គណបក្សមួយស្នើទៅរដ្ឋាភិបាល រៀបចំកម្មវិធីនយោបាយ ដែលផ្ដល់ឪកាសដល់សិស្សទាំងជាប់ និងធ្លាក់ថ្នាក់ទី១២ ដើម្បីឲ្យពួកគេទទួលការងារល្អ ទៅថ្ងៃក្រោយ។
បន្ទាប់ពីប្រកាសលទ្ធផលប្រឡងបាក់ឌុបហើយនោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ថា រដ្ឋាភិបាល គួរបង្កើតឲ្យមានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅគ្រប់ស្រុក សម្រាប់សិស្សថ្នាក់ទី១២ ដែលបានប្រឡបជាប់ និងធ្លាក់ ដើម្បីឲ្យពួកគេទទួលបានការសិក្សាផ្នែកជំនាញ និងការងារសមរម្យទៅថ្ងៃអនាគត។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចេញផ្សាយនៅថ្ងៃទី១២កញ្ញានេះ។
គណបក្សមួយនេះស្នើថា សិស្សនិទ្ទេស A B និង C គួរទទួលបានអាហារូបករណ៍សម្រាប់សិក្សាបន្ដទៅថ្នាក់ឧត្តមសិក្សា ខណៈសិស្សនិទ្ទេស D និង E ដែលខ្វះខាតជីវភាព គួរទទួលបានប្រាក់កម្ចី ដើម្បីបានសិក្សាបន្ដ។ ចំណែកសិស្សប្រឡងធ្លាក់បាក់ឌុប ក៏គួរទទួលបានឪកាសរៀនពីអភិវឌ្ឍជំនាញផងដែរ។
បើតាមសេចក្ដីប្រកាសព័ត៌មាន ការប្រឡងបាក់ឌុបនៅឆ្នាំ២០១៧នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា បេក្ខជនដែលប្រឡងជាប់ដោយជោគជ័យមានចំនួន ៦៣ ៦៦៨នាក់ ឬស្មើនឹង ៦៣.៨៤ភាគរយ ក្នុងចំណោមបេក្ខជនដែលបានចូលរួមប្រឡងសញ្ញាបត្រទុតិយភូមិសរុបជិត ១០ម៉ឺននាក់៕