វិភាគ៖ អ្វីជាកត្តារារាំងដល់ការវិលត្រឡប់របស់បក្សប្រឆាំង?

គណបក្សសង្គ្រោះជាតិធ្វើយុទ្ធនាការលើកបដាទាមទារដោះលែងលោក កឹម សុខា

នៅថ្ងៃទី១៤ខែឧសភានេះ ជាថ្ងៃដែល គ.ជ.ប. ឈប់ទទួលពាក្យចុះបញ្ជីគណបក្សនយោបាយ សម្រាប់ចូល​រួមប្រកួតប្រ​ជែ​​ង​កា​រ​បោះ​​ឆ្នោ​តជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។

នៅថ្ងៃទី១៤ខែឧសភានេះ ជាថ្ងៃដែល គ.ជ.ប. ឈប់ទទួលពាក្យចុះបញ្ជីគណបក្សនយោបាយ សម្រាប់ចូល​រួមប្រកួតប្រ​ជែ​​ង​កា​រ​បោះ​​ឆ្នោ​តជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។

ប៉ុន្តែ គិតត្រឹមរសៀល​ថ្ងៃបិទបញ្ជីនេះ អតីតគណបក្សសង្គ្រោះជាតិ ដែលតុលាការរំលាយចោល​កាលពីចុងឆ្នាំ២០១៧​នោះ គ្មានឈ្មោះ​ក្នុង​បញ្ជី​​ឈរឈ្មោះថ្មី ដើម្បីចូល​រួម​ប្រកួតប្រជែងទេ។

បើគ្មានអ្វីប្រែប្រួល​ទេ គណបក្សប្រឆាំងដ៍ធំមួយនេះ នឹង​បាត់ឱកាសចូលរួមប្រកួតប្រជែង​ដណ្តើមអំណាចពី​ដៃគូដ៏មានឥទ្ធិពលរ​ប​​ស់​ខ្លួន គឺ​គណបក្សប្រជាជនកម្ពុជា។

ប៉ុន្តែ បើគេក្រឡេកទៅមើលជ្រុងមួយ​របស់ក្រុមប្រទេសលោកសេរី បានហៅ​ចំណាត់ការនេះ​ថា ជាចេតនានយោបាយ​របស់​បក្ស​កាន់អំណាច រុញកម្ពុជាឲ្យដើរចេញពីគន្លងប្រ​ជា​​ធិ​​បតេយ្យ បន្តគ្រប់គ្រងអំណាច។

ក្រៅពីថ្កោលទោស ក្រុមប្រទេសលោកសេរី មានសហរដ្ឋអាមេរិក និងសភាពអឺរ៉ុបផងនោះ បានគំរាមថា នឹងពិ​ចារណាផ្តាច់​ទំ​ទា​ក់​ទំ​​​ន​ងពា​ណិជ្ជកម្មជាមួយរដ្ឋាភិបាលកម្ពុជា បើរដ្ឋាភិបាលកម្ពុជាមិនបើកផ្លូវឲ្យបក្ស​ប្រឆាំង បានចូ​លរួម​ប្រកួ​តកា​​រ​បោះ​ឆ្នោ​តឡើងវិ​ញ​នោះ​។​  ប៉ុន្តែ មហា​អំណាចចិន បានប្រកាសគាំទ្រចំណាត់ការ​របស់រដ្ឋាភិបាល។

ខណៈដែលមហាអំណាចកុម្មុយនីស្តចិន និងមហាអំណាចលោកសេរី បង្ហាញជំហរផ្ទុយគ្នា​ពីកម្តៅនយោបាយនៅកម្ពុជានេះ គេសង្កេតឃើញស្ថានការណ៍នយោបាយមកដល់ពេលនេះ គ្មានសញ្ញាណាមួយបង្ហាញ​ថា វិល​ទៅរក​ស្ថាន​ភាព​ដើម ដើម្បី​ស្តារ​​ប្រ​​ជា​ធិបតេយ្យឡើងវិញតាមការចង់បាន​របស់ប្រទេសលោកសេរី ដែលចង់ឃើញបក្សប្រឆាំងបានប្រ​កួតប្រជែងការ​បោះ​​ឆ្នោ​តឡើ​ងវិញនោះទេ។

តើអ្វីជាកត្តារារាំងដល់ការវិលត្រឡប់របស់បក្សប្រឆាំង?

អ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា មាន​បញ្ហាចម្បងពីរ ដែលជំរុញឲ្យប​ក្សកាន់អំណាច​ទប់ស្កាត់​មិនឲ្យអ​តីតបក្ស​ប្រឆាំ​ងបា​ន​ចូលរួ​ម​​ប្រកួតប្រជែងការបោះឆ្នោតអា​ណត្តិទី៦នេះ។

លោ​ក ហង្ស វិទូ វិភាគថា ការកើនឡើងប្រជាប្រិយភាព​របស់បក្សប្រឆាំង នៅឆ្នាំ២០១៣ និងឆ្នាំ២០១៧ ជាសញ្ញា​ភ័យ​​ខ្លាចមួយ​របស់បក្សកាន់អំណាចក្នុងការបោះឆ្នោត​​ឆ្នាំ​២០១៨។ លោកថា រលកប្រជាធិបតេយ្យនេះ ជាស្រមោល​ភ័យខ្លាច​រប​​ស់​ប​​ក្សកាន់អំណាច ជំរុញឲ្យមេដឹកនាំបក្សនោះ​​​រ​កវិធីទប់ស្កាត់ មិនឲ្យមានវត្តមានបក្សប្រឆាំងនៅលើទីលានប្រកួត។

លោក ហង្ស វិទូ វិភាគទៀតថា ការដែលរដ្ឋាភិបាលយកមហាអំណាច​ចិនធ្វើជាបង្អែកខ្លាំង ក៏ជាកត្តាមួយទៀ​តរារាំងដល់​ការជំ​រុញ​​ប្រ​ជា​ធិបតេយ្យដែរ ដោយថា ពេលរដ្ឋាភិបាលមានបង្អែកចិន រដ្ឋាភិបាលក៏អាចទប់ទល់​នឹងឥទ្ធិពលមហា​អំណា​ច​លោក​សេរីបា​ន​ដែរ  ដោយមិនសូវខ្វល់ពីការដាក់សម្ពាធ ហើយងាកមកបន្តប្រើឥទ្ធិពលក្នុងស្រុក យកប្រៀបលើដៃគូប្រកួតបាន​តាមយុ​ទ្ធ​សា​ស្ត្រ​​ឈ្នះ​។

លោកថា៖ «គណបក្សប្រជាជនកម្ពុជា ក៏ដូចជារដ្ឋាភិបាល គាត់មិនឈឺក្បាល ឬក៏មិនខ្វល់អីទេ ពីព្រោះអីចិនជាមហាអំណាចដ៏ធំ។ ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយ គឺចិនមិនដែលខ្វល់ពិសិទ្ធិមនុស្ស មិនដែលខ្វល់ពីប្រជាធិបតេយ្យនិតិរដ្ឋអីទេ ឲ្យតែបានប្រយោជន៍ដល់​គេ គេគាំទ្ររដ្ឋាភិបាលហើយ មិនថា ពលរដ្ឋកើតទុក្ខ និងរងគ្រោះយ៉ាងម៉េចទេ។ នេះជារឿងមួយដែលយើងសោកស្តាយមែនទែន»

ប៉ុន្តែ លោក ហង្ស វិទូ វិភាគថា ស្នៀតចុងក្រោយនេះ បក្សកាន់អំណាចនឹងឈ្នះទៀតក្នុងរយៈពេលខ្លី ដោយថា ព្រោះ​កា​របោះ​ឆ្នោ​​​តមិនបានគោរពឆន្ទៈពលរដ្ឋពាក់កណ្តាលប្រទេស។ លោកថា ពេលនោះវិបត្តិផ្ទៃក្នុង និងសម្ពាធពីសហ​គមន៍​អន្តរ​ជាតិ​នឹង​កើតឡើង។

លោកថា៖ «មិនមែនត្រឹមអ្នកនយោបាយសម័យនេះទេ អ្នកនយោបាយពីដើម ដែលគាត់ក្រាញអំណាច គាត់ចង់បានអំណាចហ្នឹង គាត់តែងតែប្រើល្បែងនយោបាយប្រជាធិបតេយ្យ ជាពិសេសសម័យនេះតែម្តង រដ្ឋធម្មនុញ្ញខ្មែរ មានចែងពីប្រជាធិបតេយ្យ គាត់​​កអាល្បែងប្រជាធិបតេយ្យហ្នឹង​យកមកលេងតែម្តង។ តាមពិតទៅការគ្រប់គ្រងអំណាចកន្លងទៅ ខ្ញុំឃើញថា គណ​​ក្សប្រជានកម្ពុជា គេក្តោបអំណាចតែក្នុងដៃគេ។ គេមិនដែលខ្វល់ពីគណបក្សប្រឆាំងទេតាំងពីដើមមក»

ប៉ុន្តែ សម្រាប់មេដឹកនាំបក្សកាន់អំណាច និងជានាយករដ្ឋមន្ត្រីផងនោះ លោក ហ៊ុន សែន អះអាងក្នុ​ងពិធីជួប​កម្ម​ករកាលពី​ចុង​សប្តា​ហ៍​មុនថា ការទប់ស្កាត់ក្រុមប្រឆាំង គឺ​ដើម្បីការពារសន្តិភាព ដែលកម្ពុជារកបានដោយកម្រ។

លោកថា៖ «ពួកប្រឆាំងទាំងប៉ុន្មានប្រមូលផ្តុំគ្នាវាយពូទាំងអស់ដោយសារពូរារាំងនូវសកម្មភាពបំផ្លាញជាតិរបស់គេ»

សម្រាប់អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូណា ស្មីត បាន​សម្ដែង​កង្វល់​យ៉ាងខ្លាំង​ពីរបត់នយោបាយដែលឈានទៅ​រឹតត្បិត​លើ​ប្រព័ន្ធ​ផ្ស​ព្វផ្សា​យ សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ការចូលរួម​ក្នុង​សកម្មភាព​នយោបាយ នៅមុន​ការបោះឆ្នោតជាតិ​នៅ​ខែកក្កដា​ខា​ងមុខ ដោ​យ​អំ​​ពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជ្រើសរើស​ដើរ​តាម​មាគ៌ា​សិទ្ធិមនុស្ស​ឡើងវិញ។

ប្រទេស​កម្ពុជា​បានមក​ដល់​ផ្លូវបំបែក​ដ៏​សំខាន់​មួយ ហើយ​ត្រូវតែ​ចាប់យក​សិទ្ធិម​នុ​ស្ស​​ដែ​​ល​ចាំបាច់​មិនអាច​ខ្វះ​បាន​ក្នុងការ​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ និង​សន្តិភាព ដែល​រកបាន​ដោយ​ពិបាក។

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា

អ្នកជំនាញអន្តរជាតិ​រូបនេះ បាន​រិះគន់​ទៅលើ​ការអនុម័ត​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នាពេលថ្មីៗនេះ​ថា មិន​ស្រប​នឹង​ច្បាប់​អន្ត​រជា​តិ​នោះទេ។

ស​រុ​បជារួមអ្នកវិភាគ និងអ្នកឃ្លាំមើលថា ការដែលប្រព័ន្ធច្បាប់មិនឯករាជ្យ បង្អែកពីមហាអំណាចចិន កម្លាំងប្រ​ដាប់អាវុ​ធមិ​ន​ទា​ន់​ជា​មនុស្សអព្យាក្រឹត និងការភ័យខ្លាចចាញ់ឆ្នោតរបស់បក្សកាន់អំណាច ជាដើមចម​រារាំងដល់កា​រវិលត្រ​ឡ​ប់រប​ស់​បក្ស​ប្រឆាំ​​​​ងក្នុ​ងការចូលរួមប្រកួតការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។