ក្រុម​កម្មករ​បារម្ភ​ពី​ការ​បាត់​បង់​ការងារ​ ក្រោយ​រោងចក្រ​ត្រូវ​ភ្លើង​ឆេះ

ភ្លើងឆេះគារ​ចំនួន២ នៃ​រោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតក្នុងសួនឧស្សាហកម្ម​វឌ្ឍនៈ

អគារ​ចំនួន ២ នៃ​រោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតក្នុងសួនឧស្សាហកម្ម​វឌ្ឍនៈ នៅ​ក្នុង​ខណ្ឌពោធិសែនជ័យ ត្រូវភ្លើងឆេះទាំងស្រុងនៅថ្ងៃនេះ ដែល​ជំរុញក្រុម​កម្មករ​រាប់​ពាន់​នាក់​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​ការងារ​របស់​ពួកគេ។

តំណាង​រោងចក្រម៉ាកាឡូត ៥ ដែលស្នើ​សុំមិនបញ្ចេញឈ្មោះ បាន​ប្រាប់វីអូឌី​នៅ​កន្លែង​កើត​ហេតុ​ថា អគារ​រោងចក្រ​នោះ ត្រូវ​ភ្លើង​ឆាប​ឆេះ​តាំង​ម៉ោង ៤​ទៀប​ភ្លឺ ដោយ​សង្ស័យ​ថា បណ្ដាល​មក​ពី​​ឆ្លង​ចរន្ត​អគ្គិសនី។ តំណាង​រោងចក្រ​ដដែល​នេះ បាន​អះ​អាង​ថា អគ្គិភ័យ​នេះ​បង្ក​ឲ្យ​​ខាត​បង់​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​សុរប​ជាង ៥​លាន​ដុល្លារ។

នាយរងការិយាល័យពន្លត់​អគ្គីភ័យនៃរាជធានីភ្នំពេញដែលដឹកនាំកំលាំងចុះអន្តរាគមន៍ករណីនេះ លោក គង់ ថូ ឲ្យដឹងថា រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង ៣០​គ្រឿង ត្រូវ​បាន​បញ្ជូន​ទៅ​ពន្លត់​អគ្គិភ័យ​នេះ ហើយ​បង្ក្រាប​បាន​ទាំង​ស្រុង​នៅ​ម៉ោង​ប្រហែល ១០​ព្រឹក។

បើ​ទោះបី​មិន​អាច​បញ្ជាក់​អំពី​មូល​ហេតុ​នៃ​អគ្គិភ័យ​នេះ​ក៏ដោយ ក៏​មន្ត្រី​នគរបាល​រូប​នេះ បាន​សង្ស័យ​ថា អាចបណ្តាលមកពីឆ្លង​ចរន្ត​ខ្សែភ្លើង។

លោកបន្ថែមថា៖ «អូ! នេះនិយាយទៅវាឆេះអស់ ១០០%ហើយ មួយអគារនេះ វាទៅទាំងអស់ហើយ យើងទប់កុំឲ្យតែរាលសងខាងតើ។ យើងមិនទាន់អាចសណ្ថានបានទេ ព្រោះរោងចក្របិទទ្វារ អញ្ចឹងព័ត៌មានពេលយើងទទួលបានពីខាងរោងចក្រ យើងចេញមកជួយអន្តរាគមន៍ទៅ តែរឿងមូលហេតុអី យើងមិនទាន់អាចសន្និដ្ឋានបានទេ»។

ក្រោយរោងចក្រត្រូវភ្លើងឆេះ ក្រុមកម្មករបានបង្ហាញការព្រួយបារម្ភពីការបាត់បង់ការងារធ្វើ ដោយមិនដឹងថា ភាគីរោងចក្រនៅតែបន្តឲ្យពួកគេធ្វើការងារទៀត ឬយ៉ាងណានោះទេ។

តំណាងកម្មករផ្នែកដេរម្នាក់ អ្នកស្រី សេង សារិទ្ធ រៀបរាប់ថា ប្រសិនបើថៅកែរោចក្រកាត់បុគ្គលិកចោលខ្លះ នឹងធ្វើឲ្យប៉ះពាល់ដល់​កម្មករ។ អ្នកស្រី​បន្ថែម​ថា ភ្លាមៗចំពោះមុខនេះ ពួកគាត់​មិនអាចរកការងារបានធ្វើនោះទេ។

អ្នកស្រីសុំឲ្យថៅកែរោងចក្រ និងភាគីពាក់ព័ន្ធជួយដោះស្រាយ ដោយធ្វើយ៉ាងណាជួយសម្រួលឲ្យកម្មករបានបន្តការងារ ដោយមិនមានការកាត់បន្ថយកម្មករចេញ។

អ្នកស្រីបន្ថែមថា៖ «និយាយទៅ ពួកខ្ញុំសោកស្តាយខ្លាំងណាស់ ដោយសារនៅថ្ងៃសុក្រហ្នឹង រោងចក្រប្រជុំកម្មករដើម្បីរកវិធីថា អ្នកណាបន្តធ្វើខ្លះ ហើយ​អ្នកណាត្រូវ​ទៅ ហើយខ្ញុំជឿជាក់ថា ថៅកែមិនចោលកូនចៅនោះទេ ព្រោះរោងចក្រនេះ កម្មករសុទ្ធតែល្អៗទាំងអស់ មិនមានបញ្ហាទេ»។

ប្រធានក្រុមអធិការកិច្ចការងារទី៣ នៃក្រសួងការងារ ដែលចុះសង្កេតដល់កន្លែងកើតហេតុផ្ទាល់ លោក អ៊ូ រតនា លើកឡើងថា ពីរបីថ្ងៃខាងមុខទៀត ក្រសួងនឹងកោះហៅភាគីរោងចក្រ តំណាងកម្មករ ដើម្បីពិភាក្សាដោះស្រាយបញ្ហារបស់កម្មករអំឡុងពេលសម្រាកជួសជុលរោងចក្រឡើងវិញ។

លោកប្រាប់​អ្នក​សារព័ត៌មានថា៖ «ក្នុងនាមខ្ញុំតំណាងក្រសួងការងារក៏បានពិភាក្សារជាមួយលោកនាយកក្រុមហ៊ុនមិញហើយថា នឹងមានការបើកកិច្ចប្រជុំមួយដើម្បីពិភាក្សារពីបញ្ហាត្រូវសម្រាក ដើម្បីរង់ចាំការជួសជុលរោងចក្រហ្នឹងឲ្យហើយ ហើយ​លោកនាយកក៏មានឆន្ទៈចូលរួមដោះស្រាយបញ្ហាហ្នឹងដែរ»។

តំណាងក្រុមហ៊ុនឲ្យដឹងថា រោងចក្រម៉ាកាឡូ៥មានកម្មករបម្រើការងារសរុបជាង ២ពាន់នាក់ ប៉ុន្តែ បានបដិសេធ​មិន​បក​ស្រាយ​យ៉ាង​ណា​នោះ​ទេ ទាក់​ទង​ទៅ​នឹង​អនាគត​របស់​ក្រុម​កម្មករ នៅ​ក្រោយ​ហេតុការណ៍​អគ្គិភ័យ​នេះ។

របាយកាណ៍របស់សមត្ថកិច្ចឲ្យដឹងថា គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​នេះ អគ្គិភ័យ ៧៦ករណី បាន​កើត​ឡើង​​ទូទាំង ក្នុងនោះករណីអគ្គិភ័យ​ធំៗមាន ១០លើក ដោយបណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ និងរបួស ១២នាក់ ក្នុង​នោះ​មាន​ស្ត្រី ៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ