លោក​ស្រី ​រ៉ូណា ស្មីត៖ សិទ្ធិ​មនុស្សនិង​សេ្ថរភាព​នៅ​កម្ពុជាឈាន​ដល់​ផ្លូវ​បំបែក​

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ថ្លែងនៅក្នុងសន្និសិទកាសែតនៅថ្ងៃទី១៤មីនាឆ្នាំ២០១៨ នៅភ្នំពេញ (រូបថត៖ ហេង វិចិត្រ)

អ្នក​រាយការណ៍ពិសេស​អង្គការ​សហ​ប្រជា​ជាតិ ​លោក​ស្រី ​រ៉ូណា ស្មីត បាន​វាយតម្លៃ​ស្ថានភាព​សិទ្ធិ​មនុស្ស និងស្ថេរភាព​​នៅ​កម្ពុជា​​​ថា ​បាន​ឈាន​​ដល់​ផ្លូវ​បំបែក​ហើយ​ ដោយ​បន្ទោស​ទៅ​លើ​សកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា ខណៈ​ដែល​លោក​ស្រី​បំពេញ​ដំណើរ​ទស្សនកិច្ច​លើក​ទី​៥​របស់​លោកស្រី​នៅ​កម្ពុជា។

​លោក​ស្រី​ បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ​​ដំណើរ​វិវត្ត​ន៍​ចុង​ក្រោយ​នៃ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ឈាន​ដល់​ការ​រឹតត្បិត​បំផុត ខណៈ​រដ្ឋាភិបាល​នៅ​តែ​លើក​ពី​ស្ថេរភាព និង​ការ​អភិវឌ្ឍ ដើម្បី​​រាំង​ខ្ទប់​នូវ​សិទ្ធិទាំង​នេះ។ លោក​ស្រី​ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​ងាក​មក​ចាប់​យក​សិទ្ធិ​មនុស្ស​ឡើង​វិញ​ ដើម្បី​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ និង​សន្តិភាព​ពិតប្រាកដ។

លោក​ស្រី​ថ្លែង​ថា៖ «ការរឹតត្បិត​សំឡេង​ប្រជា​ជន​កម្ពុជា​ នៅ​ទី​បំផុត​អាច​​គំរាម​កំហែង​ដល់​ស្ថេរភាព​ពិតប្រាកដដែល​រដ្ឋាភិបាល​ និង​ប្រជា​ជន​បាន​ខិត​ខំ​កសាង​ឡើង​ដោយ​លំ​បាក។ សេរីភាព​ក្នុង​ការ​បង្កើត​សមាគម ការ​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំដោយសន្តិវិធី គួរតែ​ត្រូវ​បាន​ការពារ និង​បង្កើត​ឡើង មិនត្រូវធ្វើ​ការ​រិតត្បិត​ឡើយ​នៅ​ក្នុងលទ្ធិ​ប្រជា​ធិបតេយ្យសេរីពហុបក្ស ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញកម្ពុជា»

ក្នុង​ដំណើរទស្សនៈកិច្ច​របស់​លោក​ស្រី​នៅ​កម្ពុជា ​ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ ក៏​បាន​កត់​សម្ពាល់​ពីការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និងការ​​បែង​ចែក​អាសនៈរបស់​បក្ស​នេះទៅ​ឲ្យ​គណបក្សដទៃ និង​ការ​ហាម​ប្រាមអ្នកនយោបាយ​ទាំង​១១៨​រូប​នៃ​​បក្ស​នេះ ជា​ការគំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​ សិទ្ធិ​​សេរី​ភាព​នយោ​បាយ​​នៅ​កម្ពុជា​។

វី​អូ​ឌី​មិន​អាច​ទាក់​ទង​ប្រធាន​គណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា ​លោក កែវ រ៉េមី បាន​នៅ​ឡើយ​ទេ តែ​លោក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​៧ ខែមីនា​ថា មូល​ដ្ឋាន​សិទ្ធិ​មនុស្ស​មិន​អាច​មាន​នោះ​ទេ ​បើ​កម្ពុជា​គ្មាន​សន្តិភាព ស្ថេរភាព និង​ការ​អភិវឌ្ឍ។ លោក​ចាត់​ទុក​ថា​ ការ​ប៉ះពាល់​​សិទ្ធិ​មនុស្ស​មួយ​ក្រុម​តូច ​ដើម្បី​ការពារ​មនុស្ស​ចំនួន​ធំ វា​ជា​ការ​ចាំ​បាច់​បំផុត​សម្រាប់​​រដ្ឋាភិបាល​ក្នុង​ការ​ដឹក​នាំ​ប្រទេស​។

លោក​ថា៖ «តួនាទី​រដ្ឋាភិបាល​ខុសពី​តួនាទី​ក្នុង​ការ​ពារសិទ្ធិ​មនុស្ស​របស់​គាត់ រដ្ឋាភិបាល​ដើម្បី​គ្រប់​គ្រង​ប្រទេស​មួយ ​ប្រសិន​ជាយើងចង់​ការ​ពារ​មនុស្ស​ចំនួន​ធំណា​មួយ​រាប់​លាន​នាក់ យើង​ត្រូវ​មាន​អារកាត់​ ប៉ះពាល់​មិន​ខាន​ទេ នូវ​ជ្រុង​ណា​មួយ​ ហើយ​ជា​ពិសេស​គឺ​យើង​ជំរុញ​ឲ្យ​មាន​ការ​អនុវត្តន៍​ច្បាប់​។ …ពេល​នេះ ​គាត់​យល់​ខុសមក​លើ​រដ្ឋាភិបាល​ ក៏​ប៉ុន្តែ​ថ្ងៃ​ណា​មួយ​គាត់​នឹង​យល់​ត្រូវ គាត់​នឹង​យល់​ឃើញ​ថា​រដ្ឋាភិបាល​ធ្វើ​ត្រូវ សំខាន់​បំផុត​ខ្ញុំ​ថា សំខាន់​នៅពេល​ដែល​អ្នក​ឯង​យល់​ថា​កម្ពុជា​កំពុង​ធ្វើ​ត្រូវ ប្រហែល​ជា​អ្នក​ឯង​ប្តូរតួនាទី​លែង​ធ្វើផ្នែក​សិទ្ធិមនុស្ស​ហើយ»

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក​លោក សឹង សែន​ករុណា មាន​ប្រសាសន៍​ថា ការ​វាយ​តម្លៃ​របស់​អ្នក​ស្រី ​ស្មីត​ នេះ ជា​ការ​វាយ​តម្លៃ​ដែលអាច​ទទួល​យក​បាន ដែល​រដ្ឋាភិបាល​កម្ពុជា​គួរ​ទទួល​យក​មក​ពិចារណា មិន​គួរ​ច្រាន​ចោល​នូវ​​ដែល​អ្វី​ដែល​ធ្លាប់​ធ្វើ​ពី​មុន​មក​នោះ​ទេ។

លោក​ថា​៖ «ការ​ដែល​ចេញ​សេចក្តី​ថ្លែង​ម្តង​ៗ​នេះ ​យើង​ដឹង​ហើយ​ថា តំណាង​ពិសេស​នេះ​ គឺ​ជា​តំណាង​របស់​អង្គការសហ​ប្រជាជាតិ ដែល​ត្រួត​ពិនិត្យ​ពី​ការ​អនុវត្តន៍​កាតាព្វកិច្ច​ទាំង​អស់​ហ្នឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អញ្ចឹង ​បើ​សិន​ជា​មាន​ការអនុវត្តផ្ទុយ​ពី​ហ្នឹង យើង​ដឹង​ហើយ​ប្រទេស​ជា​សមាជិក​ទាំង​អស់​ដែល​ជា​សមាជិក​នឹង​សំឡឹង​មក​កម្ពុជា។ តើ​អ្វី​ដែល​កម្ពុជាមិន​បាន​បំពេញ​កាតព្វកិច្ច​បស់​ខ្លួន​ឲ្យ​ស្របតាមកតិការសញ្ញា ឬ​ក៏​អនុសញ្ញា ឬ​ក៏​ច្បាប់សិទ្ធិមនុស្ស​ទាំង​ឡាយ​ហ្នឹង រួម​ទាំង​បទដ្ឋាន​ច្បាប់​នៅ​ក្នុង​ប្រទេ​សផងដែរពិសេស​រដ្ឋធម្មនុញ្ញ​ដែល​ជាច្បាប់​កំពូល​របស់​ជាតិ»។​

​អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូ​ណា​ ស្មី​ត បានចាប់ផ្ដើម​ទស្សនកិច្ច​នៅ​កម្ពុជា ​ចាប់ពី​ថ្ងៃ​ទី៥ រហូត​ដល់​ថ្ងៃទី១៤ខែមីនា ក្នុងគោលបំណងធ្វើរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ដាក់ជូនទៅក្រុមប្រឹក្សា​សិទ្ធិមនុស្សអង្គ​ការ​សហ​ប្រជាជាតិ នាខែកញ្ញាឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ