តំណាងរាស្ត្របក្សប្រឆាំងអំពាវនាវឲ្យដោះលែងសកម្មជននៅខេត្តពោធិ៍សាត់

តំណាងរាស្ត្របក្សប្រឆាំងមណ្ឌលពោធិ៍សាត់ បានចេញលិខិតចំហមួយដោយអំពាវនាវឲ្យតុលាការខេត្តនេះ ដោះ​លែ​ង​​ស​កម្មជន របស់ខ្លួនដែលជាប់ពាក់ព័ន្ធនឹងការបង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីអំឡុងយុទ្ធនា​ការបោះឆ្នោតឃុំ សង្កាត់នោះ ឲ្យមានសេរីភាពវិញ ដោ​យអះអាងថា ការ​ឃុំ​​​ខ្លួ​​​ន​នោះបានរំលោកច្បាប់។

កា​លពីថ្ងៃទី២៧ខែឧសភា ប្រធានប្រតិបត្តិខេត្តពោធិ៍សាត់ របស់គណបក្សសង្គ្រោះជាតិ លោក យ៉ាន់ សេងហ៊ត ត្រូវបានសមត្ថកិច្ចឃុំខ្លួនក្រោយពីបើករថយន្តប៉ះក្មេងអាយុ៥ឆ្នាំម្នាក់ឲ្យរងរបួស។ បន្ទាប់មក​សា​លា​​ដំ​បូង​ខេត្តពោធិ៍សាត់ បានបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ចោទប្រកាន់ពីបទ​បង្ក​គ្រោះ​ថ្នា​​​ក់​​​ចរាចរណ៍​តាម​មាត្រា​៨៣ ស្តី​ពី​ច្បាប់​ចរារចរណ៍ជើងគោក។

លិខិតចុះថ្ងៃទី១៣កក្កដា តំណាងរាស្ត្រកណបក្សសង្រ្គោះជាតិ លោក ងឹម ញេង បានលើកឡើងថា លោក យ៉ាន់ សេងហ៊ត មិនបានធ្វើខុសដូចមាត្រា៨៣នៃច្បាប់ចរាចរណ៍ជើងគោកទេ។

លោក ងឹម ញេង អះអាងថា មាត្រា៨៣នៃច្បាប់ចរាចរណ៍ជើងគោកចែងថា ក្នុងករណី​គ្រោះថ្នាក់​ចរា​ចរ​ណ៍​​ទាំងឡាយដែលបណ្តាលឲ្យជនរងគ្រោះអសមត្ថភាពធ្វើការក្នុងរយៈពេលស្មើ ឬលើសពី៨ថ្ងៃ​ចា​ប់ពីថ្ងៃ​កើ​តហេ​តុ ទើ​បត្រូវផ្តន្ទាទោស។ ប៉ុន្តែលោកថា ករណីលោក យ៉ាន សេងហ៊ត កុមារងគ្រោះបា​​នបញ្ចូ​នចេញ​ពី​មន្ទីរ​ពេទ្យក្រោម៨ថ្ងៃនិងថាថ្លៃព្យាបាល និងចំណាយផ្សេ​ងត្រូវបានសកម្មជនរ​បស់ខ្លួន​​ជាអ្ន​កចេ​​ញទាំង​អស់។

ប​ន្ថែម​លើលិខិតចំហនេះ តំណាងរាស្ត្របក្សប្រឆាំងរូបនោះ អះអាងថា បើតុលាការនៅតែមិន​ទម្លាក់បទចោ​ទលើ​លោក យ៉ាន់ សេងហ៊ត ទេ លោកថាការបន្តឲ្យឃុំខ្លួននោះជារឿងនយោបាយ។

លោកថា៖ «និយាយរួមក្នុងតួនាទីជាតំណាងរាស្ត្រ ខ្ញុំស្នើធ្វើម៉េចឲ្យស្ថាប័នតុលាការហ្នឹងឯករាជ្យ ដោយ​ឈរលើ​មូលដ្ឋានច្បាប់ដើម្បីផ្លល់យុត្តិធម៌ជូនមហាជន ជាពិសេសប្រជាពល​រដ្ឋដែលគាត់​ទទួលបា​នផ​ល​ប្រ​យោ​ជន៍អំពីច្បាប់ហ្នឹង»។

អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ លោក ហេង ដូនីន សុំមិនធ្វើអត្ថាធិប្បាយករណីនេះទេ ដោយថា តុលាការមិនបានពិនិត្យខ្លឹមសារលិខិតរបស់តំណាងរាស្ត្របក្សប្រឆាំងនេះនៅឡើយ។

លោកថា៖ «លិខិតរបស់គាត់អាចដាក់ជូនមេធាវី មេធាវីអាចបញ្ជូនមកតុលាការមក។ ខ្ញុំឆ្លើយតប​បានតែ​ប​ណ្តឹ​ង»។

អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុរបស់អង្គការលីកាដូប្រចាំខេត្ត ពោធិ៍សាត់ លោក អេង ឈុន ហាន លើ​កឡើ​ងថា ការសម្រចយ៉ាងណាជាអំណាចរបស់តុលាការ ក៏ប៉ុន្តែលោកថា ករណីលោក យ៉ាន់ សេ​ងហ៊ត ដែលលោ​កថាជាមនុស្សស្លូតត្រង់ មានលំនៅឋានជាក់លាក់ និងបានទទួ​លខុសត្រូវ​សំណង​ដល់ជ​នរង​គ្រោះ​រួចរាល់​ហើយនោះ លោកថា គួរតែតុលារអនុញ្ញាតិឲ្យបាននៅក្រៅឃុំបណ្តោះអាសន្ន។

លោកថា៖ «អញ្ចឹងបានថា តុលាការលោក គួរតែពិចារណាក្នុងឆន្ទានុសិទ្ធិរបស់លោក​ឲ្យវាផ្អែកទៅលើអ្វីដែ​ល​ជា​​ព្យស​នកម្មនិងការសម្របសម្រួលដែលជនរងគ្រោះជនរងគ្រោះទទួលបាន»។

ក្នុងលិខិតចំហដដែល លោក ងឹម ញេង ក៏អំពាវនាវឲ្យចៅក្រមនិងព្រះរាជអាជ្ញានៅទូទាំងប្រទេស​គួរធ្វើសេ​ច​ក្តីសម្រេ​​​ចចិត្តឈរលើមនសិការនិងឧត្តមគតិរបស់ខ្លួន ដោយថាដើម្បីលើក​កម្ពស់ការជឿ​ទុករបស់​មហាជនទៅលើប្រព័ន្ធយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ