លោក ហ៊ុន សែន ស្នើ​ទៅ​ ដូណាល់ ត្រាំ ឲ្យ​លុប​បំណុលចាស់ និង​បង្វែរ​ជា​ជំនួយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (FB: លោក ហ៊ុន សែន)

មេដឹកនាំ​កម្ពុជា ​បាន​បន្ត​ស្នើ​ទៅ​មហា​អំណាច​អាមេរិក និង​រុស្ស៊ី ឲ្យ​លុប​ចោល​បំណុល​ដែល​កម្ពុជា​ជំពាក់​ប្រទេស​ទាំង​ពីរ និង​បង្វែរ​បំណុល​នោះ​ទៅ​ជា​ជំនួយ​វិញ។

លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ចូល​រួម​កិច្ច​ប្រជុំអាស៊ាន​រយៈ​ពេល ៣​ថ្ងៃ​នៅទីក្រុង​ម៉ានីល ​ប្រទស​ភីលីពីន ជា​ទីដែល​លោក​អះ​អាង​ថា លោក​បាន​ជួប​ជជែក​ផ្ទាល់​មាត់​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​នាយករដ្ឋ​មន្ត្រី​រុស្ស៊ី លោក ឌីមេទ្រី ម៉េដវ៉េឌេវ​ នៅ​ក្រៅ​កិច្ច​ប្រជុំ​នោះ។

លោក ហ៊ុន សែន បាន​រៀបរាប់​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​ថា លោក​បាន​ស្នើ​ទៅ​​លោក ដូណាល់ ត្រាំ ឲ្យ​លុប​ចោល​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​កាល​ពី​ជំនាន់​សាធារណៈ​រដ្ឋ​ខ្មែរ​ទសវត្សរ៍ ១៩៧០។ លោក ហ៊ុន សែន បាន​ប្រៀប​ធៀប​បំណុល​នោះ​ទៅ​នឹង​ញញួរ​ដែល​អាមេរិក​យក​មក​វាយ​លើ​ក្បាល​កម្ពុជា​ហើយ ថែម​ទាំង​ទារ​ថ្លៃ​ញញួរ​នោះ​ថែម​ទៀត។

លោក ហ៊ុន សែន រៀបរាប់​លើ​ហ្វេសប៊ុក​លោក​ថា៖ «យើងខ្ញុំបានស្នើសុំថា យើងខ្ញុំសង ប៉ុន្តែសុំស្នើឲ្យអាមេរិកបង្វែរបំណុលនោះ មកជួយដល់កម្ពុជាវិញ។ ចំណុចនេះ គឺជាចំណុចដែលយើងខ្ញុំស្នើសុំឲ្យឯកឧត្តមធ្វើការពិចារណា ព្រោះថា វាប្រៀបដូចជាយកញញួរមកវ៉ៃយើងខ្ញុំហើយ ឲ្យយើងខ្ញុំសងថ្លៃញញួរហ្នឹងទៅទៀត ព្រោះជំនួយនេះ មិនដឹងថា គេយកមកធ្វើអី? ហើយគេទិញអាវុធយកមកធ្វើសង្គ្រាមនៅកម្ពុជា​ក្នុងពេលដែលខ្ញុំនៅក្មេងៗនៅឡើយ»។

ទោះជាយ៉ាងណា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ពុំ​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​អ្វី​ដែល​លោក ដូណាល់ ត្រាំ ឆ្លើយ​តប​ទៅ​រូប​លោក​នោះ​ទេ ជុំ​វិញ​បញ្ហា​បំណុល​នេះ។

​លោក ហ៊ុន សែន ក៏​បាន​លើក​យក​បញ្ហា​បំណុល​កម្ពុជា​ជំពាក់​រុស្ស៊ី​ទៅ​ជជែក​ជាមួយ​លោក ឌីមីទ្រី ម៉េដវ៉េដេវ ផង​ដែរ នៅ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​មេដឹកនាំ​រុស្ស៊ី​រូប​នេះ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​កន្លង​មក​នេះ។ ​លោក​បន្ថែម​ថា មេដឹកនាំ​រុស្ស៊ី​បាន​ស្វាគមន៍​សំណើ​របស់​កម្ពុជា និង​ថា រុស្ស៊ី​នឹង​បង្កើត​ក្រុម​ការងារ​មួយ ដើម្បី​ជួយ​ដោះ​ស្រាយ​បំណុល​ដែល​កម្ពុជា​ជំពាក់។

ជាច្រើន​ឆ្នាំ​មក​​ហើយ​ទាំង​នៅ​ក្នុង​រដ្ឋការ​អតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​ទៅ​អាមេរិក​ឲ្យ​លុប​ចោល​បំណុល​​នេះ និង​បង្វែរ​ទៅ​ជា​ជំនួយ​មនុស្ស​ធម៌​វិញ ​ ប៉ុន្តែ អាមេរិក​បាន​ច្រាន​ចោល​សំណើ​របស់​កម្ពុជា ដោយ​លើក​ឡើង​ថា ការណ៍​ដែល​កម្ពុជា​មិន​សង​បំណុល​របស់​ខ្លួន នឹង​បង្កើត​នូវ​ទម្លាប់​មិន​ទទួល​ខុស​ត្រូវ ខណៈ​ដែល​កម្ពុជា​មាន​លទ្ធភាព​សង​ត្រឡប់​ទៅ​វិញ​នោះ។

របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា កម្ពុជា​ជំពាក់​បំណុល​បរទេស​ជាង ៦​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ ៧០​ភាគរយ ជា​បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន ខណៈ​ដែល​បំណុល​កម្ពុជា​ជំពាក់​អាមេរិក​ទាំង​ដើម​ទាំង​ការ​ប្រាក់​មាន​ទំហំ​ប្រហែល ៣០០​លាន​ដុល្លារ ហើយ​កម្ពុជា​ជំពាក់​រុស្ស៊ី​ជាង ៤៥០​លាន​ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ