របាយការណ៍៖ សេរីភាពសារព័ត៌មាននៅកម្ពុជានឹងបន្ដធ្លាក់ចុះនៅឆ្នាំ២០១៨​

អង្គការអន្ដរជាតិមួយព្យាករណ៍ថា សេរីភាពសារព័ត៌មាននៅកម្ពុជា នឹងប​ន្ដធ្លាក់ចុះថែមទៀតនៅឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាលបើកការបង្ក្រាបលើបណ្ដាញសារព័ត៌មានឯករាជ្យ និងការចាប់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់។  

អង្គការអន្ដរជាតិមួយព្យាករណ៍ថា សេរីភាពសារព័ត៌មាននៅកម្ពុជា នឹងប​ន្ដធ្លាក់ចុះថែមទៀតនៅឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាលបើកការបង្ក្រាបលើបណ្ដាញសារព័ត៌មានឯករាជ្យ និងការចាប់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់។

របាយការណ៍ស្ដីពី «ការធ្លាក់ចុះនៃសេរីភាពសារព័ត៌មាននៅកម្ពុជា» ចេញផ្សាយកាលពីម្សិលមិញ អ្នករាយការណ៍គ្មានព្រំដែន (Reporters without Borders) អះអាងថា មានភស្ដុតាងយ៉ាងច្បាស់បង្ហាញថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញលើបណ្ដាញផ្សព្វផ្សាយឯករាជ្យនៅមុនការបោះឆ្នោត ដូចជា ការដាក់សម្ពាធ និងមិនចេញប័ណ្ណឲ្យអ្នកសារព័ត៌មាន ការបិទកាសែតភាសាអង់គ្លេស ខេមឌា ដេលី ការផ្អាកដំណើរការវិទ្យុអាស៊ីសេរី និងការបិទស្ថានីយ៍វិទ្យុចំនួន៣២ កាលពីខែសីហាឆ្នាំមុន។

អ្នករាយការណ៍គ្មានព្រំដែន ក៏ថ្កោលទោសករណីចាប់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់ មាន លោក អួន ឈិន និងលោក យាង សុជាមេត្តា ដោយថា ធ្វើឡើងគ្មានមូលដ្ឋានច្បាស់លាស់ ខណៈ ពួកគេរងការចោទប្រកាន់ពីរដ្ឋាភិបាលថា លួចផលិតព័ត៌មានពីកម្ពុជា ផ្ញើទៅទីក្រុងវ៉ាស៊ីនតោន និងប្រឈមទោសពន្ធនាគារដល់ទៅ១៥ឆ្នាំ។

អង្គការអន្ដរជាតិមួយនេះបន្ដថា កម្ពុជា មិនអាចមានលទ្ធិប្រជាធិបតេយ្យពេញលេញនោះទេ បើគ្មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យចូលរួម និងថា ក្រោយការបង្ក្រាបរបស់រដ្ឋាភិបាលនោះ ប្រព័ន្ធផ្សព្វផ្សាយភាគច្រើនជារបស់រដ្ឋ និងកាន់កាប់ដោយក្រុមហ៊ុនឯកជន ដែលស្និទ្ធរដ្ឋាភិបាល។  ដោយមើលឃើញបែបនេះ អ្នករាយការណ៍គ្មានព្រំដែនយល់ថា សេរីភាពសារព័ត៌មាននៅកម្ពុជានឹងបន្ដធ្លាក់ចុះថែមទៀតនៅឆ្នាំ២០១៨។

នៅថ្ងៃនេះដែរ អង្គការជាតិ និងអន្ដរជាតិចំនួន៥ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយហៅការចោទប្រកាន់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ថា ធ្វើឡើងដោយពុំត្រឹមត្រូវ និងជាការរិតត្បិតសេរីភាពសារព័ត៌មាន ដែលត្រូវបានធានារដ្ឋធម្មនុញ្ញ។

អ្នកនាំពាក្យក្រសួងព័ត៌មានលោក អ៊ុក គឹមសេង ច្រានចោលការចោទប្រកាន់នេះ ដោយថា គ្មានមូលដ្ឋាន និងមិនឆ្លុះការពិត។

លោកថា៖ «ជាការកត់សម្គាល់របស់ខ្ញុំ គាត់មិនដែលមើលឃើញសេរីភាព និងសិទ្ធិបញ្ចេញមតិនៅកម្ពុជាល្អទេ គាត់យកតែជ្រុងមួយខ្មៅងងឹត អវិជ្ជមាន យកមកលាបនូវស្ថានការណ៍ទាំងមូលនៅកម្ពុជា។ អង្គការមួយហ្នឹង ទោះបីគាត់មិនចេញរបាយការណ៍ ក៏ខ្ញុំអាចស្មានដឹងដែរ ជាការចោទប្រកាន់មួយ គ្មានមូលដ្ឋានទាល់តែសោះ យើងមិនអាចនិយាយថា ពាក្យបង្ក្រាប តែគឺសុទ្ធតែធ្វើតាមច្បាប់ ដែលអនុញ្ញាត អញ្ចឹងហើយខ្ញុំសូមបដិសេធថា មិនមែនជាការបង្ក្រាបទេ»។

អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា សង្កេតឃើញថា អ្នកសារព័ត៌មានខ្លះ ទទួលរងការរិតត្បិត និងខ្លះទៀតបានប្រតិបត្តិការដោយសេរី ផ្អែកទៅតាមបទពិសោធន៍ ដែលពួកគេជួប។ យ៉ាងណាក៏ដោយ លោកថា ចង់ឃើញសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ និងកាន់តែទូលំទូលាយជាងមុន។

លោកថា៖ «ប៉ុន្ដែអ្នកផ្សេង គាត់អាចយល់ឃើញ ឬក៏ខ្លួនគាត់អាចជួបប្រទះ​បញ្ហាការលំបាកអីមួយចំនួន ហើយអ្នកដែលគាត់ធូរលុងក៏គាត់គិតថា សេរីភាពរបស់គាត់មានពេញលេញ គាត់ចង់សរសេរស្អីក៏បាន តែសម្រាប់ខ្ញុំគឺធម្មតា ដោយសារខ្ញុំអត់ដែលរងសម្ពាធមកលើខ្ញុំវិញ នៅពេលខ្ញុំព្យាយាមសរសេរជាអាជីព។ ជាទូទៅខ្ញុំចង់ឃើញនូវប្រទេសណាក៏ដោយ ខ្ញុំចង់ឃើញ ជាពិសេសនៅអាស៊ានទាំងមូលចង់ឲ្យសេរីភាពសារព័ត៌មានឲ្យវាទូលំទូលាយ»។

បើតាមរបាយកាណ៍ «សន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០១៧»  អ្នករាយការណ៍គ្មានពំ្រដែន បានចាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា​ ថា កាន់តែអាក្រក់ទៅ ដោយថា កម្ពុជាជាប់ចំណាត់ថ្នាក់១៣២ ក្នុងចំណោមប្រទេស១៨០ នៅលើពិភពលោក ពោលគឺធ្លាក់ចុះ ៤លេខ បើធៀបនឹងឆ្នាំ២០១៦៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។