ទាហានកូរ៉េខាងជើងរត់ចេញពីប្រទេសរងការបាញ់​​៥គ្រាប់

ទាហានកូរ៉េខាងជើងម្នាក់ដែលរត់ចេញពីប្រទេសឆ្លងដែន​តាមតំបន់មិនមានយោធាប្រឈមគ្រោះថ្នាក់ចូលក្នុងទឹកដីកូរ៉េខាងត្បូង ត្រូវទាហានឈាមព្រំដែនកូរ៉េខាងជើងបាញ់គ្រាប់ចូលក្នុងខ្លួនចំនួន​៥ ហើយពេលនេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។​

កាលពីថ្ងៃចន្ទម្សិលមិញ ទាហានម្នាក់របស់កូរ៉េខាងជើងបានរត់គេចចេញពីប្រទេសរបស់ខ្លួនចូលក្នុងប្រទេសកូរ៉េខាងត្បូងតាមតំបន់ការពារសុវត្ថិភាពរួមគ្នានៅក្នុងភូមិមួយឈ្មោះ Panmunjom។​

តាមមន្ត្រីយោធារបស់កូរ៉េខាងត្បូងបានថ្លែងថា ដំបូងឡើយទាហានកូរ៉េខាងជើងរូបនោះបានធ្វើដំណើរតាមរថយន្តប៉ុន្តែដោយសារមានការបាញ់ប្រហារហើយធ្វើឲ្យរថយន្តនោះបែកកង់ ទើបយោធារូបនេះសម្រេចចុះរត់ដោយជើង​ ទាំងប្រឈមនិងការបាញ់ប្រហារពីយោធាកូរ៉េខាងជើង​ប្រមាណ​៤០គ្រាប់។​

ប៉ុន្តែតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយ៉ុងហាប់បានឲ្យដឹងថា ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់របស់កូរ៉េខាងត្បូង បានជួយសង្គ្រោះហើយវះកាត់បានគ្រាប់ចំនួន​៥ ហើយសង្ស័យថា មានគ្រាប់ចំនួនពីរទៀតនៅក្នុងខ្លួន។ ស្ថានភាពទាហានរូបនេះ​ធ្ងន់ធ្ងរនៅមិនទាន់ដឹងខ្លួននៅឡើយ ហើយការដកដង្ហើមត្រូវការឧបករណ៍ជំនួយ។

រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក​ Song Young-moo ថ្លែងនៅក្នុងសភាថា នេះជាករណីទី១ហើយដែលកូរ៉េខាងតាមបាញ់ដល់លើទឹកដីកូរ៉េខាងត្បូង។ សភាកូរ៉េខាងត្បូងកំពុងតែពិភាក្សាករណីកូរ៉េខាងជើងបាញ់ប្រហារដោយបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា។​

​របាយការណ៍របស់រដ្ឋាភិបាលកូរ៉េខាងត្បូងបង្ហាញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋកូរ៉េខាងជើង​ប្រមាណ១០០០នាក់ រត់ឆ្លងដែនចូលក្នុងប្រទេសកូរ៉េខាងត្បូងរាល់ឆ្នាំដោយសារតែបញ្ហាគំនៀបផ្សេងៗ។​ អ្នកទាំងនោះរត់ចេញតាមតំបន់ដែលគ្មានយោធាយាមជាកន្លែងដែលពិបាកក្នុងការគ្រប់គ្រង។​ គិតចាប់ពីការបែងចែកប្រទេសជាពីរកាលពីឆ្នាំ១៩៥៣មក ប្រជាជនកូរ៉េខាងជើង​ជាង ៣០ ០០០នាក់រត់ឆ្លងដែនចូលកូរ៉េខាងត្បូងគឺភាគច្រើនពួកគេឆ្លងតាត់តាមព្រំដែននៃប្រទេសចិនហើយចូលទៅកូរ៉េខាងត្បូង។​

ចិនតែងតែចាត់ទុកជនជាតិកូរ៉េខាងជើងរត់គេចចេញពីប្រទេសទាំងនេះជា ជនអន្តោប្រវេសខុសច្បាប់ មិនមែនអ្នកស្វែងរកសិទ្ធិជ្រកកោណនោះទេ ហើយតែងតែចាប់បញ្ជូនអ្នកទាំងនោះត្រលប់ទៅកូរ៉េខាងជើងវិញ។​

នៅថ្ងៃអង្គារនេះសារព័ត៌មានBBC ចុះផ្សាយថា ប្តីប្រពន្ធជនជាតិកូរ៉េខាងជើងរួមទាំងកូនប្រុសអាយុ៤ឆ្នាំម្នាក់ដែលរត់គេចចេញពីប្រទេសកំពុងជាប់ឃុំនៅក្នុងប្រទេសចិន ហើយត្រៀមបញ្ជូនទៅកាន់កូរ៉េខាងជើងវិញ។​

បុរសជាស្វាមីជនជាតិកូរ៉េខាងជើងរូបនោះបានសុំអង្វរកុំឲ្យចិនបញ្ជូនពួកគេត្រលប់ទៅកូរ៉េខាងជើងវិញ បើមិនដូច្នោះទេ ពួកគេប្រឈមនឹងការជាប់ពន្ធនាគារនៅកន្លែងអ្នកទោសនយោបាយ ឬ ត្រូវអាជ្ញាធរកូរ៉េខាងជើងសម្លាប់។​ ពួកគេស្នើសុំឲ្យអាជ្ញាធរចិនបញ្ជូនទៅកូរ៉េខាងត្បូង ប៉ុន្តែមិនទាន់មានការសម្រេចពីយ៉ាងណានៅឡើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ