៅលើសន្តិសុខស្ថេរភាព និងសណ្តាប់ធ្នាប់សង្គមជាងការឲ្យតម្លៃទៅលើសិទ្ធិនិងសេរីភាព ដែលពួកបច្ចឹមប្រទេសតែងតែជម្រុញលើកតម្កើង។ អ្នកដឹកនាំទាំងនោះ ថែមទាំងនិយាយថា ពលរដ្ឋត្រូវការបាយទឹក ខ្លាំងជាសិទ្ធិនិងសេរីភាព។ ពួកគេបានលើកយកតួលេខនៃសេដ្ឋកិច្ចរបស់គេដើម្បីបញ្ជាក់ប្រាប់ទៅរាស្រ្ត ថា ការដឹកនាំផ្តាច់ការរបស់ខ្លួន គឺអាចធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន មិនចាញ់បច្ចឹមប្រទេសឡើយ។

អ្នកដែលចេញមុខចេញមាត់ជាងគេក្នុងការនិយាយពីគុណតម្លៃអាស៊ីដោយសំអាងទៅលើទ្រឹស្តីរបស់ខុងជឺយកមកនិយាយនេះ គឺមេដឹកនាំសាំងហ្គាពួរលោកលីក្វាន់យូឡើយកាលពីដើមទស្សវត្តទី៩០។ មេដឹកនាំមួយចំនួនទៀតនៅអាស៊ីក៏ចាប់បន្ទរឡើង ដោយសំអាងលើគំរូដឹកនាំរបស់លោកលី ហើយបានបន្លប់ប្រជារាស្រ្តឲ្យអត់ធ្មត់ចំពោះអំពើផ្តាច់ការនិងបក្ខពួកនិយមរបស់ខ្លួនដើម្បីឲ្យខ្លួនដឹកនាំប្រទេសអោយរីកចម្រើនដូចជាប្រទេសសាំងហ្គាពួរដែរ។ ពួកគេប្រើប្រាស់គ្រប់មធ្យោបាយក្នុងការធ្វើយ៉ាងណាឲ្យតួលេខសេដ្ឋកិច្ចរបស់គេដែលវាស់ជាផលទុនសរុបក្នុងស្រុក មានកំណើនជារៀងរាល់ឆ្នាំ ហើយក៏ចំអកដាក់អ្នកការពារសិទ្ធិមនុស្ស អ្នកលើកស្ទួយសិទ្ធិសេរីភាព និងអ្នកចង់បានការអនុវត្ត ប្រជាធិបតេយ្យពិតប្រាកដឲ្យសារទរចំពោះការដឹកនាំរបស់គេដែលផ្តោតតែលើការអភិវឌ្ឍសេដ្ឋកិច្ចជាតួលេខដោយទុកសេចក្តីស្រេកឃ្លានសិទ្ធិសេរីភាពទាំងនោះរបស់រាស្រ្តជារឿងគ្មានបានការនិងឥតប្រយោជន៏។ មិនតែប៉ុណ្ណោះ បើមានសកម្មភាពអវិជ្ជមានតូចតាចណាមួយកើតឡើងនៅបច្ចឹមប្រទេស ពួកគេ ជម្រុញឲ្យប្រព័ន្ធផ្សព្វផ្សាយដែលភាគច្រើនជាដៃជើងឬអ្នកអែបអបយកប្រយោជន៍របស់ពួកគេ ព្យាយាមនិយាយបង្អាប់និងពេបជ្រាយថាប្រទេសទាំងនោះ ក៏រំលោភសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្លួនដែរ ដែលគោលបំណងសំខាន់ចង់ទាញយកការដឹកនាំរបស់ប្រទេសទាំងនោះមកប្រៀបស្មើនឹងខ្លួន ហើយឈប់ឲ្យរាស្រ្តចង់ស្រមៃរស់ក្នុងសង្គមមួយដូចខាងបច្ចឹមប្រទេសនោះទៀត។

ជាអកុសល អំនួតរបស់មេដឹកនាំអាស៊ីទាំងនោះបានរលាយខ្លាយជាផេះ នៅពេលអាស៊ីជួបវិបត្តិ សេដ្ឋកិច្ចនៅចុងទស្សវត្តទី៩០ ដោយសារតែការគ្រប់គ្រងមិនតាមគោលការប្រជាធិបតេយ្យពិតប្រាកដរបស់ខ្លួន។ ជាការពិត គុណតម្លៃអាស៊ីនេះ គ្មាននរណានិយាយក្រៅពីពួកមេដឹកនាំផ្តាច់ការ ហើយនិងអ្នកគាំ ទ្រទង្វើផ្តាច់ការនោះឡើយ។ នេះជាអ្វីដែលលោក Amartya Sen ដើមកំណើតឥណ្ឌាហើយ ជាអ្នកឈ្នះពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចបានលើកឡើងក្នុងអត្ថបទរបស់លោកក្នុងឆ្នាំ១៩៩៩ក្រោមចំណងជើងថា «ប្រជាធិបតេយ្យ ជាគុណតម្លៃរួម (Democracy as a Universal Value)» ។

ក្នុងអត្ថបទនេះ លោកបានរិះគន់យ៉ាងចាស់ដៃទៅលើអ្នកទាំងឡាយនោះដែលព្យាយាមយកប្រទេសមួយឬពីរដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ដោយសារទង្វើផ្តាច់ការរបស់ខ្លួនដោយយកលេសថាមកពីកត្តាវប្បធម៌ឬភូមិសាស្រ្តនយោបាយដែលធ្វើឲ្យការអនុវត្តប្រជាធិបតេយ្យពិបាកហើយបដិសេធនូវសិទ្ធិនិងសេរីភាពរបស់ពលរដ្ឋខ្លួនដើម្បីជាលេសប្រើវិធីផ្តាច់ការ។ លោកបានបញ្ជាក់ថា ប្រទេសមួយមិនចាំបាច់មានអ្វីជាទន់ក្នុងការអនុវត្តគោលការណ៏លិទ្ធិប្រជាធិបតេយ្យនោះឡើយ ពីព្រោះថាមានតែគោលការណ៏លិទ្ធិប្រជាធិបតេយ្យនេះហើយ ដែលជាដើមទន់សម្រាប់អោយប្រទេសនោះអភិវឌ្ឍអ្វីៗ ឲ្យជឿនលឿនទៅមុខបានជានិរន្ត។

លោកបានលើកឧទាហរណ៍ប្រកបដោយការស្រាវជ្រាវបែបវិទ្យាសាស្រ្តយ៉ាងច្រើនមកបញ្ជាក់ ហើយបានកំណត់ថាប្រជាធិបតេយ្យជាគុណតម្លៃរួមដោយសារថាបើអនុញាតិឲ្យរាស្រ្តនិយាយនិងចូលរួមសកម្មភាពនយោបាយដោយសេរី ពួកគេក៏នឹងចង់រស់នៅក្នុងសង្គមប្រកបដោយសិទ្ធិសើ្មគ្នា ពួកគេនឹងស្វែងយល់ពីគ្នា ពួកគេក៏នឹងចេះអត់ឱននិងឲ្យតម្លៃគោរពគ្នាទៅវិញទៅមក ហើយពួកគេនឹងចូលរួមយ៉ាងសកម្មក្នុងការតាមដានវាយតម្លៃនិងទាមទារឲ្យមានការឆ្លើយតបពីរដ្ឋាភិបាលប្រកបដោយតម្លាភាព និងប្រសិទ្ធិភាពខ្ពស់ដើម្បីដោះស្រាយបញ្ហាសង្គមនានា។ លោកក៏បានរិះគន់អ្នកយកទ្រឹស្តីខុងជឺមកធ្វើអំណះអំណាងខុសពីការពិតដោយបញ្ជាក់ថាតាមពិតខុងជឺនេះហើយដែលបង្រៀនអោយមនុស្សក្លាហានក្នុងការនិយាយកាពិតឬសួរដេញដោលទៅថ្នាក់ដឹកនាំរបស់ខ្លួន។

ដូចគ្នានោះដែរអ្នកប្រាជ្ញផ្នែកវិទ្យាសាស្រ្តសង្គមក៏ដូជាសាសនាមានដូចជាលោក Francis Fukuyama ក្នុងអត្ថបទ “Confucianism and Democracy” ចុះផ្សាយឆ្នាំ១៩៩៥ សម្តេចសង្ឃ Dalai Lama ក្នុងអត្ថបទ “Buddhism, Aisan Values, and Democracy” ចុះផ្សាយក្នុងឆ្នាំ១៩៩៩ លោក Abdou Filali-Ansary ក្នុងអត្ថបទ “Muslims and Democray” ចុះផ្សាយក្នុងឆ្នាំ១៩៩៩ រួមទាំងអ្នកស្រាវជ្រាវទាំងឡាយដទៃទៀតសុទ្ធតែបានបញ្ជាក់ពីគុណតម្លៃប្រជាធិបតេយ្យដែលអាចអនុវត្តបានគ្រប់ទីកន្លែង គ្រប់ជាតិសាសន៍និងសាសនា ហើយនិងគ្រប់ពេលវេលា ហើយមានប្រទេសជា ច្រើនដូចជាកូរ៉េខាងត្បូង ចិនតៃវ៉ាន់ ជប៉ុន ដែនដីហុងកុង ឥណ្ឌា ឥណ្ដូណេស៊ី ឬក៏បុតស្វាណានៅអាហ្វ្រីកដែលហ៊ុំព័ទ្ធដោយប្រទេសផ្តាច់ការ គឺបានអនុវត្តទ្រឹស្តីលិទ្ធិប្រជាធិបតេយ្យហើយក៏ធ្វើឲ្យសេដ្ឋកិច្ចគេរីកចម្រើនជឿនលឿនយូរអង្វែងដែរ។ ទាំងនេះបញ្ជាក់ថា គុណតម្លៃប្រជាធិបតេយ្យ ដែលផ្តោតសំខាន់លើសិទ្ធិនិងសេរីភាពរបស់រាស្រ្តក្នុង ការចូលរួមសកម្មភាពសង្គមនានាសុទ្ធតែជាកត្តាដែលជួយជម្រុញឲ្យប្រទេសជឿនលឿននិងអភិវឌ្ឍទៅមុខស្ថិតស្ថេរនិងបានយូរអង្វែងជារៀងរហូត។ ប្រទេសចិនឬសាំងហ្គាពួរសព្វថ្ងៃ ក៏អនុវត្តគោលការណ៏ ប្រជាធិបតេយ្យ ដែលមានពេលខ្លះល្អជាងប្រទេសមួយចំនួនដែលដាក់ឈ្មោះប្រទេសខ្លួនឯងថា ប្រជាធិបតេយ្យទៅទៀត

បើទោះជាប្រទេសទាំងពីខាងលើនោះមិនហ៊ានប្រកាសទទួលស្គាល់ជាចំហរ ក៏គេនៅតែយកគោលការណ៏អភិបាលកិច្ចល្អ ដែលក្នុងនោះមានការអនុវត្តច្បាប់ដោយស្មើភាពគ្នា ការទប់ស្កាត់អំពើពុករលួយ និងការគ្រប់គ្រងដោយតម្លាភាពនិងប្រសិទ្ធិភាពខ្ពស់ក្នុងវិស័យមួយចំនួនក៏ដោយ។

នៅក្នុងផ្នែកសិក្សាស្រាវជ្រាវ គេឈប់ពិភាក្សាលើគុណតម្លៃអាស៊ីនេះហើយ មួយវិញទៀត គ្មានអ្នកប្រាជ្ញចេះដឹងណាចេញមុខមកអះអាងថាគុណតម្លៃនេះមិនស្របគ្នាជាមួយនឹងលិទ្ធិប្រជាធិបតេយ្យឡើយលើកលែងតែអ្នកនយោបាយផ្តាច់ការមួយចំនួនដែលតែងយកមកជាលេសដើម្បីបន្លប់រាស្រ្តខ្លួនតែប៉ុណ្ណោះ។

អ្នកនយោបាយមួយចំនួននោះអាចមិនបានអានឬសិក្សាស្រាវជ្រាវស្វែងយល់ពីវិស័យនេះឲ្យបានទូលំទូលាយទើបនិយាយមិនសូវដឹងអី ឬមួយក៏បានអាននិងយល់ដែរ តែមិនចំណេញដល់ខ្លួននិងបក្ខពួក ក៏ទ្រាំធ្មេចភ្នែកនិយាយបើទោះជាដឹងថារាស្រ្តដែលដឹងកំពុងតែសើចពេបជ្រាយនិងឲ្យតម្លៃយ៉ាងទាបទៅនឹងសម្មត្ថភាពនិងប្រសិទ្ធិភាពដឹកនាំដែលពុកផុយហើយគិតតែប្រយោជន៏ផ្ទាល់ខ្លួនរបស់ពួកគេទាំងនោះក៏ដោយ។ តែទោះជាយ៉ាងណា រាស្រ្តត្រូវតែពុះពារគ្រប់បែបយ៉ាង ដើម្បីទាមទារនិងនាំយកមកនូវលិទ្ធិប្រជាធិបតេយ្យ ពិតប្រាកដមួយឲ្យទាល់តែបាន ព្រោះថាគ្មានអ្នកដឹកនាំនយោបាយផ្តាច់ការណាលើកពានអំណាច ដែលមាននៅក្នុងដៃគេមកអោយរាស្រ្តនោះឡើយ។

បើយើងមិនទាមទារដោយឈរលើការទទួលខុសត្រូវ ការយោគយល់ និងការគោរពច្បាប់ ពួកគេតែងតែមានលេសមិនអោយយើងជារៀងរហូត។ រាស្រ្តត្រូវចេះដាក់សំពាធគ្រប់មធ្យោបាយស្របច្បាប់ដែលមាន!

ដោយ ជុំ ច័ន្ទដារិន

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។