បទយកការណ៍៖ ពលរដ្ឋមួយចំនួនព្រួយបារម្ភពីការចាយថវិកាជាតិមិនមានតម្លាភាព

ថវិកាសង្ខេបឆ្នាំ២០១៦ (រូបភាពពីវេបស៊ាយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

គិតត្រឹមឆ្នាំ២០១១ដល់ឆ្នាំ២០១៥ រដ្ឋាភិបាលចំណាយថវិកាជាតិទំាងអស់ជាង១ប៊ីលានដុល្លារ(១៥៥៩.០០០ប៊ីលានដុល្លារ) ខណៈនៅឆ្នាំ២០១៦នេះរដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិប្រហែលជា៤៣០០លានដុល្លារដែលកើនលើសឆ្នាំ២០១៥ចំនួន១៦ភាគរយ។

ថវិកាជាតិនេះរដ្ឋាភិបាលជាអ្នកប្រមូលបានពីបង់ពន្ធអាករនានាពីប្រជាពលរដ្ឋនៅក្នុងប្រទេស ហើយរដ្ឋាភិបាលដែលជាប់ឆ្នោតគឺជាអ្នកដឹកនាំក្នុងមួយមានអាណត្តិ៥ឆ្នាំ ជាអ្នកយកថវិកានោះទៅបែងចែកទៅតាមក្រសួងនីមួយៗធ្វើការអភិវឌ្ឍនៅក្នុងភូមិ ឃុំ ស្រុក ខ័ណ្ឌ ខេត្ត ក្រុង និងរាជធានីជាដើម។

ការចំណាយលើការអភិវឌ្ឍទំាងនោះរួមមានធ្វើស្ពាន ផ្លូវថ្នល់ សាងសង់អគារសាធារណៈ ប្រាក់បៀវត្សន៍មន្ត្រីរាជការ និងចំណាយធ្វើហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតជាដើម។

អតីតអ្នកមានជម្លោះដីធ្លីម្នាក់នៅរាជធានីភ្នំពេញសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា ពួកគេមិនដឹងថាថវិកាជាតិដែលរដ្ឋប្រមូលបានពីពលរដ្ឋរាប់រយលានដុល្លារក្នុងមួយឆ្នាំនោះ រដ្ឋាភិបាលយកទៅចំណាយលើផ្នែកអ្វីខ្លះនោះទេ។ ប៉ុន្តែលោកថា ការអភិវឌ្ឍក្នុងតំបន់បុរីកីឡាធ្វើឲ្យពួកគេជួបបញ្ហាប្រឈមនឹងជីវភាពគ្រួសារដោយថា អាជ្ញាធរនិងក្រុមហ៊ុនបានបណ្តេញពួកគេចេញទំាងបង្ខំឲ្យរស់នៅជាយក្រុង។ លោកបន្តថា៖ “អត់ដែលឃើញរាជរដ្ឋាភិបាលណាមកជួយទុកគ្រោះប្រជាពលរដ្ឋម៉េចទេ មានតែជួយដេញមាន ប៉ុន្តែដេញដូចថានៅជាយក្រុងតំបន់ដែលដាច់ស្រយាល តំបន់ដែលសង្កាត់មាត់ញកទៅជាក្រុង តែកន្លែងលំបាករកស៊ីបំផុត អាចដំបូងត្រពំាងចា ទួលសំបូរ ភ្នំបាត ភូមិអណ្តូង“។

អ្នកមានជម្លោះដីធ្លីម្នាក់ទៀតក្នុងរាជធានីភ្នំពេញលោក ចាន់ ដាវី បានរៀបរាប់ថាបើរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅតំបន់ណាមួយ ត្រូវមានការផ្សព្វផ្សាយជាសាធារណៈពីការចំណាយថវិកាជាតិទៅក្រសួងនីមួយៗជាសាធារណៈ ដើម្បីឲ្យពលរដ្ឋដឹង ជៀសវាងការភ័ន្តច្រឡំថា រដ្ឋាភិបាលចាត់ចែងថវិកាមិនមានតម្លាភាព។ លោកបន្តថា៖ “បើរដ្ឋាភិបាលគាត់ចំណាយលុយក្នុងសភា គាត់ប្រកាសលុយចំណាយ ចាយវាយប៉ុន្មាន ឲ្យគណបក្សប្រឆំាងដឹងផង ដើម្បីឲ្យគណបក្សប្រឆំាងឲ្យដឹងថាលុយប្រើចំណាយអស់ប៉ុន្មាន ចាយវាយអស់ប៉ុន្មាន ឬកាត់ទៅខាងផ្លូវសាលារៀន ដូចស្ពានអាកាសអស់ប៉ុន្មាន បើរដ្ឋាភិបាលបង្ហាញប៉ុណ្ណឹង កាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋក្នុងប្រទេសបាន”។

ពលរដ្ឋមួយចំនួនបានអះអាងប្រហាក់ប្រហែលគ្នាថាថ្វីបើរដ្ឋាភិបាលប្រមូលបានថវិកាជាតិរាប់រយលានដុល្លារក្នុងមួយឆ្នាំដើម្បីយកទៅជួយអភិវឌ្ឍន៍នៅក្នុងប្រទេសយ៉ាងណាក៏ដោយ។ ប៉ុន្តែពួកគេថាថវិកាជាតិដែលរដ្ឋាភិបាលប្រមូលបានពីការបង់ពន្ធរបស់ពលរដ្ឋនោះមិនទាន់ជួយកាត់បន្ថយភាពក្រីក្រនៅឡើយ។

អតីតអ្នកមានជម្លោះដីធ្លីនៅរាជធានីភ្នំពេញ ដៃបីកូនតូចជិតមួយឆ្នាំ អ្នកស្រី បាន ធួន បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានទំាងអួលដើមកថា អ្នកស្រីមិនដែលឮអាជ្ញាធរមូលដ្ឋានប្រកាសពីចំនួនថវិកាជាតិដែលរដ្ឋាភិបាលផ្តល់ឲ្យអភិវឌ្ឍន៍នៅភូមិឃុំ ខេត្ត ស្រុក ខណ្ឌ របស់ខ្លួនជាសាធារណៈនោះទេ។ អ្នកស្រីសង្កេតឃើញថារាល់គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនៅតំបន់ណាមួយជាពិសេសនៅរាជធានីភ្នំពេញ អ្នកស្រីថាអ្នកដែលទទួលបានប្រយោជន៍ភាគច្រើនគឺអ្នកមាន រីឯអ្នកក្រជាអ្នករងគ្រោះទៅ។ អ្នកស្រីបន្តថា៖ “រាល់ថ្ងៃគេយកតែអ្នកមាននៅក្រុង អ្នកក្រទៅនៅជនបទមិនបានលុយ មិនបានកាក់ចាយនិងគេទេ គេបំបាត់ភាពក្រីក្រ គេបណ្តេញអ្នកក្រីក្រចេញពីក្រុងអស់ នៅតែអ្នកមាន នៅតែគេអ្នកមាន មានចិននិងយួនពេញ”។

ពីឆ្នាំមួយទៅមួយឆ្នាំ រដ្ឋាភិបាលចំណាយថវិកាជាតិមានកើនឡើងជាបន្តបន្ទាប់។

កាលពីឆ្នាំ២០១១រដ្ឋាភិបាលចំណាយថវិកាជាតិ២៤៦៣លានដុល្លារ ឆ្នាំ២០១២ចំណាយអស់២៧៧៥លានដុល្លារ ឆ្នាំ២០១៣ចំណាយអស់៣១០០លានដុល្លារ ឆ្នាំ២០១៤ចំណាយអស់៣៣៥៧លានដុល្លារ និងឆ្នាំ២០១៥ចំណាយអស់៣៩០០លានដុល្លារ។

ក្នុងឆ្នាំ២០១៦នេះ រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិប្រហែលជា៤៣០០លានដុល្លារដែលកើនលើសឆ្នាំ២០១៥ចំនួន១៦ភាគរយ។

វ័យជាង៤០ឆ្នាំ ឈរក្បែរសាកលវិទ្យាល័យឯកជននៅក្នុងរាជធានីភ្នំពេញ លោក ម៉ៅ តាហុង បានរៀបរាប់ថារដ្ឋាភិបាលបានចំណាយថវិកាជាតិមួយចំនួនធ្វើផ្លូវ សាលារៀន មន្ទីរពេទ្យ បានច្រើនគួរសមដែរ។ ប៉ុន្តែលោកថា រដ្ឋាភិបាលត្រូវបង្ហាញរបាយការណ៍ពីចំណូលនិងចំណាយថវិកាជាតិនៅក្នុងសភាលើគម្រោងអភិវឌ្ឍន៍នានាឲ្យតំណាងរាស្ត្រដឹងពីករណីនេះ ដើម្បីឲ្យការចំណាយថវិកានោះមានតម្លាភាព កាត់បន្ថយភាពក្រីក្រ និងមិនមានអំពើពុករលួយ។ លោកបន្តថា៖ “ធ្វើស្អីមួយទាល់តែយើងរាយការណ៍ប្រាប់សាធារណៈជនឲ្យដឹងលុយដែលត្រូវចំណាយ ដូចថាផ្លូវត្រូវចំណាយប៉ុន្មាន ចំងាយប៉ុន្មាន ទាល់តែប្រាប់ប្រជាជនបានប្រជាជនដឹង ដើម្បីកុំឲ្យសង្ស័យថាពុករលួយ”។

អង្គការភាពជាដៃគូថវិកាអន្ដរជាតិបានវាយតម្លៃបង្ហាញថា កម្ពុជាទទួលបានពិន្ទុ៨លើពិន្ទុ១០០សម្រាប់សន្ទសន៍តម្លាភាពថវិកាជាតិ ដែលអង្គការនេះបង្ហាញថាពលរដ្ឋកម្ពុជាមានលទ្ធភាពតិចតួចក្នុងការទទួលបានព័ត៌មានពីការប្រើប្រាស់ថវិកាជាតិដោយរដ្ឋាភិបាលដែលពួកគេត្រូវយល់ដឹង។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចកម្ពុជាលោក ចាន់ សុផល មានប្រសាសន៍ថាថវិកាជាតិដែលរដ្ឋប្រមូលពន្ធបានពីប្រជាពលរដ្ឋក្នុងមួយឆ្នាំប្រមាណជាង៣ពាន់លានដុល្លារនោះ រដ្ឋាភិបាលបានយកទៅបែងចែកជាប្រាក់ខែអស់ស្ទើរពាក់កណ្តាលឲ្យទៅគ្រូពេទ្យ គ្រូបង្រៀន មន្ត្រីរាជការ ប៉ូលីស កងទ័ពជាដើម។ ដោយឡែកលោកថាថវិកាដែលសេសសល់ត្រូវបានរដ្ឋាភិបាលយកទៅចំណាយធ្វើស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ និងបណ្តាញអគ្គិសនីជាដើម។ លោក ចាន់ សុផល បន្តថាគិតត្រឹមឆ្នាំ២០១៤ កម្ពុជាកាត់បន្ថយភាពក្រីក្រពីជាង៥០%ធ្លាក់មកត្រឹមជាង១៣,៥%។ ប៉ុន្តែលោកថាដើម្បីកាត់បន្ថយភាពក្រីក្រឲ្យមានប្រសិទ្ធិភាពជាងនេះ មន្ត្រីរដ្ឋត្រូវធ្វើការងាររបស់ខ្លួនប្រកបដោយតម្លាភាពនិងកុំប្រព្រឹត្តអំពើពុករលួយ។ លោកបន្តថា៖ “ប្រាក់ចំណូលជាតិដែលបានយកទៅចំណាយ ក៏ឲ្យចំណាយកុំឲ្យមានអំពើពុករលួយ យើងកាត់បន្ថយអំពើពុករលួយថែមទៀត មានន័យថា ធ្វើឲ្យកម្មវិធីគម្រោងផ្សេងៗ ឬក៏ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗកាន់តែមានប្រសិទ្ធិភាពជាងមុន”។

តាមរបាយការណ៍អង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកាឆ្នាំ២០១៥របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាឲ្យដឹងថា ដើម្បីផ្សព្វផ្សាយព័ត៌មានឲ្យប្រជាពលរដ្ឋយល់ដឹងពីថវិកាជាតិ រដ្ឋាភិបាលត្រូវបង្ហាញឯកសារថវិកាដោយសាមញ្ញ មិនមានភាពបច្ចេកទេស ដើម្បីពួកគេយល់ដឹងអំពីហិរញ្ញវត្ថុសាធារណៈ យល់ដឹងកាន់តែច្បាប់នូវផែនការរដ្ឋាភិបាលក្នុងការបង្កើនចំណូលនិងចំណាយថវិកាសាធារណៈ។

របាយការណ៍ដដែលបន្តថាចាប់តំាងពីឆ្នាំ២០១៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្សព្វផ្សាយ “ថវិកាសង្ខេប” ដែលមានតួលេខចំណូល ចំណាយ និងការវាស់វែងម៉ាក្រូសេដ្ឋកិច្ចសរុបមួយចំនួន ប៉ុន្តែថវិកាសង្ខេបនោះមិនត្រូវបានចាត់ទុកជាឯកសារថវិកាសម្រាប់ប្រជាពលរដ្ឋដ៏ល្អនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ