ឌុចថា​ខៀវ សំផន មិន​​ក្លាហានប្រឈម​មុខ​ចំពោះ​កំហុស​របស់​ខ្លួន

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ឬ​គុក​ទួលស្លែង(រូបថតពីសាលាក្តីខ្មែរក្រហម​)

ប្រធានមន្ទីរស២១ឬគុកទួលស្លែង លោក កាំង ហ្កេចអៀវ ហៅឌុច បានផ្តល់សក្ខីកម្មថាលោក ខៀវ សំផន អតីតប្រមុខរដ្ឋនៅក្នុងសម័យខ្មែរក្រហម មិនក្លាហានក្នុងការទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួនដែលកើតមាននៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។

ឌុចជាអ្នកគ្រប់គ្រងគុកទួលស្លែងដោយមានការធ្វើទារុណកម្មនិងសម្លាប់មនុស្សជាង១៥០០០នាក់។ ក្នុងការធ្វើជាសក្ខីកម្មនៅថ្ងៃអង្ការនេះ លោកត្រូវបានសហព្រះរាជអាជ្ញាអន្តរជាតិសាកសួរពីចម្លើយសារភាពរបស់លោក ខៀវ សំផន ថាលោកមិនបានដឹងពីការចាប់កម្មាភិបាលជាន់ខ្ពស់ណាមួយនោះទេរហូតមកដល់ឆ្នាំ១៩៧៩។ ឌុចបានតបឆ្លើយថាចំពោះការចាប់ចងកម្មាភិបាលជាន់ខ្ពស់ទាំងនេះគឺត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងជួរកម្មាភិបាលនិងយុទ្ធជន។ លោកថាអ្វីដែលលោក ខៀវ សំផន ឆ្លើយសារភាពបែបនេះជាការដែរមិនក្លាហានប្រឈមមុខចំពោះកំហុសរបស់ខ្លួន។

លោកមានប្រសាសន៍ថា៖ “មនុស្សសំខាន់គេសម្ងាត់បានតែមួយរយៈទេ នេះនៅក្នុងស២១ ចំណែកឯនៅខាងក្រៅមិនមែននេះទេ(មិនអាចរក្សាការសម្ងាត់ទេ)។ … ដល់តែនិយាយមិនដឹងមិនឭអីទាំងអស់ អូ! ភរជាគ្នាតែម្តង។ ដល់៧៩(ឆ្នាំ១៩៧៩)បានដឹងជាភាសាមួយដែលមិនក្លាហានប្រឈមមុខ។ យើងជាអ្នកបដិវត្តន៍យើងធ្វើការដើម្បីបម្រើប្រជាជន បើយើងខុស ត្រូវសុំទោសប្រជាជនវិញដោយសុភាពរាបសារ”។

លោក ឌុច ត្រូវបានកោះហៅមកផ្តល់សក្ខីកម្មក្នុងប្រធានបទទីបួននៃសំណុំរឿង០០២/០២ទាក់ទងនឹងមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុងជាពិសេសគឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១។ អង្គជំនុំជម្រះសាលាដំបូងបានត្រៀមរយៈពេល៩ថ្ងៃដើម្បីសាកសួរទៅលើសាក្សីរូបនេះ។

គួរបញ្ជាក់ថាកាលពីថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូលនៃ អ.វ.ត.ក បានសម្រេចតម្កល់ពិរុទ្ធភាពរបស់ឌុចសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ហើយបានសម្រេចផ្តន្ទាទោសគាត់ដោយដាក់ពន្ធនាគារអស់មួយជីវិត។

គួរបញ្ជាក់ថាកាលពីថ្ងៃទី០៧ខែសីហា ឆ្នាំ២០១៤ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានប្រកាសសាលក្រមក្នុងសំណុំរឿង០០២/០១ ដោយកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺលោក នួន ជា និងលោក ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ