ក្រុមសិទ្ធិមនុស្សអន្តរជាតិមួយ បានថ្កោលទោសតុលាការកម្ពុជា ដែលបានសម្រេចតម្កល់សេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោម ប្រឆាំងនឹងសកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី។
សកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី ត្រូវបានតុលាការកំពូលសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអ្នកស្រី ២ឆ្នាំកន្លះ ក្រោមបទចោទប្រកាន់ថា «ប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញ» នៅក្បែរផ្ទះនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញនេះ អង្គការសិទ្ធិមនុស្ស Fronline Defenders ដែលមានមូលដ្ឋាននៅប្រទេសអៀរឡង់ បានថ្កោលទោសចំពោះសេចក្ដីសម្រេចនោះ ដោយថា ការសម្រេចរបស់តុលាការកំពូលនេះ គឺត្រូវបានធ្វើឡើងដើម្បីសងសឹកនឹង អ្នកស្រី ទេព វន្នី ដែលដឹកនាំប្រជាពលរដ្ឋតវ៉ារឿងដីធ្លី និងទាមទារសិទ្ធិតាមនីតិវិធីពេលកន្លងមក។
អង្គការសិទ្ធិមនុស្សមួយនេះ បានជំរុញទៅអាជ្ញាធរកម្ពុជាឲ្យទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងសកម្មជនដីធ្លីរូបនេះ។
កាលថ្ងៃទី១៥ ខែសីហាកន្លងមកនេះ បណ្តុំអង្គការជាតិ និងអន្ដរជាតិចំនួន ៦៥ស្ថាប័ន ក៏បានទទូចឲ្យអាជ្ញាធរកម្ពុជាទម្លាក់បទចោទប្រកាន់ទាំងអស់ និងដោះលែងស្ដ្រីសកម្មជនដីធ្លីអ្នកស្រីទេពវន្នីឲ្យមានសេរីភាពឡើងវិញ ដោយពួកគេចាត់ទុកការបន្ដឃុំខ្លួននោះថា ធ្វើឡើងដោយគ្មានភស្ដុតាង បង្កប់ដោយហេតុផលនយោបាយ និងមានភាពអយុត្តិធម៌ធ្ងន់ធ្ងរ។
សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ ៦ខែ ដោយចោទពីបទជេរប្រមាថ និងប្រឆាំងអាជ្ញាធរសាលារាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១១ ប៉ុន្តែ តុលាការទើបតែកាត់ទោសសកម្មជនដីធ្លីរូបនេះមួយករណីទៀត ដាក់ពន្ធនាគារ ២ឆ្នាំកន្លះ ដោយចោទពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស» លើក្រុមសន្តិសុខខណ្ឌដូនពេញ ក្បែរផ្ទះនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣៕