លោក មហាធៀ ប្រកាស​សើរើ​ច្បាប់​ស្ដី​ពី​ព័ត៌មាន​ក្លែង​ក្លាយ​ក្រោយ​ឈ្នះ​ការ​បោះ​ឆ្នោត

រូបភាព៖ ប្រភពវេបសាយបរទេស

នាយករដ្ឋ​មន្ត្រី​ថ្មី​ប្រទេស​ម៉ាឡេស៊ី លោក មហាធៀ មហាម៉េដ បាន​ប្ដេជ្ញា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា នឹង​សើរើ​ឡើង​វិញ​នូវ​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ប្រឆាំង​នឹង «ព័ត៌មាន​ក្លែង​ក្លាយ» ដែល​ត្រូវ​បាន​អនុម័ត​នៅ​មុន​ការ​បោះ​ឆ្នោត និង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា សំដៅ​ដល់​អ្នក​រិះគន់​នាយករដ្ឋ​មន្ត្រី​មុន​ដែល​រុំ​ព័ទ្ធ​ទៅ​ដោយ​រឿង​អាស្រូវ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បើ​តាម​ AFP ច្បាប់​​ព័ត៌មាន​ក្លែង​ក្លាយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ម៉ាឡេស៊ី​អនុម័ត​កាល​ពី​ដើម​ខែ​មេសា​កន្លង​មក​នេះ ដែល​បាន​កំណត់​ការ​ដាក់​ទោស​ឲ្យ​ជាប់​គុក​​រហូត​ដល់ ៦​ឆ្នាំ ចំពោះ​បុគ្គល​ណា​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។

ច្បាប់​នេះ​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​ក្រុម​សិទ្ធិ​មនុស្ស​ផង​ដែរ ដែល​ជឿ​ថា ច្បាប់​នេះ​អាច​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ដើម្បី​បង្ក្រាប​លើ​អ្នក​ប្រឆាំង ជាពិសេស​អ្នក​រិះគន់​នាយករដ្ឋ​មន្ត្រី លោក ណាជីប រ៉ាហ្សាក់ នៅ​មុន​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​០៩ ឧសភា។

គណបក្ស​កាន់​អំណាច Barisan Nasional របស់​លោក ណាជីប ដែល​បាន​គ្រប់​គ្រង​ប្រទេស​អស់​រយៈ​ពេល ៦១​ឆ្នាំ​ចាប់​តាំង​ពី​ក្រោយ​ឯករាជ្យ​មក​នោះ បាន​បរាជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រកួត​ប្រជែង​ជាមួយ​សម្ព័ន្ធ​បក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក មហាធៀ។

លោក មហាធៀ ដែល​ធ្លាប់​បាន​គ្រប់​គ្រង​ប្រទេស​ម៉ាឡេស៊ី​អស់​រយៈ​ពេល ២២​ឆ្នាំ​មុន​ចុះ​ចេញ​ពី​តំណែង​កាល​ពី​ឆ្នាំ​២០០៣​នោះ បាន​ចេញ​មក​ប្រកួត​ប្រជែង​នឹង​លោក ណាជីប ​វិញ។ លោក មហាធៀ និយាយ​ថា លោក​នឹង​សើរើ​ច្បាប់​នេះ​ឡើង​វិញ ដើម្បី​កំណត់​បាន​ច្បាស់​នូវ​​ពាក្យ​ថា «ព័ត៌មាន​ក្លែងក្លាយ»។

លោក​ថ្លែង​តាម​ទូរទស្សន៍​ថា ច្បាប់​ព័ត៌មាន​ក្លែង​ក្លាយ នឹង​ត្រូវ​បាន​កំណត់​និយមន័យ​មួយ​ដែល​ច្បាស់​លាស់ ដោយ​ថា ប្រជាជន និង​ក្រុមហ៊ុន​សារព័ត៌មាន នឹង​យល់​នូវ​អ្វី​ដែល​ហៅ​ថា ព័ត៌មាន​ក្លែង​ក្លាយ និង​ព័ត៌មាន​ពិត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ