សេរីភាពប្រជាធិបតេយ្យកំពុងរុញប្រព័ន្ធកុម្មុយនីស្តនៅវៀតណាម

ពលរដ្ឋវៀតណាមផ្ទុះការតវ៉ាចំពោះការផ្ដល់ដីសម្បទានដល់ចិន ៩៩ ឆ្នាំ (រូបភាព៖ វេបសាយប្រទេស)

កាល​ពី​ចុង​សប្តាហ៍​មុន​ប្រជាពលរដ្ឋ​វៀតណាម ផ្ទុះ​ការតវ៉ា​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ប្រឆាំង​រដ្ឋាភិបាលរបស់ពួកគេ​ ចំពោះគម្រោង​រៀប​ចំ​ច្បាប់​ផ្តល់​ដី​កោះមួយ​ចំនួន​ធ្វើ​ជាដី​សម្បទាន​សេដ្ឋកិច្ចឲ្យក្រុម​ហ៊ុនរបស់ចិន។

កាល​ពី​ចុង​សប្តាហ៍​មុន​ប្រជាពលរដ្ឋ​វៀតណាម ផ្ទុះ​ការតវ៉ា​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ប្រឆាំង​រដ្ឋាភិបាលរបស់ពួកគេ​ ចំពោះគម្រោង​រៀប​ចំ​ច្បាប់​ផ្តល់​ដី​កោះមួយ​ចំនួន​ធ្វើ​ជាដី​សម្បទាន​សេដ្ឋកិច្ចឲ្យក្រុម​ហ៊ុនរបស់ចិន។

តំបន់សេដ្ឋកិច្ច​ដែលវៀតណាម​គម្រោង​ធ្វើជាដីសម្បទានសេដ្ឋកិច្ចឲ្យចិននោះមានបីទីតាំងគឺភាគឦសានមួយកន្លែង នៅភាគអាគ្នេយ៍ និងនៅភាគនិរតីនៃប្រទេសនេះ។​

ចលនានៅក្រៅប្រទេសក្រៅប្រទេសគ្រាន់​តែលើកបដាសម្តែងឆន្ទៈ ប៉ុន្តែនៅក្នុងប្រទេសមាន​ការ​ដើរក្បួន​ លើក​បដានៅតាម​ខេត្ត​ក្រុងនានារួមទីក្រុងព្រៃនគរ និងហូជីមិញ ហើយក៏មាន​ហិង្សាពេល​ប៉ះទង្គិចជាមួយសមត្ថកិច្ច។ បើទោះជាមានការចាប់​ខ្លួន​អ្នកតវ៉ាប្រមាណ​១០០នាក់ មានការបាញ់​គ្រាប់បែកផ្សែង​និងប្រើប្រាស់​ដំបងខ្លះ​ ដើម្បី​បំបែក​បាតុករក៏ដោយ​ប៉ុន្តែបាតុករមិនដកថយទេ។

លទ្ធផល​ពីការតវ៉ា

ក្រោយការផ្ទុះការតវ៉ាខ្លាំងនៅថ្ងៃទី១០ខែមិថុនា​ គឺក្រោយមួយថ្ងៃនៅថ្ងៃទី១១ខែមិថុនាសភាដែលមានសមាជិកសភា​ជាង​៤០០នាក់ បានសម្រេច​បោះឆ្នោត​ផ្អាកដំណើរ​ការផ្តល់​ដីសម្បទាន​សេដ្ឋកិច្ចនេះ។​

ជាតិសាសន៍ចិននិងវៀតណាម

ប្រជាពលរដ្ឋវៀតណាម​នៅតែចាត់ទុកប្រទេសចិន​ជាសត្រូវប្រវត្តិសាស្ត្រ ដែលឈ្លាន​ប្រទេសរបស់ពួកគេ។​

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកវិទ្យាល័យប៉ូស្តុន លោករ៉ូប៊ឺត រ៉ូស ថ្លែងថា បញ្ហាជាតិនិយមគឺកាន់តែបង្កផលលំបាកកាន់​តែខ្លាំង​ក្នុងការ​ទំនាក់​ទំនង​ដល់ប្រទេស​ជិតខាងទាំងពីរ។​

ការស្រែក​តាមឧបករបំពងសំឡេង និងបដាជាច្រើន​បង្ហាញថា ពលរដ្ឋ​វៀតណាម​ទាំងនេះ មានការស្អប់ជនជាតិចិន។​

​ខ្លឹមសារប្រើប្រាស់​ក្នុងពេល​តវ៉ា​របស់ពួក​គេមាន​ដូចជា៖

យើងស្រលាញ់ទឹកដីកំណើតយើងខ្លាំងណាស់មិនជួលឲ្យចិនទេ ទឹកដីយើង​មិនជួល​ឲ្យចិនទោះមួយថ្ងៃក៏ដោយ។

កាលពីឆ្នាំ​២០១៤ ពេល​រដ្ឋ​អំណាចទីក្រុង​ប៉េកាំង​បណ្តេញ​មន្ត្រីវៀតណាម​ចេញពីកន្លែង​បូមយកប្រេងនៅក្នុង​តំបន់មានជម្លោះ​នៅក្នុងសមុទ្រចិនខាងត្បូងនោះ ក៏ផ្ទុះការតវ៉ាពីសំណាក់​ពលរដ្ឋវៀតណាម​ដែរ។​

ពលរដ្ឋវៀតណាមផ្ទុះការតវ៉ាចំពោះការផ្ដល់ដីសម្បទានដល់ចិន ៩៩ ឆ្នាំ (រូបភាព៖ វេបសាយប្រទេស)

កាល​នោះពលរដ្ឋ​វៀតណាម​ផ្ទុះការតវ៉ា​ដោយហិង្សា បណ្តេញក្រុមហ៊ុន​និងពលរដ្ឋចិន​ ចេញពីប្រទេស​វៀតណាម​នៅភាគ​ខាងត្បូង រហូតដល់​រដ្ឋអំណាចចិនយកនាវាដឹកពលរដ្ឋ​ខ្លួន​ជាង១ម៉ឺននាក់​ត្រឡប់ទៅប្រទេសកំណើតវិញ។​ ហិង្សានៅពេលនេះ បណ្តាល​ឲ្យមនុស្ស​ប្រមាណ​២០នាក់ស្លាប់​និងជាង១០០នាក់​រងរបួស។​

ពលរដ្ឋ​វៀតណាម​និងការប្រើប្រាស់សិទ្ធិ

រូបភាពខាងក្រៅគេតែងតែមើល​ឃើញថា វៀតណាម​ជាប្រទេស​កុម្មុយនីស្ត​រឹតត្បិតសេរីភាព​គ្រប់បែបយ៉ាង និង​មានការបង្ក្រាបខ្លាំងលើក្រុម​ដែលហ៊ានប្រឆាំង។​

ប៉ុន្តែ​បើពិនិត្យលើសេរីភាព​នៃការ​ទទួល​បានព័ត៌មាន​គឺពលរដ្ឋ​នៃប្រទេសនេះ​ហាក់​ដូចជា ទទួល​បាន​ព័ត៌មាន​ពេញលេញ ព្រោះច្បាប់នៃការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ចឲ្យ​ក្រុម​ហ៊ុន​ចិន​ និងលើក​យកទៅជជែកនៅថ្ងៃទី១២ដល់ថ្ងៃទី១៦ខែមិថុនា ប៉ុន្តែ​ពលរដ្ឋ​ផ្ទុះការតវ៉ា​នៅថ្ងៃទី១០ខែមិថុនា បានន័យថា ពួក​គាត់ភាគច្រើន​ដឹងមុន​ ហើយដឹងច្បាស់​ពីផលប៉ះពាល់នេះ។​

អ្នកខ្លះ​ថ្លែងថា ការផ្តល់ដីសម្បទាន​៩៩ឆ្នាំនេះគឺ​ការប្រើ​ពេលរហូត​២ទៅ៣ជំនាន់​មនុស្សដូច្នេះ​ពួកគេបារម្ភថា អាចនឹងធ្វើ​ឲ្យបាត់បង់ដីទាំងនោះទៅចិន​ជាមិនខានទេ។

បើនិយាយពីការទទួលព័ត៌មាន​និងការទំនាក់ទំនងគ្នារវាងពលរដ្ឋនៅក្នុងប្រទេសនេះ នៅតែមានភាពប្រសើរ។ ករណីដូចការងើបតវ៉ា​ព្រមៗគ្នាទាំងក្នុងនិងក្រៅប្រទេសនេះ បើពួកគេមិនបានទំនាក់ទំនងគ្នាមុន ឬ មិនបានដឹងពីសកម្មភាពរវាងគ្នានិងគ្នានោះ នឹងមិនអាចដំណើរតវ៉ាបានល្អយ៉ាងនេះទេ។​​

​ការឆ្លើយតបរបស់រដ្ឋាភិបាល​

រូបភាពជាច្រើន​បង្ហាញ​ពីសកម្មភាព​ ពលរដ្ឋ​ចោលដុំថ្មទៅលើសមត្ថកិច្ច បាតុករដើរចូល សមត្ថកិច្ច​ដែលមានខែលនិងដំបងនៅជាប់ដៃនៅតែបន្តថយក្រោយ។

រូបភាពនេះ មិនមែនមានន័យថា វៀតណាមខ្វះកម្លាំងទ័ពសម្រាប់ទប់ទល់ជាមួយបាតុករនោះទេ បើវៀតណាម​បញ្ចេញកម្លាំងប្រដាប់​អាវុធច្រើន​ក៏អាចទប់​ទល់បាន​ហើយ ពលរដ្ឋ​ក៏មិនអាចដើរទៅមុខទៀតបានដែរ។

មួយទៀត​រដ្ឋាភិបាលបានស្តាប់​ការលើកឡើង​របស់ពលរដ្ឋ បើទោះបីជាច្បាប់នៃប្រទេសនេះ មិនបានបើកសិទ្ធិការធ្វើបាតុកម្មក៏ដោយ ហើយរដ្ឋាភិបាលមិនបានចោទប្រកាន់​ថា ក្រុមណាមួយជាអ្នករៀបចំ ជាអ្នកញុះញង់ ដើម្បីប្រើរូបភាពពលរដ្ឋក្នុងបំណងរារាំង ឬ ចង់ផ្តួលរំលំរដ្ឋាភិបាលនោះទេ។​

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។