ម្ចាស់សិប្បកម្មស្រាសដែលមានជាតិពុលប្រឈមជាប់ទោសពី៧ទៅ១៥ឆ្នាំ

ម្ចាស់សិប្បកម្មស្រាសដែលមានជាតិពុលបណ្តាលឲ្យស្លាប់មនុស្សជាង១០នាក់ជាបន្តបន្ទាប់នោះ កំពុងប្រឈមនឹងការជាប់ទោសពី៧ទៅ១៥ឆ្នាំ បើតាមបទចោទរបស់តុលាការ។

គិតត្រឹមថ្ងៃទី១៣ ខែធ្នូនេះ មនុស្ស១៥នាក់ស្លាប់និងជាង៦០នាក់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ខណៈពុលស្រាសនៅក្នុងពិធីបុណ្យសព ស្ថិតនៅឃុំក្តុលសែនជ័យ ខេត្តកំពង់ឆ្នាំង។

នាយរងការិយាល័យនគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ច លោក ជន តារា បានប្រាប់VODថា សមត្ថកិច្ចបានឃាត់ខ្លួននិងបញ្ជូនឈ្មោះ ថាន់ វី ដែលជាម្ចាស់សិប្បកម្មបិទស្រាស នៅក្នុងឃុំក្តុលសែនជ័យ ទៅតុលាការកាលពីថ្ងៃទី១២ ខែធ្នូនេះ ដោយលោកថាម្ចាស់សិប្បកម្មនោះបានសារភាពថា ពិតជាបានដាក់មេតាណុលខ្ពស់នៅក្នុងស្រាស ដើម្បីលក់នៅលើទីផ្សារ បណ្តាលឲ្យមនុស្សគ្រោះថ្នាក់៖ «យើងឃាត់គាត់ដោយសារគាត់បានផឹកស្រាដែលមានឌឺក្រេទាប នៅពេលដែលឌឺក្រេទាប គាត់លក់មិនទៅតាមទីផ្សាររបស់គាត់ គាត់បន្ថែមឌឺក្រេឲ្យខ្ពស់ ដើម្បីគាត់បំរើទីផ្សាររបស់គាត់ ករណីនេះវាពាក់ព័ន្ធបង្កើនជាតិមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ដល់មនុស្ស»។

បើតាមនាយរងការិយាល័យរូបនេះ សមត្ថកិច្ចបានផ្អាកបណ្តោះអាសន្នលើអាជីវកម្មស្រាស នៅក្នុងឃុំក្តុលសែនជ័យនោះហើយ។

ព្រះរាជអាជ្ញាតុលាការខេត្តកំពង់ឆ្នាំង លោក ហុង សាន មានប្រសាសន៍ថា ម្ចាស់សិប្បកម្មបិទស្រាស លោក ថាន់ វី ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ដោយចោទពីបទ ប្រើសារជាតិពុលដូចជាអំពើហិង្សាដោយចេតនា និងមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ៖ «សម្រេចឃុំខ្លួនអ្នកលាយស្រាលក់ ចោទពីបទដាក់សារជាតិពុលឲ្យគេហូប ដែលមានស្លាប់ ជាអំពើហិង្សាតាមបញ្ញត្តិមាត្រា២២៤ និង២២៥ នៃក្រមព្រហ្មទណ្ឌ»។

បើផ្អែកតាមការចោទប្រកាន់នេះ ម្ចាស់សិប្បកម្មបិទស្រាសរូបនោះ ប្រឈមជាប់ទោសដាក់ពន្ធនាគារចន្លោះពី ៧ទៅ១៥ឆ្នាំ។

លោកព្រះរាជអាជ្ញារ ហុង សាន ឲ្យដឹងថាតុលាការនឹងបន្តស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀតលើករណីនេះ ខណៈសំណុំរឿងម្ចាស់សិប្បកម្មបិទស្រានោះ លោកថាតុលាការមិនទាន់កំណត់ថ្ងៃជម្រះក្តីនោះទេ ដោយសារ សំណុំរឿងនេះជាបទឧក្រិដ្ឋ ហើយកំពុងស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរចាប់ពី៣ទៅ៦ខែ។

អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ម៉ម ម៉ាឡៃ មានប្រសាសន៍ថា ក្រុមការងារលោកបានចុះស្រាវជ្រាវនិងធ្វើកោសល្យវិច្ច័យលើស្រាសចំនួន៨កន្លែងផ្សេងគ្នានៅក្នុងឃុំក្តុលសែនជ័យ ដូចជានៅតូបលក់ដូរតូចតាច កន្លែងផឹកស៊ី និងនៅកន្លែងធ្វើបុណ្យសព ដោយលោកថា រកឃើញជាតិមេតាណុល នៅក្នុងស្រាសនោះ ចំនួន៣កន្លែងចាប់ពី០.២០%ទៅ១.៧៤%។

នៅពេលសួរថា តើក្នុងចំណោមទីតំាងរកឃើញជាតិមេតាណុលចំនួន៣កន្លែងនោះ មានកន្លែងសិប្បកម្មរបស់លោក ថាន់ វី ដែរឬទេ? លោកសុំមិនបកស្រាយលើករណីនេះទេ ដោយថាការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញធ្វើតាមលេខកូដ ដែលមន្ត្រីនគរបាលផ្តល់ឲ្យតែប៉ុណ្ណោះ៖ «យើងអត់ទាន់ហ៊ានបញ្ជាក់ទេ (បញ្ជាក់ពីជាតិមេតាណុលមាននៅក្នុងរបស់សិប្បកម្មលោក ថាន់ វី)ទេ ដោយសារ រឿងនេះវាមកជាលេខកូដ បានគេច្រកមួយដបមក គេដាក់ថាលេខមួយ មួយដបមកគេដាក់ថាលេខពីរ ហើយរីឯឈ្មោះ នាមអី ជាសមត្ថកិច្ចរបស់ប៉ូលីស របស់អ្នកច្បាប់»។

ទាក់ទងនឹងបញ្ហានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៥ ធ្លាប់បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះអ្វីដែលពួកគាត់ទទួលទាន ជាពិសេសស្រាស បន្ទាប់ពីពលរដ្ឋជិត២០នាក់នៅខេត្តក្រចេះបានស្លាប់ជាបន្តបន្ទាប់ ដោយសារការពុលមេតាណុលដែលដាក់លាយក្នុងស្រាសនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ