អាជ្ញាធរថៃ បាននិយាយនៅថ្ងៃអាទិត្យនេះថា ការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅបណ្ដាខេត្តភាគខាងត្បូងថៃ មានអ្នកជាប់ពាក់ព័ន្ធយ៉ាងច្បាស់ ហើយតម្រួតថៃបានចេញដីកាស្វែងរកចាប់ខ្លួនបុរសម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារមួយ។
កាសែតបាងកកប៉ុស្តិ៍របស់ថៃ បានផ្សាយថា ការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅភាគខាងត្បូងប្រទេសថៃ បានសម្លាប់មនុស្ស ៤នាក់ និងបង្ករបួសលើមនុស្ស ៣៥នាក់នោះ កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រកន្លងមក។
ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្ដីលោក ពង្សាផាត់ ពង្សចារឺន អគ្គស្នងការរងតម្រួតថៃ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានថា សកម្មភាពទាំងនោះ ត្រូវបានធ្វើឡើងដោយក្រុមមួយនៅតំបន់ជាច្រើន ក្រោយពីទទួលបញ្ជីបុគ្គលម្នាក់។
លោក ពង្សាផាត់ បានថ្លែងបន្តថា ដីកាចាប់ខ្លួន ត្រូវបានគេចេញហើយពាក់ព័ន្ធនឹងការវាយប្រហារបំផ្លាញទ្រព្យទៅក្នុងផ្សារទំនើបមួយកន្លែង ស្ថិតនៅក្នុងខេត្តណាខនស៊ីធម្មរ៉ាត់ កាលពីយប់ថ្ងៃព្រហស្បតិ៍៕