កម្មកររោងចក្រផលិតសម្ភារៈអេឡិចត្រូនិច LG ប្រមាណ១ពាន់នាក់បាតុកម្មទាមទារលក្ខខណ្ឌការងារ

កម្មករ-កម្មការិនីរោងចក្រ (រូបភាពពីសហជីព CLUF)

កម្មកររោងចក្រ អាយ សោន ប្រមាណជិត១ពាក់នាក់ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស វ៉ាយ សេវែន ក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃព្រហស្សតិ៍នេះបានធ្វើបាតុកម្មដោយតវ៉ាទាមទារឲ្យថៅកែរោងចក្រទទួលយកតំណាងរបស់ពួកគេម្នាក់ដែលក្រុមហ៊ុនបានបញ្ឈប់ឲ្យចូលធ្វើការងារវិញ រួមទាំងទាមទារលក្ខខណ្ឌការងារចំនួន១៦ចំនុច។

តំណាងកម្មករម្នាក់ លោក តាក់ គឹមឆេង ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារដោយសារចេញមុខតវ៉ាទាមទារសិទ្ធិជូនកម្មករ។

លោក តាក់ គឹមឆេង បានមានប្រសាសន៍ប្រាប់វីអូឌីតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនបានបញ្ឈប់រូបលោក បន្ទាប់ពីលោកព្យាយាមការពារផលប្រយោជន៍ជូនកម្មករ ដូចជាស្នើឲ្យក្រុមហ៊ុនគិតគូរប្រាក់អត្ថប្រយោជន៍ទៅដល់កម្មករម្នាក់ដែលបានគ្រោះថ្នាក់ការងារបាត់បង់ជីវិត ទាមទារឲ្យក្រុមហ៊ុនត្រូវរៀបចំកន្លែងទារកដ្ឋានសម្រាប់កម្មការិនី ទាមទារឲ្យក្រុមហ៊ុនត្រូវបើកប្រាក់សម្រាលកូនបីខែមុនដល់កម្មករ និងទាមទារកុំឲ្យក្រុមហ៊ុនកាត់លុយពេលកម្មករឈឺ ហើយត្រូវមានច្បាប់ត្រឹមត្រូវជាដើម។

លោកថាបញ្ហាទាំងនេះកន្លងមកក្រុមហ៊ុនមិនបានយកចិត្តទុកដាក់នោះទេ ថែមទាំងគាបសង្កត់មកលើកម្មករទៀត។ លោកបន្ថែមថាដល់ពេលលោកចេញមុខតវ៉ាជូនកម្មករ ក្រុមហ៊ុនបែរជាបជ្ឈប់លោកពីការងារទៅវិញ។

លោកបន្ថែមថា៖ កម្មករទាំងអស់គាត់វេទនា គាត់ពិបាកណាស់ ពេលពួកខ្ញុំចេញមុខដោះស្រាយក្រុមហ៊ុនតែងតែដាក់គំនាបពួកខ្ញុំទៀត

កម្មករផ្នែកត្រួតពិនិត្យម្នាក់ អ្នកស្រី ម៉ៃ សុចាន់ មានប្រសាសន៍ថាកន្លងមករោងចក្រតែងតែគាបសង្កត់កម្មករដោយបង្ខំឲ្យកម្មករធ្វើការងារទាំងឈឺ។ អ្នកស្រីថា បើមិនធ្វើរោងចក្រនឹងកាត់លុយ បើទោះជាមានច្បាប់និងសំបុត្រពេទ្យត្រឹមត្រូវក៏ដោយ។

អ្នកស្រីបន្ថែមថា៖ កាលពីថ្ងៃមួយនោះខ្ញុំឈឺ ខ្ញុំឈប់៤ថ្ងៃ។ ហើយខ្ញុំទូរស័ព្ទប្រាប់ប្រធានក្រុម។ តែមេខ្ញុំប្រាប់ខ្ញុំថា ប្រសិនស្អែកខ្ញុំអត់មកធ្វើការទេ រោងចក្រនឹងបញ្ឈប់។ អញ្ចឹងខ្ញុំត្រូវមកធ្វើការតាំងសេរ៉ូម

ប្រធានរដ្ឋបាលរោងចក្រ អាយ សោន អ្នកស្រី អយ ស៊ីណេត ប្រាប់វីអូឌីតាមទូរស័ព្ទថា ក្រុមហ៊ុនបានស្វាគមន៍ក្នុងការចរចាជាមួយភាគីកម្មករ ប៉ុន្តែអ្នកស្រីថាសហជីពទេដែលមិនចង់ចរចារកដំណោះស្រាយនោះ។

អ្នកស្រីបន្ថែមថា៖ និយាយទៅក្រុមហ៊ុនគាត់ដោះស្រាយតើ ប៉ុន្តែសហជីពខាងគាត់(កម្មករ)អត់ដោះស្រាយ ទើបតែចរចាគ្នាបានលក្ខខណ្ឌទី១ គាត់ចុះចេញទៅបាត់

មន្រ្តីសហជីពសេរីកម្មករ លោក ដួង សុខុម ដែលបានចុះដោះស្រាយផ្ទាល់មានប្រសាសន៍ថា ការទាមទារសំខាន់របស់ក្រុមកម្មករគឺទាមទារឲ្យក្រុមហ៊ុនទទួលយកតំណាងរបស់ពួកគេដែលមានឈ្មោះ តាក់ គឹមឆេង ប៉ុន្តែភាគីរោងចក្រព្យាយាមបដិសេធ ទើបសហជីពមិនអាចបន្តចរចា។ លោកថាការដែលក្រុមហ៊ុនបញ្ឈប់កម្មករដោយសារចេញមុខតវ៉ាផលប្រយោជន៍ខ្លួន គឺជាការរើសអើងកម្មករ។

ពាក់ព័ន្ធនឹងការធ្វើបាតុកម្មនេះ ប្រធានការិយាល័យនៃមន្ទីការងារខេត្តកំពង់ស្ពឺលោក ចឹក បូរិន មានប្រសាសន៍ថា លោកកំពុងដឹកនាំក្រុមការងារដើម្បីចុះដោះស្រាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដោយលោកថានៅមិនទាន់បញ្ជាក់ពីលទ្ធិផលនៅឡើយ។

គួរបញ្ជាក់ថារោងចក្រ អាយ សោយ ជារោងចក្ររបស់ក្រុមហ៊ុនកូរ៉េធ្វើផលិតគ្រឿងអេឡិចត្រូនិចម៉ាកអិលជី (LG) ដែលមានកម្មករសរុបចំនួន ១ ២៥០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ