ជប៉ុនរំឭកកម្ពុជា​ម្ដង​ទៀត​ឲ្យ​រៀបចំការបោះឆ្នោតត្រឹមត្រូវ និងយុត្ដិធម៌

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ និងលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុងជំនួប បំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៨មេសា២០១៨ (រូបថត៖ ទំព័រហ្វេសប៊ុក ហ៊ុន សែន)

ជប៉ុន​បាន​បន្ត​ជំរុញ​ជា​ថ្មី​ទៀត​ឲ្យ​កម្ពុជារៀបចំ​ការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី ​ត្រឹម​ត្រូវ និង​យុត្តិធម៌ ប៉ុន្តែ អ្នក​នាំ​ពាក្យ​បន្ត​កាន់​អំណាច​យល់​ថា ការ​ជំរុញ​នេះ គឺ​ជា​រឿង​ធម្មតា និង​មិន​លូក​លាន់​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​នោះ​ទេ។

ជប៉ុន​បាន​បន្ត​ជំរុញ​ជា​ថ្មី​ទៀត​ឲ្យ​កម្ពុជារៀបចំ​ការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី ​ត្រឹម​ត្រូវ និង​យុត្តិធម៌ ប៉ុន្តែ អ្នក​នាំ​ពាក្យ​បន្ត​កាន់​អំណាច​យល់​ថា ការ​ជំរុញ​នេះ គឺ​ជា​រឿង​ធម្មតា និង​មិន​លូក​លាន់​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​នោះ​ទេ។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន តំណាងក្រសួងការបរទេសរបស់ជប៉ុន បានជួបជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរាជធានីភ្នំពេញ ដែលកិច្ចពិភាក្សានោះ ផ្ដោតសំខាន់លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំ អគ្គនាយករងការិយាល័យគោលនយោបាយកិច្ចការបរទេស នៃក្រសួងការបរទេសជប៉ុន លោក Masato OTAKA បានលើកឡើងអំពីការរឹតត្បិតសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិល ការចាប់ខ្លួនប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទាំងកណ្ដាលយប់ ការរំលាយអតីតគណបក្សប្រឆាំង និងការហាមឃាត់អតីតមន្ដ្រីបក្សប្រឆាំង ១១៨រូប មិនឲ្យធ្វើនយោបាយជាដើម។ នេះដោយយោងតាមសារព័ត៌មានជប៉ុន NHK។

សារព័ត៌មាន NHK ចុះផ្សាយថា លោក Masato OTAKA ក៏បន្ដក្រើនរំលឹករដ្ឋាភិបាលកម្ពុជា ធានារៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវ និងឆ្លុះបញ្ចាំងឆន្ទៈពលរដ្ឋពិតប្រាកដ។

ប៉ុន្ដែ ក្នុងកិច្ចប្រជុំនោះដែរ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានឆ្លើយតបថា រដ្ឋាភិបាលកម្ពុជា បាន និងកំពុងពង្រឹងការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ និងថា នៅមានគណបក្សច្រើនទៀត ដែលនឹងចូលរួមប្រកួតប្រជែង ទោះបីជាគ្មានអតីតគណបក្សសង្គ្រោះជាតិក៏ដោយ។​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ជប៉ុន គឺជាប្រទេសមានវិន័យ និងមិនដែលលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជាឡើយ។ លោកថា អ្វីដែលជប៉ុនលើកឡើងជាថ្មីនេះ គឺគ្រាន់ជាការបង្ហាញកង្វល់ទូទៅ ចង់ឲ្យការបោះឆ្នោតត្រឹមត្រូវនៅកម្ពុជា ប៉ុន្ដែ មិនមានន័យថា ជប៉ុន​ចង់ឲ្យការដោះលែងប្រធានអតីតបក្សប្រឆាំងកំពុងជាប់ឃុំ លោក កឹម សុខា ឬចង់ឲ្យអតីតបក្សប្រឆាំង វិលមកចូលរួមការបោះឆ្នោតឡើយ។

លោកថា៖ «អាហ្នឹង បានសេចក្ដីថា គាត់គោរពកិច្ចការផ្ទៃក្នុងរបស់កម្ពុជា មិនលូកដៃជ្រៀតជ្រែកចូលកិច្ចការកម្ពុជា បានសេចក្ដីថា រឿងគណបក្សប្រឆាំង ដែលត្រូវបានរំលាយចោលដោយតុលាការកំពូល អាហ្នឹង​ជាការអនុវត្តច្បាប់ ផ្អែកទៅលើអំពើល្មើសច្បាប់ធ្ងន់ធររបស់អតីតបក្សប្រឆាំង អញ្ចឹងគឺជប៉ុន គាត់គោរពកិច្ចការផ្ទៃក្នុងរបស់យើងណា គាត់អត់មានដាក់បន្ទុកថា អ្នកឯងធ្វើចេះ អ្នកឯងធ្វើអញ្ចុះ  ​[…] មិនដែលលឺថា ហ្អេស សុំឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខា ឯណាអត់ដែលលឺ»។

ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ យល់ផ្សេងថា  ការក្រើនរំលឹករបស់ជប៉ុននេះ កំពុងដាស់តឿនដល់កម្ពុជាថា ការបោះឆ្នោតខាងមុខ នឹងគ្មានការទទួលស្គាល់ឡើយ បើគ្មានអតីតបក្សប្រឆាំងចូលរួម។ លោកបន្ដថា រដ្ឋាភិបាលត្រូវពិចារណាសំណើនានាពីអន្ដរជាតិ  មុននឹងស្ថានការណ៍ធ្លាក់ដល់ដំណាក់កាលចុងក្រោយ ពិបាកនឹងកែខៃឡើងវិញ។

លោកថា៖ «ជប៉ុន គាត់បានមើលឃើញស្ថានភាពមិនសូវស្រួលនេះហើយ គាត់បានរំលឹក ហើយក៏ស្នើសុំដល់ភាគីរដ្ឋាភិបាល ខាងផ្នែកសិទ្ធិមនុស្ស ក៏ដូចជា គ.ជ.ប ធ្វើយ៉ាងម៉េច ដើម្បីឲ្យការបោះឆ្នោត វាទទួលយកបាន ដោយសារជប៉ុន គាត់បារម្ភពីលទ្ធផលនៃការបោះឆ្នោត ខ្លាចអត់មានអ្នកទទួលស្គាល់។ អញ្ចឹង បើអត់មានអ្នកទទួលស្គាល់ ទោះខំយ៉ាងម៉េច ក៏វាអត់ជោគជ័យ មានន័យថា ក្រោយការបោះឆ្នោត រដ្ឋាភិបាលនឹងត្រូវធ្វើការងារធ្ងន់មែនទែន ឆ្លើយតបនឹងការរិះគន់របស់អន្ដរជាតិ»។​

ស្ថានការណ៍នយោបាយ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ត្រូវ​បាន​វាយតម្លៃដោយ​ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា កាន់តែអាក្រក់ទៅនៅមុនការបោះឆ្នោតខែកក្កដាខាងមុខ។

ប្រទេសលោកសេរីមួយចំនួន រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចំនួន ៤៥ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអន្ដរជាតិជាដើម បានព្រមានថា ការបោះឆ្នោតខាងមុខ ពុំអាចទទួលយកបានឡើយ បើគ្មានគណបក្សសង្គ្រោះជាតិ ដែលអតីតបក្សប្រឆាំងដ៏ធំនោះ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។