បទយកការណ៍៖ យុវជនមួយចំនួនបារម្ភពីឥទ្ធិពលអាក្រក់នៃ «ទិវាក្ដីស្រឡាញ់១៤កុម្ភៈ» មកលើសង្គមកម្ពុជា

ការលក់ផ្កានៅថ្ងៃ១៤កុម្ភៈ (ហ្វេសប៊ុក)

កំពុងផ្ដេកខ្លួនសម្រាកលើកៅអីថ្មក្បែរអាគារមួយនៅទីក្រុងកោះពេជ្រ ខណៈត្រចៀកកំពុងស្ដាប់ចម្រៀងក្នុងទូរសព្ទដៃ ដោយមើលទៅក្សត់ខ្សោយកម្លាំងបន្ដិច យុវជន វ៉ាន់ សុភា​ អាយុ២៤ឆ្នាំ អ្នកម៉ៅការផ្នែកប្រព័ន្ធទឹកភ្លើង និងជានិសិត្សឆ្នាំទី៤ នៅសកលវិទ្យាល័យមួយ បានឲ្យដឹងថា សម្រាប់លោក «ទិវានៃក្ដីស្រឡាញ់១៤កុម្ភៈ» គ្រាន់ជាថ្ងៃធម្មតាគ្មានអ្វីពិសេសនោះទេ។ លោកថា កំពុងជាប់រវល់ខ្លាំងជាមួយការងារ និងសិក្សា ដូច្នេះគ្មានពេលឯណាគិតគូអំពីរឿងជូនកាដូដល់មិត្តស្រី ឬមនុស្សជាទីស្រឡាញ់នោះទេ។

លោកបន្ដថា សម្រាប់បុណ្យនៃក្ដីស្រឡាញ់ យុវជនកម្ពុជាមួយចំនួនធំហាក់កំពុងភ្លើតភ្លើន​នឹងវប្បធម៌បរទេសមួយនេះ ដោយមិនបានស្វែងយល់ ត្រឹម ។​

លោកថា៖ «បើសិនជាការស្រឡាញ់ ការអី ក៏ងាកទៅគិតរឿងអ៊ីចឹងៗ ខ្ញុំដូចជាអត់បានគិតផង។ ពេលខ្លះ ខ្ញុំឃើញគាត់ភ្លើតភ្លើនអ៊ីចឹង វាអាចប៉ះពាល់ ហើយការសប្បាយមួយពេលៗ យូរទៅ វាទៅជាភ្លេចការរៀនសូត្រ វាបាត់ធនធានមនុស្ស»។

បើតាមយុវជន វ៉ាន់ សុភា បុណ្យនៃសេចក្តីស្រឡាញ់ បង្កើតឡើងដើម្បីចែកចាយសេចក្ដីស្រឡាញ់ និងការអាណិតអាសូរ​ដល់មនុស្ស​នៅជុំវិញខ្លួន ពោល​គឺមិនមែន​ជាការលះបង់​ខ្លួនប្រាណ​ដើម្បី​សង្សារ​នោះ​ទេ។ លោកបានទទូចឲ្យយុវជនផ្សេងទៀត ចេះរៀបចំខ្លួនក្លាយជាពលរដ្ឋល្អ ជាជាងចំណាយពេលវេលា និងលុយកាក់របស់ឪពុកម្ដាយឥតប្រយោជន៍ ដើម្បីផ្គាប់ចិត្តសង្សារ។

លោកថា៖ «យុវជនទាំងអស់ដែលនៅចាយលុយឪពុកម្ដាយ គ្មានលទ្ធភាពអីទៅធ្វើរឿងបែបហ្នឹងទេ គួរតែគិតលើការរៀនសូត្រវាល្អជាង ព្រោះរាល់ថ្ងៃធនធានមនុស្ស វានៅមានតិច»។

កំពុងឈរនៅខាងមុខសាលារៀន ខណៈភ្នែកសំឡឹងមើលនាឡិកាដៃ ដោយមើលទៅ​ដូចជាកំពុងរងចាំ​នរណាម្នាក់មកទទួល លោក ណាន់ បាយ័ន អាយុ២៥ឆ្នាំ ជាគរុនិសិត្សនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ បានឆ្លៀតពេលបន្ដិច ​ដើម្បីសំណេះសំណាលជាមួយអ្នកយកព័ត៌មានវីអូឌីថា​ លោកមានការបារម្ភខ្លះ​ដែរ អំពីឥទ្ធិពលបុណ្យនៃក្ដីស្រឡាញ់មកលើប្រទេសកម្ពុជា ដោយថា វប្បធម៌​បរទេស​មួយនេះ​កំពុងធ្វើឲ្យយុវជនខ្មែរជ្រួលជ្រើមតាមគ្នា និងយកមកអនុវត្ត ដោយឥតមានពិចារណាឲ្យបានម៉ត់ចត់ឡើយ។

លោកសង្កេតឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំបុណ្យនេះ កំពុងពង្វក់ស្មារតីយុវជនខ្មែរ​ឲ្យដើរ​ខុសគន្លងធម៌ នាំឲ្យកម្ពុជាបាត់បង់ធនធានមនុស្សដែលមានគុណភាព ដើម្បីដឹកនាំប្រទេសទៅថ្ងៃអនាគត។

លោកថា៖ «ខ្ញុំគិតថាបុណ្យនៃក្ដីស្រឡាញ់ គឺខ្ញុំឃើញថាគេធ្វើមក វាដើមទងរបស់វាល្អ ប៉ុន្ដែអ្វីដែលខុសឆ្គង គឺសម្រាប់ខ្មែរយើង យកប្រើវាអត់ត្រូវ។ យើងយកមកប្រើករណីជាគូសង្សារ ថាបុណ្យនៃក្ដីស្រឡាញ់ ជាការបូរជាដើម្បីស្នេហា ចឹងការបូជាហ្នឹង បូជាកាយ។វប្បធម៌បរទេសមានន័យថា សេពគប់គ្នា ឬថាទុំមុនស្រគាល គឺថារួមរស់នៅជាមួយគ្នាមុនរៀបការ ដែលខុសនឹងប្រពៃណីវប្បធម៌ខ្មែរ»។

លោក ខាន់ បាយ័ន ក៏បានទទូចឲ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធធ្វើយ៉ាងណាទប់ស្កាត់វប្បធម៌មួយនេះ កុំឲ្យរីករាលដាលធំឡើងជាហេតុធ្វើឲ្យសង្គមជាតិអាប់ឱន និងប៉ះពាល់ប្រពៃណីវប្បធម៌ដ៏ល្អរបស់ជាតិ។ លោកថា មានវិធានការមួយចំនួនដែលអាចទប់ស្កាត់បញ្ហានេះ ដូចជា កត្ដាសង្គម គ្រួសារ និងការយល់ដឹងរបស់យុវជនខ្លួនឯងផ្ទាល់។

លោកថា៖ «អត់សូវមានពេលទៅគិតរឿងអ៊ីចឹង ព្រោះណាមួយជាប់ធ្វើការ ណាមួយត្រូវរៀនសូត្រខ្លាំងចឹង អ៊ីចឹងអត់មានពេលគិត។ ប៉ុន្ដែក៏នៅតែឃើញថា មានការភ្លើតភ្លើនដដែល ត្រង់ថាយើងហ្នឹងអត់បានណែនាំយុវជនឲ្យយល់ច្បាស់អំពីនិយមន័យនៃសេចក្ដីស្រឡាញ់ តើយើងគួរកែច្នៃបុណ្យនៃក្ដីស្រឡាញ់ឲ្យវាសមស្របនឹងប្រពៃណីវប្បធម៌របស់យើងយ៉ាងម៉េច?»។

កំពុងអង្គុយរងចាំភ្ញៀវ ក្រោមពន្លឺព្រះអាទិត្យក្ដៅហែង លោក សុខ ចាន់ណា អាយុ៣៩ឆ្នាំ គឺជាអ្នករត់ម៉ូតូកង់បីម្នាក់នៅម្ដុំវត្តបុទុមវតី។ ជុំវិញទិដ្ឋភាពថ្ងៃនៃសេចក្តីស្រឡាញ់ លោកបានឃើញ យុវជនកម្ពុជា​ដើរដឹកដៃគ្នា​ត្រសង ដោយថា យុវជនទាំងនោះថែមទាំងបានទិញវត្ថុអនុស្សាវរីយ៍ ផ្កាកុលាប​ និងតុក្កតា ធ្វើជាកាដូជូនដល់ដៃគូស្នេហារបស់ពួកគេទៀតផង។

លោកបន្ដថា យុវជនសម័យនេះយល់ដឹងលឿនណាស់អំពីវប្បធម៌បរទេស ប៉ុន្ដែលោកថា ពួកគេភ្លេចអស់អំពីវប្បធម៌របស់ខ្លួនឯងយ៉ាងម៉េចហើយ។

លោកថា៖ «មានទូទាំងក្រុងភ្នំពេញមានតើ ដូចថាឲ្យតែថ្ងៃហ្នឹង គេលក់ផ្កា លក់អី លក់អីចឹង ហើយជិះម៉ូតូកាន់ផ្កា កាន់អី វាភ្លើតភ្លើន វាប្រពៃណី យកតាមវប្បធម៌ស្រុកគេ។ កាន់តែកើនឡើង ដូចថាចម្លងតាមគ្នា»។

លោកក៏បានសំដែងក្ដីព្រួយបារម្ភដែរ ព្រោះលោកមានកូនស្រីម្នាក់ និងប្រុស២នាក់​ដែលកំពុងស្ថិតក្នុងវ័យជំទង់ ដោយលោកប្តេជ្ញា នឹងព្យាយាមអប់រំទូន្មានកូន​ កុំឲ្យឈ្លក់វង្វេង​នឹងវប្បធម៌បរទេសមួយនេះ ពេលពួកគេធំពេញវ័យ។

លោកថា៖ «អូ អាហ្នឹងខ្ញុំមានការព្រួយបារម្ភដែរពេលហ្នឹង ប៉ះពាល់ វាអាចភ្លើតភ្លើន វាអាចនាំទុក្ខ ឬក៏គ្រោះថ្នាក់អីក៏បាន យើងអប់រំទៅ យើងថាសប្បាយ វាមានលក្ខណៈសប្បាយ ក៏ប៉ុន្ដែកុំឲ្យធ្វើអារបៀបអ៊ីចឹង ខ្ញុំមិនសូវចូលចិត្តដែរ»។

អង្គុយលើកៅបង់មួយ ក្រោយសម្រាកពីសិក្សានៅពេលព្រឹក និងត្រៀមចូលរៀនគួរបន្ថែម យុវតី ហ៊ី វលីដា អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី៩ នៅវិទ្យាល័យបឹងកេងកង យល់ថា ទិវាក្ដីស្រឡាញ់១៤កុម្ភៈ គ្រាន់ជាថ្ងៃធម្មតា មិនមែនថ្ងៃបុណ្យសង្សារទេ។ កញ្ញានិយាយថា យុវជន-យុវនារី គួរយកថ្ងៃនេះ ដើម្បីចែករំលែកក្ដីស្រឡាញ់ និងការគោរពដឹងគុណដល់ឪពុកម្ដាយ ញាតិមិត្ដ និងគ្រូបារអាចារ្យផងដែរ។

កញ្ញាថា៖ «ខ្ញុំគិតថាថ្ងៃហ្នឹង បុណ្យនៃសេចក្ដីស្រឡាញ់ យើងស្រឡាញ់ម៉ាក់ប៉ា ស្រឡាញ់អ្នកដែលមានគុណលើយើង បើចឹងខ្ញុំគិតថា រកអីទិញជូនម៉ាក់ប៉ាខ្ញុំវិញល្អជាង»។

បុណ្យនៃក្ដីស្រឡាញ់ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី១៤ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ។ បុណ្យនេះធ្វើឡើងដើម្បីចែករំលែកក្ដីស្រឡាញ់ដល់ឪពុកម្ដាយ ក្រុមគ្រួសារ ញាតិមិត្ត និងមនុស្សជាតិក្នុងពិភពលោក ប៉ុន្ដែត្រូវបានយុវជនកម្ពុជាយល់ខុសដោយហៅថាជា «បុណ្យសង្សារ» ឬថ្ងៃណាត់ជួបគ្នាគូស្នេហ៍ទៅវិញ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋដើម្បី​អភិវឌ្ឍន៍ និង​សន្តិ​ភាព លោក យង់ គឹម អេង បានឲ្យវីអូឌីដឹងថា យុវជនកម្ពុជាកំពុងយល់ខុសថា បុណ្យនៃក្ដីស្រឡាញ់ ជាថ្ងៃលះបង់រូបរាងកាយដល់គូសង្សារ ដោយ​លោកថា ពួកគេអាចមានការស្ដាយក្រោយ ដោយសារការសម្រេចចិត្ត​ខុសនៅ​ថ្ងៃបុណ្យ​នៃក្ដី​ស្រឡាញ់។

លោកថា៖ «បុណ្យនៃក្ដីស្រឡាញ់មានផលប៉ះពាល់ច្រើន ដោយសារយើងគិតថាជា បុណ្យសង្សារ មិនមែជាបុណ្យនៃក្ដីស្រឡាញ់ គូសង្សារអីហ្នឹងច្រើនតែទៅជួបគ្នាប្រព្រឹត្ដនៅរឿងផ្ដេសផ្ដាសមួយចំនួន ដែលធ្វើឲ្យមានវិប្បដិសារី បន្ទាប់ពីថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ធ្វើឲ្យពួកគេលះបង់រូបកាយ​ មានផ្ទៃពោះដោយគ្មានបានគ្រោងទុក អ្នកខ្លះអាចឆ្លងនឹងជំងឺផ្សេងៗ ជុំវិញបញ្ហាបុណ្យនៃក្ដីស្រឡាញ់នេះជាគ្រោះថ្នាក់»។

លោកបានចូលរួមអំពាវនាវឲ្យយុវជន មាតាបិតា និងរដ្ឋាភិបាល រួបរួមគ្នាការពារ​ដើម្បីកុំឲ្យវប្បធម៌នេះ​ជះឥទ្ធិពលអាក្រក់ដល់សង្គមខ្មែរកាន់តែខ្លាំងឡើងៗ ដោយលោកថា បើសិនទទួលយក ក៏ត្រូវ​ប្រើក្នុងន័យ​ត្រឹមត្រូវ ទើបជាការល្អសម្រាប់ប្រទេសកម្ពុជា។

លោកថា៖ ​«នៅក្នុងប្រទេសកម្ពុជានេះ បុណ្យនៃក្ដីស្រឡាញ់ វាគួរតែមិនត្រូវបានស្វាគមន៍យ៉ាងអឹកធឹកដូច្នេះទេ ​ហើយក៏ស្វាគមន៍នៅក្នុងផ្លូវខុស ដែលរងមហន្ដរាយសម្រាប់ទាំងវប្បធម៌ប្រពៃណី ជីវិតរស់នៅរបស់យុវវ័យ អនាគតរបស់យុវវ័យ រួមទាំងការសម្រេចចិត្តមិនបានច្បាស់លាស់របស់យុវវ័យ»។  ​

ទាំងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ លើកឡើងដូចគ្នាថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បុណ្យនៃក្ដីស្រឡាញ់​កំពុងពង្រីកឥទ្ធិពលធំឡើងៗ និងធ្វើឲ្យយុវជនខ្មែរភ្លើតភ្លើនភ្លេចការសិក្សា បាត់បង់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងប្រពៃណីដ៏ល្អរបស់សង្គមជាតិ។ ដើម្បីថែរក្សាតម្លៃវប្បធម៌ និងប្រពៃណីជាតិ ក្រសួងបានទទូចឲ្យយុវជនខ្លួនឯងយល់អត្ថន័យនៃបុណ្យនេះឲ្យបានច្បាស់ និងព្រមានចាត់វិធានការទប់ស្កាត់ បើមានភាពមិនប្រក្រតីនៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់។

រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បះ លោក ថៃ នរៈសត្យា មានប្រសាសន៍ថា ពីដំបូងឡើយ យុវជនកម្ពុជាបានយល់ខុសអំពីអត្ថន័យនៃ «បុណ្យនៃក្ដីស្រឡាញ់» ប៉ុន្ដែលោកថា បន្ទាប់​ពីក្រសួងពាក់ព័ន្ធ​បានធ្វើការផ្សព្វផ្សាយ និងអប់រំ ពួកគេមានការភ្ញាក់រលឹកច្រើន និងមិនបានប្រព្រឹត្ដខុសធ្ងន់ធ្ងន់ដូចមុនទេ។​

លោកថា៖ «បណ្ដាឆ្នាំដំបូងៗហ្នឹង វាធ្វើឲ្យយុវជនរបស់យើងហ្នឹង យល់ច្រឡំច្រើនដែរ វាមានផលអសកម្មច្រើនដែរ ប៉ុន្ដែបណ្ដាឆ្នាំជាបន្ដបន្ទាប់មក ជាពិសេស២ ៣ ឆ្នាំកន្លងមកនេះ យុវជនរបស់យើងមានការយល់ដឹងកាន់តែច្រើនទៅៗ ហើយគេក៏មិនបានធ្វើអ្វីឲ្យវាខុសឆ្គងទៅដល់វប្បធម៌ប្រពៃណីជាតិយើងដែរ»។

រដ្ឋលេខាធិការក្រសួងវប្បធម៌រូបនេះក៏បានទទូចឲ្យយុវជនខ្លួនឯងចេះទទួលខុសត្រូវចំពោះអនាគត និងការសម្រេចចិត្តរបស់ខ្លួនឯង ដោយលោកថា ដើម្បី​ធ្វើខ្លួន​ឲ្យក្លាយ​ជាទំពាំងស្នង​ឬស្សីសម្រាប់សង្គមជាតិកម្ពុជា ជាជាងខ្ជះខ្ជាយពេលវេលានឹងរឿងឥតប្រយោជន៍។

លោកថា៖ «យើងគ្រាន់តែធ្វើការអប់រំ​ ហើយយើងក៏មិនដែលគិតទៅដល់ថា ចង់ដាក់វិន័យ ចង់អី ហើយយើងទាំងអស់នេះ យើងក៏មិនចង់ឲ្យមានដែរ យើងគ្រាន់តែចង់ផ្ដាំផ្ញើឲ្យមានការទទួលខុសត្រូវ​ចំពោះសីលធម៌ ចំពោះប្រពៃណីរបស់ជាតិយើងតែប៉ុណ្ណឹង»។​

បើតាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិសម្រាប់កម្ពុជាក្នុងឆ្នាំ២០១៥ ឲ្យដឹងថា បុរសម្នាក់ក្នុងចំណោម៥នាក់ បានចាប់បង្ខំដៃគូរបស់ខ្លួន ដើម្បីរួមដំណេកនៅថ្ងៃបុណ្យក្ដីស្រឡាញ់។ នៅឆ្នាំ២០០៩ មនុស្ស៧១៥នាក់ដែលគេបានសម្ភាសន៍ អាយុចន្លោះពី១៥ទៅ២៤ឆ្នាំ ក្នុងនោះ២ភាគ៣នៃចំនួននេះនិយាយថា ពួកគេបានចាប់បង្ខំដៃគូររបស់ខ្លួនផងដែរ។ ចំណែកនៅឆ្នាំ២០១៤ អត្រានេះបានថយចុះបន្ដិច ដោយក្នុងចំណោមបុរស៣៧៦នាក់ ក្នុងនោះ៤៧ភាគរយ ថា ពួកគេបានចាប់បង្ខំរួមភេទជាមួយដៃគូនៅបុណ្យនៃថ្ងៃក្ដីស្រឡាញ់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ