វិភាគ៖ តើការច្រានចោលសំណើសុំលើកលែងទោសអ្នកជាប់ឃុំឆ្លុះបញ្ចាំងដូចម្តេច?

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

មួយថ្ងៃក្រោយពីព្រះមហាក្សត្របញ្ជួនសំណើគណបក្សសង្រ្គោះជាតិដែលទួលព្រះអង្គសុំលើកលែងទោសអ្នកនយោបាយនិងសកម្មជនសិទ្ធិមនុស្សនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បកស្រាយមកកាន់ព្រះមហាក្សត្រវិញក្នុងន័យថាមិនអាចលើកលែងទោសអ្នកដែលកំពុងជាប់ឃុំទាំងនោះបានទេ ដោយអះអាងថាចំណាត់ការកន្លងមកជារឿងអនុវត្តច្បាប់របស់តុលាការ។

អ្នកដែលកំពុងមានក្តីក្តាំនៅតុលាការហើយភាគច្រើនកំពុងជាប់ឃុំនោះ គឺសរុប២៥រូបក្នុងនោះមានតំណាងរាស្ត្រនិងសកម្មជនគណបក្សសង្រ្គោះជាតិសរុប១៨រូប មន្រ្តីសិទ្ធិមនុស្សអាដហុក៤ មន្រ្តីគជប លោក នី ចរិយា អ្នកស្រី ទេព វន្នី សកម្មជនបឹងកក់ និងយុវជន គង់ រៃយ៉ា ដែលរដ្ឋាភិបាលចោទថាប៉ុនប៉ងធ្វើបដិវត្តពណ៌។ លើសពីនេះទៀត លោក សម រង្ស៊ី ក៏ត្រូវបានតុលាការកាត់ទោស២ឆ្នាំ ក្នុងសំណុំរឿងបរិហាកេរ្តិ៍ដែលប្តឹងដោយ លោក ហោ ណាំហុង។ ចំណែកលោក កឹម សុខា ត្រូវបានតុលាការកាត់ទោសចំនួន៥ខែ ពីបទបដិសេធមិនចូលខ្លួនទាក់ទងនឹងអ្វីដែលគេចោទថាលោកមានស្នេហាលួចលាក់។

លោក ហ៊ុន សែន បានបកស្រាយប្រាប់ព្រះមហាក្សត្រថាសំណុំរឿងអ្នកនយោបាយទាំងពីរនេះកំពុងស្ថិតក្នុងដៃតុលាការនៅឡើយនិងថាចំណាត់ការកន្លងមកគឺជាការអនុវត្តច្បាប់។

សម្រាប់លោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្វ្រែល លើកឡើងថា យោងតាមរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រមានព្រះរាជសិទ្ធិធានាការគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋ ការបន្ធូរបន្ថយ ឬការលើកលែងទោសនិងព្រះរាជតួនាទីជាអាជ្ញាកណ្តាល។

លោក គល់ បញ្ញា យល់ថាមេដឺកនាំកាន់អំណាចមិនអាចអព្យាក្រឹត្យនយោបាយដូចព្រះមហាក្សត្រទេ ព្រោះនាយករដ្ឋមន្រ្តីជាគូប្រកួតនយោបាយជាមួយមេដឹកនាំគណបក្សប្រឆាំង ដូចនេះលោកថាមានទំនាស់ផលប្រយោជន៍ខ្លាំងក្នុងការផ្តល់យោបល់ករណីនយោបាយបែបនេះ។

លោកមានប្រសាសន៍ថា៖ «លោកនាយករដ្ឋមន្រី្តក៏ជាអ្នកនយោបាយមេដឹកនាំគណបក្សកាន់អំណាច។យោបល់គាត់មិនអាចបង្ហាញពីជំហរអព្យាក្រឹត្យបានទេក្នុងរឿងទាក់ទិននឹងអ្នកទោសដែលជាអ្នកនយោបាយឬបញ្ហានយោបាយហឹ្នង ហើយជាពិសេសគណបក្សប្រឆាំងដែលមកប្រកួតប្រជែងជាមួយស្នាដៃខ្លួន»។

អ្នកវិភាគនិយាយថា តាមខ្លឹមសាររដ្ឋធម្មនុញ្ញព្រះមហាក្សត្រមានព្រះរាជសិទ្ធិលើកលែងទោសដល់ទណ្ឌិតណាម្នាក់ឬនាយករដ្ឋមន្រ្តីអាចស្នើទៅព្រះមហាក្សត្រសុំការលើកលែងទោស។

មកដល់ចំណុចនេះ លោក គល់ បញ្ញា បានរំលឹកពីស្នាព្រះហស្តរបស់អតីតព្រះមហាវីរក្សត្រសម្តេច សីហនុ ថា ព្រះអង្គធ្លាប់បានប្រើព្រះរាជតួនាទីលើកលែងទោសដល់អ្នកនយោបាយដោយមិនចាំបាច់មានសំណើពីនាយករដ្ឋមន្រ្តីនោះឡើយ។

លោកមានប្រសាសន៍ថា៖ «ពេលដើមមកបើតាមខ្ញុំដឹងអតីតព្រះមហាក្សត្រមុនការបោះឆោ្នត៩៨ហឹ្នង ក៏ព្រះអង្គសម្រេចចិត្តដោះលែងអ្នកទោសនិងអ្នកនយោបាយជាច្រើនទាក់ទងនឹងបញ្ហានយោបាយហឹ្នង។ ព្រះអង្គក៏លើកលែងទោសឲ្យដោយមិនចាំបាច់មានការសូមយោបល់ពីលោកនាយករដ្ឋមន្រី្តទេ»។

ខណៈស្ថានការណ៍នយោបាយត្រូវបានមជ្ឈដ្ឋានជាច្រើនមើលឃើញថាកំពុងតានតឹងនោះ គណបក្សប្រឆាំងបានសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រដោយថាមានស្នាមមដៃពលរដ្ឋរាប់ម៉ឺននាក់គាំទ្រផងដែរ។ ប៉ុន្តែមកដល់ពេលនេះមិនទាន់មានការកោះហៅឥស្សរជននយោបាយកំពូលៗចូលគាល់ព្រះអង្គដូចកាលពីឆ្នាំ២០១៤ បន្ទាប់ពីជាប់គាំងនយោបាយនិងមានបាតុកម្មជិតមួយឆ្នាំនោះទេ។

យ៉ាងណាក៏ដោយ លោកស្រី ជា វណ្ណាត អ្នកវិភាគបញ្ហាសង្គមបានមើលឃើញថាដំណោះស្រាយនយោបាយអាចនឹងកើតមានគ្រាន់តែថាមិនទាន់ពេល។

លោកស្រីមានប្រសាសន៍ថា៖ «បានន័យថាចង់ឲ្យចប់ការងាររបស់តុលាការសិនបើក្នុងន័យហឹ្នង។ ហើយមិនមែនជាការប្រកែកដាច់អហិង្កាឃើញថាខ្លួនធើ្វមិនបានទេ។ នៅមានច្រកចេញយើងសងឹ្ឃមថាស្ថាប័នធំៗខាងស្ថាប័នរាជបង្ល័ងខាងនីតិប្រតិបតិ្តអាចនៅថៃ្ងណាមួយពេលវេលាសមស្របណាមួយអាចមានដំណោះស្រាយជាវិជ្ជមានបាន»។

លោក ហ៊ុន សែន បានប្រកាសថា លោកនឹងកាត់ដៃខ្លួនឯងចោល ប្រសិនបើលោកចុះហត្ថលេខាទួលព្រះមហាក្សត្រសុំលើកលែងទោស លោក សម រង្ស៊ី ម្តងទៀត។

ថ្វីតែមេដឹកនាំកាន់អំណាចប្រកាសដូចនេះ តែលោកស្រី ជា វណ្ណាត យល់ថាអ្នកនយោបាយអាចបត់បែនបានគ្រប់កាលៈទេសៈ។

លោកស្រីយល់ថា៖ «ខ្ញុំថាយើងមិនគួរយកខែ្សទៅចង់នឹងពាក្យសំដីអីមួយ ពីព្រោះថាពាក្យសំដីហឹ្នងនៅពេលនោះ ឥឡូវមិនមែនពេលហ្នឹងទេ។ អី្វដែលពាក្យសំដីហឹ្នងជាអតីតកាលហឹ្នងហើយនៅពេលបច្ចុប្បន្ននិងនៅអនាគតទៅទៀត។ ចំពោះខ្ញុំ ខ្ញុំនៅមានសងឹ្ឃមថាប្រមុខដឹកនាំលោកក៏ចង់បានសេចកី្ដសុខចម្រើនការរួបរួមគ្នាការកសាងជាតិទាំងអស់គ្នាដែរ»។

យ៉ាងណាក៏ដោយអ្នកវិភាគមានសុទិដ្ឋិនិយមថា បើទោះជាលោក ហ៊ុន សែន ប្រកាសឈប់ធ្វើសំណើលើកលែងទោសឲ្យគូប្រកួតនយោបាយក៏ដោយ ប៉ុន្តែនៅតែមានច្រកចេញផ្សេងទៀត ពោលអាចមានប្រមុខរដ្ឋាភិបាលស្តីទីណាម្នាក់ជាអ្នកធ្វើសំណើទៅព្រះមហាក្សត្រសុំលើកលែងទោសអ្នកនយោបាយកំពូលរូបនោះ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា លើកឡើងថាយោងតាមរដ្ឋធម្មនុញ្ញព្រះមហាក្សត្រគឺជាតួអង្គដែលនាំមកនូវការឯកភាពជាតិ យុត្តិធម៌សង្គម និងធ្វើយ៉ាងណារក្សាឲ្យកម្ពុជាមានសុខសន្តិភាព។ លោកយល់ថា ព្រះមហាក្សត្រគួរតែប្រើព្រះរាជតួនាទីរបស់ព្រះអង្គដើម្បីស្វែងរកឲ្យមានការឯកភាពជាតិពិតប្រាកដ។ លោកមានប្រសាសន៍ថា៖ «ក៏ប៉ុន្តែការសម្រេចចិត្តណាមួយគឺអាស្រ័យលើព្រះរាជសម្រេចចិត្តរបស់ព្រះអង្គផ្ទាល់។ ក៏ប៉ុន្តែជាទស្សនៈរបស់ខ្ញុំៗ គិតថានៅពេលដែលមានកាលៈទេសៈស្ថានការណ៍នយោបាយមិនអំណោយផល មានការប្រទាំងប្រទើសដាក់គ្នាបែបនេះ ខ្ញុំគិតថាព្រះករុណាគួរតែធ្វើការសម្របសម្រួល ហើយធ្វើឲ្យមានការឯកភាពជាតិ ទើបធ្វើឲ្យកម្ពុជាយើងមានសន្តិសុខ មានសន្តិភាព និងឯកភាពជាតិពិតប្រាកដនោះ »។

សូមរំលឹកថា លោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសចំនួនពីរដងមកហើយ។ ការលើកលែងទោសចុងក្រោយគឺនៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៣មិនដល់មួយខែផង។

លោកស្រី ជា វណ្ណាត លើកជាយោបល់ថាគណបក្សសង្រ្គោះជាតិ គួរដាក់សំណើសុំលើកលែងទោសនេះទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មុននឹងដាក់ទៅព្រះមហាក្សត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ