«ជាក់ស្តែងនៅខេត្តព្រះសីហនុតំបន់សេដ្ឋកិច្ចពិសេសត្រូវបានគេប្តូរឈ្មោះទៅជាទីក្រុងចិន ឈ្មោះសិនជិន …ការវិនិយោគមានច្រើនតែកម្មករបានទទួលប្រយោជន៏តិច…»។
នេះជាការលើកទ្បើងរបស់លោក អាន រ៉ាម៉ា មន្រ្តីសម្របសម្រួលប្រចាំតំបន់របស់សហភាពការងារ ឬ ហៅកាត់ថា CLC ប្រចាំតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ លោកបានឲ្យដឹងថា បច្ចុប្បន្នទំហំនៃការវិនិយោគតំបន់សេដ្ឋកិច្ចពិសេសមានទំហំធំ ប៉ុន្តែកំណើននៃការវិនិយោគនេះ បានផ្តល់ប្រយោជន៍តិចតួចនៅទ្បើយដល់កម្មករ។
ការប្រើប្រាស់កិច្ចសន្យាខ្លី និងការខ្វះចន្លោះ នៃការគ្រប់គ្រងចំនួនកម្មករបរទេសនៅមិនទាន់បានល្អ ហើយកំពុងជាបញ្ហាប្រឈមនៅឡើយ។ លោក អាន រ៉ាម៉ា បានឲ្យដឹងទៀតថា ពីមុនមកមានតែបុគ្គលិកមានតួនាទីធំទេ ជាជនជាតិចិន ប៉ុន្តែបច្ចុប្បន្ន កម្មករតូចតាច ក៏មានជនជាតិចិនដែរ ដែលជាហេតុនាំឲ្យកម្មករខ្មែរ ជួបវិបត្តិខ្វះទីផ្សារការងារ។
លោក អាន រ៉ាម៉ា «បើតាមច្បាប់ គឺមានកំណត់ចំនួនកម្មករបរទេស ជាភាគរយច្បាស់លាស់…មិនមានអ្នកណា យកអើពើ …សព្វថ្ងៃ មានកម្មករចិនចូលមកច្រើនណាស់…ប៉ះពាល់ទីផ្សារការងារកម្មករខ្មែរ…»។
បញ្ហាស្រដៀងនឹងខេត្តព្រះសីហនុនេះ គឺក៏កើតឡើងនៅឯរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ក្រុងបាវិត ហើយក៏ធ្លាប់មានករណីកម្មករផ្ទុះការតវ៉ា នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាធេន និងតាយសេង កាលពីឆ្នាំ២០១៥កន្លងទៅ។ កម្មករចង់ឲ្យមានប្រាក់ឈ្នួល និងលក្ខខណ្ឌការងារល្អ។
បញ្ហានេះ លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធ សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា ដែលបានតាមដានករណីនេះ យល់ឃើញថា ដំណើការបង្កើតតំបន់សេដ្ឋកិច្ចពិសេស មិនសូវមានតម្លាភាព ទើបធ្វើឲ្យមានបញ្ហាដល់កម្មករ។ លោកថា ការធ្វើច្បាប់ហាក់ជួយដល់និយោជក ជាជាងជួយដល់ប្រយោជន៏កម្មករ ដែលនេះជាហេតុនាំឲ្យមានការរំលោភសិទ្ធិកម្មករ។
លោក ស ម៉ូរ៉ា៖ «យើងផ្តោតលើការបង្កើតច្បាប់…មិនមានការរឹតត្បិតសេរីភាព ទើបមិនប៉ះពាល់សិទ្ធិកម្មករ…មិនបម្រើប្រយោជន៏នាយទុន…»។
លោក ស ម៉ូរ៉ា ចង់ឲ្យមានការយកចិត្តទុកដាក់ចំពោះអ្នកបង្កើតគោលនយោបាយ និងអ្នកតាក់តែងច្បាប់ ដើម្បីធានាឲ្យបាននូវការគោរពច្បាប់ និងសិទ្ធិកម្មករ និងមានលក្ខខណ្ឌការងារល្អ។ ក្រៅពីនេះ លោក ស ម៉ូរ៉ា សូមឲ្យមានតំណាងសហជីព អាចចេញចូលតំបន់សេដ្ឋកិច្ចពិសេស ដើម្បីជួយដោះស្រាយក្នុងករណីមានវិវាទការងារ ឬការរំលោភសិទ្ធិកម្មករ។
លោក ស ម៉ូរ៉ា៖ «ពេលមានឧស្សាហកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេស យើងឃើញថា ច្បាប់មាន តែវាការពារប្រយោជន៍វិនិយោគទុន…រឹតបន្តឹងសេរីភាពសហជីព…»។
ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស គឺដើម្បីជួយដល់សេដ្ឋកិច្ចជាតិ និងបានផ្តល់ការងារច្រើនដល់កម្មករក្នុងតំបន់ ខណៈដែលតំបន់សេដ្ឋកិច្ចខ្លះ កម្មករប្រឈមនឹងការបំពានសិទ្ធិ។
លោកស្រី ឆន សុខា ប្រធានកម្មវិធី នៃជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានមានប្រសាសន៏ថា និយោជក និងអ្នកពាក់ព័ន្ធត្រូវគោរពច្បាប់ឲ្យបានល្អ ដើម្បីឲ្យមានផលប្រយោជន៏ស្មើគ្នា រវាងកម្មករ និងនិយោជក ចៀសវាង ការរឹតត្បិតសិទ្ធិកម្មករ។
លោកស្រី ឆន សុខា៖ «យើងចង់ឲ្យផលប្រយោជន៏មានតុល្យភាពរវាងរដ្ឋាភិបាល កម្មករនិងនិយោជក…បើសិទ្ធិកម្មករ មិនបានអនុវត្តរឹតត្បិតសិទ្ធិកម្មករ…»។
ក្នុងចំណោមដំណោះស្រាយ កាត់បន្ថយការរំលោភសិទ្ធិកម្មករ បញ្ហាប្រាក់ឈ្នួលក៏ជារឿងសំខាន់ដែលត្រូវផ្តោត។
ចំណុចនេះ ត្រូវបានលោកស្រី យ៉ាង សុភ័ណ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ហៅកាត់ កាទូ យល់ឃើញថា រដ្ឋាភិបាលគួរធ្វើការសិក្សាមួយឲ្យច្បាស់ ពីបញ្ហាប្រាក់ឈ្នួល សមស្របនឹងតម្លៃទំនិញលើទីផ្សារបច្ចុប្បន្ន និង ជាការជួយសម្រួលបន្ទុកគ្រួសាររបស់កម្មករ។ លោកស្រី ទទួលស្គាល់ និងសារទរផងដែរ ចំពោះការតម្លើងប្រាក់ឈ្នួលថ្មីឆ្នាំ២០១៨ តែយ៉ាងនេះក្តីលោកស្រីនៅតែទទូចឲ្យមានការយកចិត្តទុកដាក់បន្ថែម ខណៈការគោរពសិទ្ធិនៅមិនទាន់ល្អ។
លោកស្រី យ៉ាង សុភ័ណ៖ «បើរដ្ឋាភិបាល យកចិត្តទុកដាក់ចំពោះកម្មករពិតមែន ត្រូវមានការសិក្សាពីជីវភាពនិងកំណត់ចំនួនប្រាក់ឈ្នួល១ជាក់លាក់ដល់់កម្មករ…កម្មករមានបន្ទុកច្រើនក្រៅពីខ្លួនឯង»។
ទាក់ទងនឹងបញ្ហានេះ VOD មិនអាចសុំការបភ្លឺពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទេ ដោយទូរស័ព្ទហៅចូល តែមិនមានអ្នកទទួល។
ទោះជាយ៉ាងណា ការលើកទ្បើងពីការរំលោភសិទ្ធិកម្មករក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបាន លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បដិសេធ ថា មិនមានករណីនេះ កើតទ្បើ ងទេ។ លោកថា យើងមិនអាចយកចំណុចតូច១ រួចមកវាយតំលៃជារួមទៅលើស្ថានភាពការងាររួមរបស់ កម្មករ បាន ទេ ហើយថា បើមានករណីខ្វះចន្លោះ យើងនឹងកែសម្រួល។
លោក កាំង ម៉ូនីកា៖ (មិនមានបញ្ហានេះកើតទ្បើងទេ…ជាទូទៅយើងអនុវត្តលក្ខខណ្ឌការងាររបស់បងប្អូនកម្មករបានល្អលើសលុបទៅតាមច្បាប់ជាតិនឹងអន្តរជាតិ…)។
ការស្រាវជ្រាវថ្មីមួយរបស់អង្គការ Focus on the Global South ចេញផ្សាយក្នុងឆ្នាំ២០១៧ បានរកឃើញថា បញ្ហាប្រឈម ដែលកម្មករនៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងប្រទេសកម្ពុជាកំពុងប្រឈម មានដូចជា ការបំពានសិទ្ធិ បញ្ហាប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។
បច្ចុប្បន្នប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសប្រមាណ ២០កន្លែង ប៉ុន្តែ មានតែតំបន់សេដ្ឋកិច្ចពិសេស៤ ប៉ុណ្ណោះ ដែលមានដំណើរការការងារសកម្ម រួមមានតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងភ្នំពេញ ខេត្តព្រះសីហនុ ក្រុងបាវិត ខេត្តស្វាយរៀង និងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តបន្ទាយមានជ័យ។ បើគិតចំនួនកម្មករដែលកំពុងធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងខេត្តព្រះសីហនុ មានចំនួនចន្លោះពី១៣ ០០០នាក់ ទៅ ១៦ ០០០នាក់ គិតចាប់ពីឆ្នាំ២០១៦មក៕
ដោយ ឈឹម ស្រីពៅ