គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) បានឲ្យដឹងថា ស្ថាប័ននេះនឹងធ្វើការពង្រឹងសមត្ថភាពអង្គការដៃគូនៅភ្នំពេញ និង១០ខេត្តផ្សេងទៀត ដោយសហការជាមួយរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការភិវឌ្ឍនៅតាមមូលដ្ឋានប្រកបដោយចីរភាព។
អង្គការសង្គមស៊ីវិលដែលត្រូវពង្រឹងនៅក្នុងខេត្តទំាង១០នោះ រួមមាន ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ បាត់ដំបង សៀមរាប ព្រះសីហនុ និងខេត្តកំពតជាដើម ខណៈគម្រោងនេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១មេសា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២០ ក្រោមជំនួយពីសហភាពអឺរ៉ុប និងអង្គការ Bread for the world (Bfdw) ចំនួន១លាន៦សែនដុល្លារ ។
នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា លោក សឿង សារឿន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៤មិថុនានេះថា គម្រោងពង្រឹងសង្គមស៊ីវិលសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យប្រកបដោយចីរភាពនៅកម្ពុជា មានគោលដៅ៥ចំនុច រួមមាន ពង្រឹងការសហការត្រីភាគី មានសង្គមស៊ីវិល រដ្ឋ និងវិស័យឯកជន កសាងសមត្ថិភាពមន្ត្រីសង្គមស៊ីវិល បង្កើតប្រព័ន្ធគៀងគហិរញ្ញប្បទានដែលនៅកំពុងប្រតិបត្តិការនៅក្នុងខេត្តនីមួយៗ ពង្រឹងការស្រាវជ្រាវ តស៊ូមតិ ជំរុញទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព។
លោក សារឿន មានជំនឿថា គម្រោងនេះនឹងអាចជួយពង្រឹងសមត្ថិភាពសង្គមស៊ីវិលនៅរាជធានីភ្នំពេញ និង១០ខេត្ត ឲ្យចេះធ្វើការងារសហការល្អជាមួយស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសកម្ពុជាប្រកបដោយចីរភាព និងមានអភិបាលកិច្ចល្អនៅតាមមូលដ្ឋានបានពិតប្រាដក។
លោកមានប្រសាសន៍ថា «នៅពេលដាក់អង្គការសង្គមស៊ីវិលនិងរដ្ឋធ្វើការជាមួយគ្នា តំាងពីកម្រិតគោលនយោបាយ កំរិតផែនការ រហូតដល់ការអនុវត្តជាក់ស្តែង ខ្ញុំគិតថាបញ្ហាទំាងឡាយនៅស្រុកខ្មែរនិងត្រូវបានដោះស្រាយ សំខាន់ថាតើថ្នាក់សង្គមស៊ីវិល មានសមត្ថិភាពប៉ុណ្ណា ហើយស្ម័គ្រចិត្តធ្វើការជាមួយរដ្ឋប៉ុណ្ណា ជាមួយវិស័យឯកជនប៉ុណ្ណា ហើយរដ្ឋមានឆន្ទៈនយោបាយក្នុងការបើកចំហឲ្យគ្រប់វិស័យ គ្រប់និន្នាការអាចធ្វើការជាមួយរដ្ឋបាន ឬក៏របៀបធ្វើការមួយចំនួនដែលមិនជំរុញឲ្យមានការចូលរួមយ៉ាងសកម្ម និងអាចកែសម្រួលបាន»។
លើសពីនេះទៀត លោក សារឿន អះអាង បើគម្រោងនេះទទួលបានផលវិជ្ជមាន នោះអង្គការរបស់លោកនឹងបន្តពង្រឹងនិងអនុវត្តឲ្យបានទូទំាង២៥រាជធានី/ខេត្តផងដែរ។
អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅថា (គ.ជ.អ.ប) លោក ង៉ាន់ ចំរើន ដែលចូលរួមវេទិកានៅថ្ងៃនេះ បានគំាទ្រនិងគម្រោងនេះ ដោយថា រដ្ឋាភិបាលត្រូវការសហការជាមួយអង្គការសង្គមស៊ីវិល ទើបធ្វើឲ្យកម្ពុជាទទួលបានអភិបាលកិច្ចល្អ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។
លោក ចំរើន បានប្រាប់ទៅស្ថាប័នជាតិដែលពាក់ព័ន្ធ ត្រូវសហការធ្វើការល្អជាមួយសង្គមស៊ីវិលតំាងពីពេលចាប់ផ្តើមនិងដល់ពេលបញ្ចប់គម្រោងនេះ ទើបទទួលបានផលវិជ្ជមាន។
លោកនិយាយថា «ការរៀបចំពង្រឹងដៃគូដ៏ល្អប្រសើរនេះ ប្រហែលជាពាក់ព័ន្ធនឹងការខិតខំបែងចែកការទទួលខុសត្រូវឲ្យបានច្បាស់លាស់រវាងដៃគូទំាងអស់ ការបែងចែកនេះមានលក្ខណៈច្បាស់លាស់ ហើយមានតុល្យភាព ទំាងក្នុងការរៀបចំធ្វើផែនការ ក៏ដូចជាការអនុវត្ត និងព្រួតគ្នាតាមដានក្រោយការអនុវត្តផងដែរ ដូច្នេះជាមួយគ្នាដែរ រដ្ឋបាលថ្នាក់ក្រោមជាតិក៏គប្បីគិតបញ្ហានេះ ហើយចាត់ទុកបញ្ហានេះ ជាបញ្ហាសំខាន់របស់ខ្លួនដែរ ដើម្បីធានាបាននូវរាល់ការរួមគ្នាអភិវឌ្ឍនៅមូលដ្ឋានរបស់ខ្លួន»។
អ្នកប្រឹក្សាឯករាជ្យ ផ្នែកសិទ្ធិមនុស្ស លោក សួន ប៊ុនស័ក្តិ យល់ថា គម្រោងរបស់ គណៈកម្មាធិការសហប្រតិបត្តិការ ដើម្បីកម្ពុជា (គ.ស.ក) នឹងជួយឲ្យកម្ពុជាទទួលបានការអភិវឌ្ឍប្រកបដោយចីរភាព ហើយអាចជួយទប់ស្កាត់ កុំឲ្យមន្ត្រីថ្នាក់ក្រោមជាតិចាយលុយជាតិខ្ជះខ្ជាយផងដែរ។
លោកនិយាយថា «គោលគំនិតនៃគម្រោងហ្នឹង ចង់មិនចង់គឺជំរុញឲ្យមនុស្សចូលរួម ជំរុញឲ្យមនុស្សធ្វើការ ជំរុញឲ្យមនុស្សកែឥរិយាបទ ពីព្រោះហេតុអ្វីបានជាថាអញ្ចឹង ដោយសារកន្លងមកវាអត់មានដំណើរការចូលរួមសហប្រតិបត្តិការល្អ អត់មានគិតគូរឿងការអភិវឌ្ឍដោយចីរភាព មានន័យយ៉ាងម៉េច ដោយសារតែខ្វះការគិតគូកន្លងមក បានជាវាមានគម្រោងហ្នឹង ដែលមានគំនិតបែបហ្នឹង ដើម្បីអនុវត្តទៅមានការផ្លាស់ ប្តូរផ្នត់គំនិតទៅខាងមុខ»។
លោក ប៊ុនស័ក្តិ ឲ្យដឹងទៀតថា បើរដ្ឋាភិបាលមិនសហការល្អជាមួយអង្គការសង្គមស៊ីវិល ដើម្បីអនុវត្តគម្រោងនេះឲ្យមានប្រសិទ្ធិភាពទេ និងធ្វើឲ្យសាធារណៈជនកាន់តែយល់ច្បាស់ពីការដឹកនាំរបស់រដ្ឋាភិបាល ហើយអាចធ្វើឲ្យបក្សកាន់អំណាចបាត់បង់ការគំាទ្រផងដែរ៕