ពលរដ្ឋដែលរងផលប៉ះពាល់ពីវារីអគ្គិសនីនៅខេត្ដឧត្ដរមានជ័យ ស្នើឲ្យពន្លឿនផ្តល់សំណង

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីរបស់ក្រុមហ៊ុនចិន ហ៊ីណូហាយត្រូ នៅខេត្ដឧត្ដរ​មានជ័យ ស្នើឲ្យអាជ្ញាធរខេត្ដនេះ ពន្លឿនដោះស្រាយសំណងដល់ពួកគាត់ ដោយអះអាងថាការអូសបន្លាយនេះ ធ្វើឲ្យពួកគាត់ប្រឈមបាត់បងលំនៅឋាននិងដំណាំកសិកម្ម។

តំណាងពលរដ្ឋនៅទំនប់ថ្មីឃុំត្រពាំងតៅ ស្រុកអន្លង់វែង លោក វាន់ ពិសិដ្ឋ ប្រាប់វីអូឌី នៅថ្ងៃនេះថា ក្រុមហ៊ុនចិនហ៊ីណូហាយត្រូ មានគម្រោង​បិទទំនប់វារីអគ្គិសនីនៅរដូវវស្សាខាងមុខនេះ ដែលលោកថា លំនៅឋាន និងដំណាំកសិកម្មពលរដ្ឋរាប់រយគ្រួសារ ប្រឈមនឹងលិចលង់និងខូចខាត។ លោកបន្ដថា​ពលរដ្ឋជាង៩០គ្រួសារ បានដាក់លិខិតទៅអភិបាលខេត្ដឧត្ដរ​មានជ័យ លោក ស ថាវី និងស្ថាប័នពាក់ព័ន្ធមួយចំនួន​ ឲ្យជួយពន្លឿនដោះស្រាយសំណងពីផលប៉ះពាល់តាមភាពជាក់ស្ដែង ឲ្យបានមុនរដូវវស្សាដើម្បីពួកគាត់យកថ្នូរនោះទៅដោះដូរដីនៅ​កន្លែងផ្សេង។ លោកបន្ដថា «ទំនប់ហ្នឹងគេទុករួច​ហើយគេបិទនៅខែខាងមុខនេះឯង។ ដល់ខែវស្សាវានឹងស្ទះទឹកវាអាចឡើងលិចប៉ះពាល់ដល់ប្រជាជនទាំងអស់ហ្នឹងគេធ្វើរួចហើយ។ វាប៉ះពាល់ដល់ខែវស្សានោះទេ ចឹងប្រជាជនចង់បានឲ្យរដ្ឋាភិបាលសងមុនរដូវវស្សា»។

តំណាងពលរដ្ឋមួយរូបទៀតនៅភូមិចា ឃុំលំទង លោក ប៉េង លីម ឲ្យដឹងថា អាជ្ញាធរបាន​សន្យាផ្ដល់សំណងតាមភាពជាក់ស្ដែងដល់ពលរដ្ឋ បន្ទាប់ពីវាស់វែងពីផលប៉ះពាល់តាមគ្រួ​សារនីមួយៗ ។លោកថា ដីកសិកម្មពួកគាត់ទទួលផលយ៉ាងតិច៣ម៉ឺនបាត(ប្រាក់ថៃ)ក្នុងមួយរដូវកាល។ លោកបន្ដថា «បាទ គាត់ឲ្យ​កន្ទុយសន្លឹកហើយប៉ុន្ដែអត់ទាន់មានដំណឹងអីផងថាចែកខែណាខែណីខែ៤នេះគេរៀបបិទទ្វារ​ទឹកហើយដល់ពេលលិចទឹកហើយមានអីទៀត។ ហើយសូមអោយលោកហ្នឹងឆាប់ជួយជាថវិ​ការឲ្យមកអ្នកប៉ះពាល់ផងព្រោះអត់មានអីទេតែលិចហើយចប់ហើយ»។

នៅពេលទាក់ទងតាមទូរសព្ទ អភិបាលខេត្ដឧត្ដរមាជន័យលោក ស ថាវី មិនធ្វើអត្ថាធិប្បាយទេ ដោយប្រាប់ថាជាប់រវល់។

ទោះជាយ៉ាងណា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស ខេត្ដឧត្ដរមានជ័យ​លោក ស្រី ណារ៉េន មានប្រសាសន៍ថា តាមរដ្ឋធម្មនុញ្ញនៅក្នុងមាត្រា៤៤ ​លោកថា រដ្ឋាភិបាល​ត្រូវសិក្សាពីផលប៉ះពាល់ និងផ្ដល់សំណងសមរម្យនិងយុត្ដិធម៌ដល់ពលរដ្ឋ មុនធ្វើការអភិវឌ្ឍ​នៅ​តំបន់ណាមួយ ។ លោកបន្ដថា ពលរដ្ឋដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីនេះ បានកើតឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្ដែលោកថា អាជ្ញាធរមិនបានអនុវត្ដតាមគោលច្បាប់នោះ​ឡើយ។ ​លោក​ជំរុញ ឲ្យអាជ្ញាធរ មានដំណោះស្រាយឲ្យបានឆាប់រហ័ស ដើម្បីឲ្យពួកគាត់បម្លាស់ទីលំនៅ និងរក​ដីកសិកម្មបង្កបង្កើនផលនៅកន្លែងផ្សេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ