គ.ជ.ប.​ថា គ្មាន​ការ​ពន្យា​ពេល​ការ​ចុះ​បញ្ជី​បក្ស​នយោបាយ​ទេ ខណៈ​បក្ស​៤​ចុះ​ឈ្មោះ​រួច​រាល់

កិច្ចប្រជុំរបស់ គ.ជ.ប ទៅលើការចុះឈ្មោះបោះឆ្នោត

គណៈក​ម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បានច្រាន​ចោល​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ថា ស្ថាប័ន​នេះ​នឹង​ពន្យា​ពេល​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយរយៈពេល ៥​ថ្ងៃបន្តទៀត ខណៈការចុះឈ្មោះត្រូវបានបញ្ចប់នៅ​ត្រឹម​ថ្ងៃ​នេះ។

ដោយ​បាន​ដក​ស្រង់​សម្ដី​របស់​អ្នក​នាំ​ពាក្យ​ គ.ជ.ប. លោក ហង្ស ពុទ្ធា កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា គ.ជ.ប. បាន​សម្រេច​ពន្យា​ពេល​ ៥​ថ្ងៃ​បន្ថែម​ទៀត សម្រាប់​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​នេះ។

ប៉ុន្តែ អ្នកនាំពាក្យ គ.ជ.ប. លោក  ឌឹម សុវណ្ណារុំ ប្រាប់វីអូឌីនៅថ្ងៃនេះថា ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នេះ នឹងបិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​គណ​បក្ស​នយោបាយនៅក្នុងថ្ងៃនេះ ដោយមិនមានការពន្យាពេលនោះទេ។

លោកថា៖ «គ.ជ.ប. មានពេល ៧ថ្ងៃ ដើម្បីពិនិត្យទៅលើឯកសារដែលគាត់ [គណបក្ស] ដាក់មកនៅពេលដែលពិនិត្យមើលឃើញថា ឯកសារនៅខ្វះចន្លោះ គ.ជ.ប. នឹងចេញសេចក្ដីជូនដំណឹងមួយ ឲ្យគណបក្សសាម៉ីដាក់ឯកសារបង្គ្រប់ក្នុងរយៈពេល ៥ថ្ងៃ មិនមែនមានន័យថា គ.ជ.ប. ពន្យាការចុះបញ្ជីគណបក្សនយោបាយនោះទេ។ គណបក្សនយោបាយដែលមិនបានមកចុះបញ្ជីក្នុងថ្ងៃនេះ គឺហួសពេលហើយ»

បើ​តាម​សមាជិក​​​គ.ជ.ប.​រូប​នេះ គណបក្ស​ចំនួន ៤​ហើយ​ ត្រូវ​បាន​ គ.ជ.ប.​សម្រេច​ទទួល​ស្គាល់​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវ​ការ​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១៤ ខែ​ឧសភា​នេះ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ។

សេចក្ដី​ជូន​ដំណឹង​របស់ គ.ជ.ប. បាន​បង្ហាញ​ថា ទាំង​បួន​នោះ មាន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គណបក្ស​យុវជន​កម្ពុជា​របស់​លោក ពេជ្រ ស្រស់ គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ និង​គណបក្ស​សញ្ជាតិ​កម្ពុជា។

លោក ឌឹម សុវណ្ណារុំ បាន​ឲ្យ​ដឹង​ថា ដោយឡែកគណបក្ស​ចំនួន ៦​​ទៀតដែលបានដាក់​ពាក្យរួចរាល់ហើយនោះ គ.ជ.ប. កំពុង​ធ្វើការ​ពិនិត្យ​មើល​ឯកសារ​គណបក្សនយោបាយទាំងអស់នោះ ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ដើម្បីចូលរួមប្រកួតប្រជែង ខណៈ​ដែល​លោក​ថា មាន​គណ​បក្ស​នយោបាយ​ចំនួន ១០​ទៀត បានសន្យាថា នឹងយកដាក់ពាក្យមកដាក់​ក្នុងថ្ងៃបិទបញ្ចប់នេះ។

គ.ជ.ប. បាន​ចាប់​ផ្ដើម​ទទួល​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នា​ឆ្នាំ​នេះ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​ឧសភា​នេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ឲ្យដឹងថា គណបក្សនយោបាយ​ចំនួន ៤១ បាន​ចុះ​បញ្ជី​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ។

ទោះជាយ៉ាងណា ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​នេះ បាន​ស្ថិត​នៅ​ក្រោម​ភាព​ចម្រូង​ចម្រាស់​ជុំ​វិញ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ឆ្នាំ​មុន និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​នោះ​ឡើយ ហើយ​​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ជប៉ុន បាន​ជំរុញ​កម្ពុជា​ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ